អាមេរិក​ហៅ​ការ​ចោទ​ស្ថានទូត​ខ្លួន ពី​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ថា​«គ្មាន​មូលដ្ឋាន»

សហរដ្ឋអាមេរិក តាមរយៈស្ថាន​បេសកកម្ម​របស់ខ្លួន ប្រចាំ​នៅ​សមាគម​អាស៊ាន បានចេញសេចក្ដីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃអង្គារនេះ ច្រានចោលការចោទប្រកាន់ថា មន្ត្រីការទូតរបស់ខ្លួន ប្រចាំនៅប្រទេសកម្ពុជា ពីលូកជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងបានហៅការចោទប្រកាន់នេះ ថាបានធ្វើឡើង ដោយ«គ្មានមូលដ្ឋាន» ហើយបានដើរផ្ទុយពីទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។
អាមេរិក​ហៅ​ការ​ចោទ​ស្ថានទូត​ខ្លួន ពី​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ថា​«គ្មាន​មូលដ្ឋាន»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ (រូបថតលើហ្វេសប៊ុក)

«ភាគីសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ការចោទប្រកាន់ និងការរិះគន់ ដោយគ្មានមូលដ្ឋាន ទៅលើសហរដ្ឋអាមេរិក ក៏ដូចជាទៅលើមន្ត្រីការទូតអាមេរិក នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងផ្ទុយនឹង​ស្មារតី ​នៃ​ទំនាក់​ទំនង​ទ្វេភាគី ​ប្រកប​ដោយផ្លែផ្កា​ ដែល​កំពុងតែ​ល្អប្រសើរ​ឡើង ​រវាង​ប្រទេស​ទាំងពីរ‍‍»។​

ខាងលើនេះ ជាការដកស្រង់មួយ ពីក្នុងសេចក្ដីថ្លែងការណ៍ របស់ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​សមាគម​អាស៊ាន បន្ទាប់ពីជំនួបមួយ ក្នុងថ្ងៃនេះ រវាងលោក ប្រាក់​ សុខុន ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ជាមួយ​នឹង​លោក «​Matt Pottinger» ​ជំនួយការរង ​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និង​លោក​ «Patrick Murphy» ​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​ទទួលបន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍ ដែលបានប្រព្រឹត្តិទៅ ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

ការលើកឡើងខាងលើ គឺជាការឆ្លើយតប ពីសំណាក់ភាគីអាមេរិក ជាពិសេសពីសំណាក់ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ទៅនឹងការថ្លែងមួយរបស់លោក ហ៊ុន សែន ដែលបានអះអាងទៅកាន់លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកាម្សិលម៉ិញ នៅក្នុងកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងអាស៊ាន ថាកម្ពុជា​បាន​ និង​កំពុង​រងគ្រោះ​ម្តង​ហើយម្តងទៀត ដោយ​សារ​សកម្មភាពរបស់​ស្ថានទូត​អាមេរិក ​ប្រចាំ​ក្នុងប្រទេសកម្ពុជា​ បានងាកចេញ ឬដើរ​ខុស​ពី​បន្ទាត់​នយោបាយ​របស់​លោក ដូណាល់ ត្រាំ។ នយោបាយរបស់លោក ត្រាំ​ ដែលលោក ហ៊ុន សែន យកមកបញ្ជាក់ថា មិន​ជ្រៀត​ជ្រែក​​ចូល​កិច្ចការផ្ទៃ​ក្នុង ​របស់​ប្រទេស​ដទៃ។​

​នៅ​ចំពោះ​មុខ​មេដឹកនាំ​ នៃប្រទេស​ជាច្រើន​ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ លោក​ ​ហ៊ុន សែន​ ​បាន​ស្នើ​ចំៗ​ ទៅ​កាន់​លោ​ក​ ​ដូណាល់ ត្រាំ​ ​ថា៖​ «នយោបាយ​​​របស់​ឯកឧត្តម​ ​(ដូណាល់ ត្រាំ)​ ​កំពុង​តែ​ធ្វើការ​កែប្រែ​ ​ប៉ុន្តែ​ស្ថានទូត [អាមេរិក​] នៅ​ទីក្រុង​ភ្នំពេញ​ មិន​ទាន់​បាន​ធ្វើការ​កែប្រែ​ទេ។ យើង​ខ្ញុំ​ត្រូវការ​កសាង​ច្បាប់​ គេ​មករា​រាំង​ការ​កសាង​ច្បាប់ យើង​ខ្ញុំ​អនុវត្ត​នូវ​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស ​ត្រូវ​បាន​គេ​រារាំង។ ចំណុច​នេះ​ ខ្ញុំ​គិត​ថា​ប្រហែល​ជា​ឯកឧត្តម​ត្រូវ​មាន​ភារកិច្ច ​ដើម្បី​ដាស់​តឿន ​ជាមួយ​នឹង​មន្ត្រី​ទាំង​ឡាយ​ ព្រោះ​រឿង​នេះ​ជា​គោល​ការណ៍ធំ​ណាស់​ ទាក់ទង​ការ​មិន​ជ្រៀតជ្រែក ​ចូល​កិច្ចការ​ផ្ទៃក្នុង​គេ។»។

ជាចម្លើយតបវិញ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈមន្ត្រីជាន់ខ្ពស់របស់លោក បានលើកឡើងថា រដ្ឋបាលរបស់លោកប្រធានាធិបតី មិនបានចាត់ទុក សកម្មភាពកន្លងមកពីសំណាក់សហរដ្ឋអាមេរិក ឬពីសំនាក់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ថាជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជានោះឡើយ។ ការបដិសេធខាងលើ ត្រូវបានធ្វើឡើងទៅកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជា ហើយបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃដដែល តាមរយៈសេចក្តី​ថ្លែងការណ៍​ របស់ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​សមាគម​អាស៊ាន។

បន្ថែមពីលើនោះ សេចក្ដីថ្លែងការណ៍ដដែល នៅបានលើកឡើង ពីការព្រួយបារម្ភ របស់អាមេរិក ចំពោះការវិវត្តថ្មីៗ នៃស្ថានការណ៍នយោបាយនៅកម្ពុជា ដែលអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ រាប់បញ្ចូលទាំងការរឹតត្បិត លើសេរីភាពរបស់សារព័ត៌មាន អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង។ អត្ថបទបានបន្តថា៖ «ប្រតិភូសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ដែរ អំពីការខ្វាយខ្វល់ដ៏ជ្រាលជ្រៅ របស់សហរដ្ឋអាមេរិក ចំពោះការបន្តឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សប្រឆាំង»។

សេចក្ដីថ្លែងការណ៍ បានសរសេរទៀតថា៖ ​«តំណាង​មកពី​សហរដ្ឋ​អាមេរិក ​បាន​សម្តែង​ក្តីសង្ឃឹម​ថា​ ប្រទេស​កម្ពុជា​នឹង​ឱ្យ​តម្លៃ​ខ្ពស់​ ដល់​ការរីក​ចម្រើន​ដែល​ទទួលបាន​ដោយ​លំបាក​ ដែល​កម្ពុជា​សម្រេច​បាន ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗនេះ ក្នុងនោះ​រួមមាន​ការ​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ការ​រីកចម្រើន​ផ្នែក​វិបុលភាព​ សន្តិភាព និង​ការ​បង្រួមបង្រួម​ជាតិ​ ព្រមទាំងបាន​គូស​បញ្ជាក់ដូចគ្នា ​ពី​ជំនួយ​ដ៏សំខាន់​របស់​សហរដ្ឋ​អាមេរិក​ លើ​ផ្នែក​ទាំង​នេះ‍»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់