​ចៅក្រម​៩រូប​ជា​អ្នក​​សម្រេច​ករណី​រំលាយ CNRP ក្នុង​នោះ​៥រូប​មក​ពី CPP

សវនាការតុលាការកំពូល នៅថ្ងៃស្អែក នឹងមានចៅក្រមកាត់ក្ដី ចំនួន៩រូប និងព្រះរាជអាជ្ញាមួយរូប ដែលត្រូវបានតែងតាំង ឲ្យមកកំណត់ជោគវាសនា ក្នុងការរំលាយ ឬមិនរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ។ ពីក្នុងចំណោមនោះ ចៅក្រមច្រើននាក់ និងព្រះរាជអាជ្ញាផង សុទ្ធសឹងជាមនុស្សជំនិត របស់គណបក្សប្រជាជនកម្ពុជា។
​ចៅក្រម​៩រូប​ជា​អ្នក​​សម្រេច​ករណី​រំលាយ CNRP ក្នុង​នោះ​៥រូប​មក​ពី CPP
ក្លោងទ្វាតុលាការកំពូល និងមហាអយ្យការ (អតីតមន្ទីររដ្ឋសភាចាស់)។ (រូបថត MONOROOM.info)

ចៅ​ក្រម​ទាំង ​៩ រូប​ រួម​​មាន​ លោក ​ឌិត មន្ទី ប្រធានតុលាការ​កំពូល​ និងសមា​ជិក ៨ រូប ផ្សេង​ទៀត មាន​លោក ជីវ កេង - លោក​ ឃឹម ប៉ុណ្ណ​ - លោក​​ យូរ ឧត្តរា - លោក​​ គង់ ស្រ៊ីម -លោក គង់ តារាឆាត - លោក សេង នាង - អ្នកស្រី សែម សក្កិកូឡា និង​អ្នក​ស្រី ចាំង ស៊ីណាត។ ចំណែក​​​អគ្គ​ព្រះ​រាជ​អាជ្ញា ​គឺ​អ្នក​ស្រី​ ជា លាង។ នេះ បើតាមលោក នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍។

នៅក្នុងបញ្ជីសមាជិក​គណបក្សប្រជាជនកម្ពុជា លោក​ ឌិត មន្ទី​ ​គឺ​ជា​សមាជិកជាន់ខ្ពស់ម្នាក់ ​នៅ​ក្នុង​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍ គណៈកម្មការប្រចាំការ និងគណៈកម្មការកណ្ដាលរបស់គណបក្ស។ ខណៈលោក ឃឹម ប៉ុណ្ណ​ អនុប្រធានតុលាការកំពូល ក៏ជា​សមាជិកមួយរូប នៃ​គណ​កម្មា​ធិការ​កណ្តាល ​របស់​គណ​បក្ស​កាន់អំណាចមួយនេះដែរ។

រីឯលោក ជីវ កេង អនុប្រធានតុលាការកំពូល ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីចុះ«ពង្រឹងមូលដ្ឋាន» នៅក្នុងខេត្តតាកែវ។ អ្នកស្រី សែម សក្ដិកូឡា និងអ្នកស្រី ចាំង ស៊ីណាត ក៏ធ្លាប់មានឈ្មោះ នៅក្នុងសមាជិកក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវដូចគ្នាដែរ។

ដោយឡែក អ្នកស្រីអគ្គព្រះរាជអាជ្ញា ជា លាង វិញ ដែលមានតំណែងជាព្រះរាជអាជ្ញា អមសាលាក្ដីវិសាមញ្ញ ដើម្បីកាត់ទោសមេដឹកនាំ​ខ្មែរក្រហមជាន់ខ្ពស់ដែរនោះ ត្រូវបានគេស្គាល់ ថាជាមន្ត្រីម្នាក់ ដែលមានជំហរការពារយ៉ាងមុតមាំ នយោបាយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិនចង់ឲ្យមានជនជាប់ចោទផ្សេង ក្រៅពី នួន ជា - អៀង សារី (ស្លាប់) - ខៀវ សំផន - អៀង ធីរិទ្ធ (ស្លាប់) និង កាំង ហ្កេចអ៊ាវ ហៅឌុច មេគុកទួលស្លែង នោះឡើយ។ កាលពីពេលថ្មីៗនេះ នៅក្នុងសំនុំរឿងព្រំដែន កម្ពុជា-ឡាវ អ្នកស្រី ជា លាង ធ្លាប់បានថ្លែងកោតសរសើលោក ហ៊ុន សែន ថាមានភាពវៃឆ្លាត ទាំងផ្នែកនយោបាយ ការទូត និងយោធា គ្មានអ្នកនយោបាយណា អាចមកប្រកួតប្រជែងបានឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់