ម៉ៃ សុគន្ធ ប្រកាស​លក់​គម្ពីរ​ក្បាច់​គុន​«សម្ព័ន្ធ»

តារាចម្រៀង លោក ម៉ៃ សុគន្ធ ដែលឧស្សាហ៍តមាត់សំដី បង្កើតឲ្យមានសង្គ្រាមប៉ាកកាជាហូហែ ក្នុងពេលកន្លងមក បានប្រកាសនៅថ្ងៃនេះ លក់គម្ពីរក្បាច់គុន«សម្ព័ន្ធ» ដែលមានអមដោយរូបភាពកាត់តមួយ ឃើញមុខលោក​ ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅក្នុងនោះ មកជាមួយផង។
ម៉ៃ សុគន្ធ ប្រកាស​លក់​គម្ពីរ​ក្បាច់​គុន​«សម្ព័ន្ធ»
ពីឆ្វេងទៅស្ដាំ៖ រូបភាពកាត់ត បង្ហាញពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កាន់គម្ពីរគុន«សម្ព័ន្ធ» និងលោក ម៉ៃ សុគន្ធ អ្នកចម្រៀងវ័យក្មេង។ (រូបថតលើហ្វេសប៊ុក)

«មានក្នុងស្តុក (Stock)ហើយ ទើបមកដល់ថ្មី (buy 1 Free 2 "ឬមានន័យថា៖ ទិញមួយ ថែមពីរ")» នេះ ជាការបង្ហោះឡើង របស់តារាចម្រៀងលោក ម៉ៃ សុគន្ធ នៅលើបណ្ដាញសង្គម នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ដោយអមមកជាមួយ នូវរូបភាពមួយសន្លឹក ដែលជាការដកស្រង់ចេញពីភាពយន្ដ «Crazy Kung-Fu» របស់សមិទ្ធិករ និងជាតារាសំដែងហុងកុងល្បីឈ្មោះ លោក ស្តេហ្វិន ចូវ (Stephen Chow) ដែលខ្មែរស្គាល់ថា ជាតួ«ទិនហ្វី»។ 

ក្នុងរូបភាពនោះ មិនមែនជារូបភាពដើមទាំងស្រុងឡើយ តែជាការកាត់តបន្ថែមបន្ថយ មានជាអាថ៌នៅលើក្របសៀវភៅ មានសរសេរថា «គម្ពីរសម្ព័ន្ធ» និងនៅខាងក្រោម សរសេរដាក់ថា «ចង់យល់សម្ព័ន្ធ(ឬ)ទេ? បើចង់យល់ អាចជាវបាន!»។ តែអ្វីដែលសំខាន់ជាងនេះ គឺបុរសដែលកាន់​«គម្ពីរ» មិនមែនជាស្មូម ដូចនៅក្នុងភាពយន្ដនោះទេ តែជារូបមុខលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលត្រូវបានកាត់ត យកមកបិតពីលើ។

ការបង្ហោះខាងលើ មិនបានរំលងពីភ្នែករាប់សិបគូ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមាននិន្នាការ ស្និតនឹងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅថាបក្ស«ជួង» នោះឡើយ។ ក្រុមអ្នកគាំទ្របក្ស«ជួង»ទាំងនោះ បាននាំគ្នាផ្តិតអេក្រង់ (PrintScreen) មកបង្ហោះ ជាមួយនឹងពាក្យពេជន៍ ជេរផ្ដាសារ​ធ្ងន់ៗ តបទៅតារាចម្រៀងវិញ។

ចំពោះលោក ខឹម វាសនា លោកមិនបានឆ្លើយតបដោយផ្ទាល់ ទៅកាន់លោក  ម៉ៃ សុគន្ធ នោះទេ តែគេឃើញ លោកប្រធានបក្ស«ជួង»រូបនេះ បានចែករំលែករូបភាព​ផ្តិតអេក្រង់ខាងលើ នៅលើគណនីហ្វេសប៊ុករបស់លោក ហើយបានធ្វើឲ្យក្រុម​អ្នក​គាំទ្រ​ជាច្រើន​ផ្សេងទៀត ផ្ទុះប្រតិកម្មនឹងតារាចម្រៀង កាន់តែខ្លាំងឡើង។

ប្រិយមិត្តបក្សជួងខ្លះ បានចូលទៅដាក់មតិដោយផ្ទាល់ នៅក្នុងគណនីរបស់លោក ម៉ៃ សុគន្ធ រហូតដល់ថ្នាក់តារាចម្រៀង បានវាយបកទៅវិញ ដោយសរសេរព្រមានដូច្នេះ៖ «ចង់និយាយថា ចេញមកជេរ ឆ្កែឆ្មារ មកមួយប្លុកមួយ ព្រោះអត់ចង់រៀនគម្ពីរនឹងទេ តែផុសឲ្យ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់