អ៊ីតាលី មិន​ទៅ​ប្រកួត​បាល់​ទាត់​ពិភពលោក​២០១៨ នៅ​រ៉ូស្ស៊ី​ទេ

ប្រទេសអ៊ីតាលី ដែលជាមហាយក្សមួយ ខាងបាល់ទាត់ដែរនោះ បានខកខាន មិនបានចូលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅ នៅក្នុងប្រទេសរ៉ុស្ស៊ី ខាងមុខនេះទេ បន្ទាប់ពីក្រុមបាល់ទាត់ខ្លួន បានប្រកួតស្មើ ជាមួយក្រុមបាល់ទាត់ស៊ុយអែត ក្នុងយប់នេះ។ នេះ ជាការខកខានជាថ្មី និងដ៏សែនក្ដុកក្ដួល បើគេងាក​ទៅមើល​ប្រវត្តិប្រទេសនេះ តាំងពីឆ្នាំ១៩៥៨មក។ 
អ៊ីតាលី មិន​ទៅ​ប្រកួត​បាល់​ទាត់​ពិភពលោក​២០១៨ នៅ​រ៉ូស្ស៊ី​ទេ
កីឡាករចាស់វស្សា ហ្គីលីជី ប៊ូហ្វុង ដែលជាកីឡាករចាំទី និងជាប្រធានក្រុម របស់ក្រុមជម្រើសជាតិអ៊ីតាលី។ (រូបថតលើទ្វីសធើរ)

ទឹកភ្នែកស្រក់ចុះ របស់កីឡាករចាស់វស្សា ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) ជាទិដ្ឋភាពតំណាង ឲ្យសភាពស្រយ៉ុតស្រយ៉ង់ នៅទូទាំងប្រទេសអ៊ីតាលី បន្ទាប់ពីក្រុមជម្រើសជាតិ របស់ប្រទេសនេះ បានប្រកួតស្មើ ក្នុងយប់ថ្ងៃចន្ទនេះ ជាមួយក្រុមបាល់ទាត់ របស់ប្រទេសស៊ុយអែត នៅក្នុងការប្រកួត​«ត្រឡប់»​មួយ ក្របខណ្ឌ«របាំងចុងក្រោយ» ដើម្បីទទួលបានសំបុត្រ ឡើងទៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅ នៅប្រទេសរ៉ុស្ស៊ី។

នៅក្នុងការប្រកួត«ទៅ» កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដែលប្រព្រឹត្តិទៅ ក្នុងប្រទេសស៊ុយអែត ក្រុមជម្រើសជាតិអ៊ីតាលី បានចាញ់ក្រុមស៊ុយអែត ០-១ ហើយលទ្ធផល នៃការប្រកួត«ត្រឡប់» (០-០) នៅយប់នេះ បានសម្រេចស្ថាពរថា ប្រទេសអ៊ីតាលីនឹងត្រូវអវត្តមាន សម្រាប់ព្រឹត្តិការណ៍ពិភពលោកនេះ ដែលជាហេតុការណ៍ជាថ្មី ៥៩ឆ្នាំ ក្រោយការខកខានលើកមុន ដែលប្រទេសនេះ បានមិនបានចូលរួមប្រកួត បាល់ទាត់ពិភពលោក ក្នុងឆ្នាំ១៩៥៨។

ក្នុងរយៈពេល៥៩ឆ្នាំនេះ ប្រទេសអ៊ីតាលី ថែមទាំងធ្លាប់ទទួលបានជ័យជំនះ ជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក ចំនួនបួនលើកថែមទៀត។

បើពិនិត្យឡើងវិញ នៅក្នុងការប្រកួតជម្រុះ ប្រទេសអ៊ីតាលីស្ថិតក្នុងក្រុមជាមួយ ប្រទេសអេស្ប៉ាញ ដែលជាយក្សបាល់ទាត់មួយ ប្រហាក់ប្រហែលនឹងខ្លួនដែរ។ ប៉ុន្តែនៅពេលជួប​ជាមួយក្រុមនេះ នៅក្នុងការប្រកួត កាលពីខែកញ្ញាកន្លងទៅ ក្នុងរាជធានីម៉ាឌ្រីត (អេស្ប៉ាញ)  ក្រុមអេស្ប៉ាញ​បានលត់​ក្រុមអ៊ីតាលី ៣-០។ ពិន្ទុនេះ បានធ្វើឲ្យក្រុមអ៊ីតាលី បាត់ការផ្ចង់អារម្មណ៍ លែងមានទំនុកចិត្ត ហើយបើសូម្បីប្រកួតក្នុងផ្ទះខ្លួនឯង ដូចក្នុងយប់នេះ ជាមួយក្រុមស៊ុយអែត (ក្របខណ្ឌប្រកួត«របាំងចុងក្រោយ») ក៏ក្រុមអ៊ីតាលីរកជ័យជំនះមិនបានដែរ។

បរាជ័យរបស់ក្រុម បានបង្កភាពក្ដុកក្ដួលខ្លាំងបំផុត សម្រាប់កីឡាករចាំទី ដ៏ចាស់វស្សារបស់ក្រុម គឺកីឡាករ ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) ដោយសារការប្រកួតក្នុងយប់នេះ អាចជាការប្រកួតចុងក្រោយ របស់កីឡាករូបនេះ ដែលមានវ័យ៣៩ឆ្នាំ​ទៅហើយ។ កីឡាករបានចាំផ្ដើមទាត់ ឲ្យក្រុមជម្រើស​ជាតិអ៊ីតាលី នៅឆ្នាំ១៩៩៧ ដែលកាលនោះ ក៏ជាការប្រកួត ដើម្បីដណ្ដើមសំបុត្រចុងក្រោយ សម្រាប់ឡើងទៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ១៩៩៨ ដែលបានប្រព្រឹត្តិទៅក្នុងប្រទេសបារាំងដែរ។

កីឡាករ ប៊ូហ្វុង ត្រូវបានហៅឲ្យចូលទាត់ ក្នុងក្រុមជម្រើសជាតិអ៊ីតាលី ចំនួន១៧៤ដងហើយ។ កីឡាករបានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ចំនួន៥ដង និងឈ្នះពានរង្វាន់មួយដង ក្នុងឆ្នាំ២០០៦។

នៅមុនយប់នេះ កីឡាករបានសង្ឃឹមថា នឹងបានចូលទៅប្រកួតបាល់ទាត់ពិភពលោក ជាលើកចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសរ៉ូស្ស៊ី ឆ្នាំក្រោយ។ ប៉ុន្តែនៅពេលនេះ កីឡាករ ហ្គីលីជី ប៊ូហ្វុង បានបង្ហូរទឹកភ្នែករបស់ខ្លួន នៅចំពោះការខកខានរបស់ក្រុម ដោយនិយាយថា អវត្តមានរបស់ប្រទេសអ៊ីតាលី ក្នុងជំនួបប្រកួតពិភពលោក នឹងប៉ះពាល់ដល់ផ្លូវចិត្ត របស់ប្រជាជន និងសង្គមអ៊ីតាលី៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់