ចៅ​សង្កាត់​អូរចារ ថា​ស័ក្តិ​ដែល​ពាក់​លើ​ស្មា ជា​ស័ក្តិ​ពលរដ្ឋ

ជាថ្មីម្ដងទៀត ចៅសង្កាត់ក្រមុំរូបស្រស់ នៅសង្កាត់អូរចារក្រុងបាត់ដំបង បានអះអាង ពីភក្ដីភាពរបស់កញ្ញា ចំពោះគណបក្សប្រឆាំង និងចំពោះឆន្ទះរបស់ពលរដ្ឋម្ចាស់ឆ្នោត ដោយបានអះអាងថា ស័ក្ដិដែលកញ្ញាពាក់ នៅលើស្មារ គឺជាស័ក្ដរបស់ពលរដ្ឋ។
ចៅ​សង្កាត់​អូរចារ ថា​ស័ក្តិ​ដែល​ពាក់​លើ​ស្មា ជា​ស័ក្តិ​ពលរដ្ឋ
ខាងស្ដាំ៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់ក្រមុំ មកពីគណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង។ (រូបថតលើហ្វេសប៊ុក)

បើទោះជាស័ក្ដិ ដែលពាក់នៅលើស្មាទាំងគូ ជាឥស្សរិយាភរណៈថ្មីថ្មោង ដែលយុវតីស្រស់ស្រាយ​ដូចជារូបនាង តែងស្រម៉ៃចង់បាន មកជាយូរនោះក៏ដោយ ក៏កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានយល់ថា នៅក្នុងរបបប្រជាធិបតេយ្យ ស័ក្ដិទាំងនេះ មិនមែនជាកម្មសិទ្ធិ របស់នរណាផ្សេង ក្រៅពីពលរដ្ឋម្ចាស់ឆ្នោត​នោះឡើយ។ 

ចៅសង្កាត់ក្រមុំរូបស្រស់ អាយុ៣១ឆ្នាំ នៃសង្កាត់អូរចារ ក្រុងបាត់ដំបង បានសរសេរអះអាងដូច្នេះ នៅលើគណនីហ្វេសប៊ុករបស់នាងថា៖ «ស័ក្តិដែលខ្ញុំពាក់ នៅនឹងស្មា គឺជាស័ក្តិរបស់ពលរដ្ឋ។ ដូច្នេះស័ក្តិមួយនេះ មានគុណតម្លៃ នៅពេលយើងបំរើពលរដ្ឋ ដោយស្មោះត្រង់។»។

កញ្ញា ស៊ិន ចៅពៅរ៉ូហ្សេត ជាមន្ត្រីជាប់ឆ្នោតមួយរូប ក្នុងចំណោមមន្ត្រីទាំងឡាយ របស់គណបក្សសង្គ្រោះជាតិ ដែលរហូតមកទល់ពេលនេះ បានបដិសេធមិនលុះ តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។

ស្ត្រីចៅសង្កាត់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ទោះបី​យើង​គ្មាន​ការងារ​ធ្វើ ទោះបី​យើង​ទៅ​លក់ដូរ​សាមញ្ញ​ធម្មតា ក៏​យើង​មាន​សេចក្ដី​សុខ ​ជាជាង​យើង​យក​កិត្តិយស​ ដែល​ពលរដ្ឋ​​បាន​ផ្ដល់​​ឲ្យ​យើង​ ទៅ​លក់​ឲ្យ​គណបក្ស​ដទៃ ដែល​គាត់​មិនបាន​បោះឆ្នោត​ឲ្យ​នោះ​ទេ។ ទោះបី​ធ្វើការ​មាន​បាន​ផ្ទះ​ធំ​យ៉ាង​ណា​ក៏ដោយ ​ក៏​មិន​ស្មើ​នឹង​កិត្តិយស ​ដែល​ពលរដ្ឋ​បាន​ផ្ដល់​​ឲ្យ​យើង​ដែរ»។

ចំពោះមន្ត្រីមួយចំនួន ដែលបានចុះចូលជាមួយគណបក្សកាន់អំណាច ហើយហាក់មិនទទួលបានការរាប់អាន ពីសំណាក់ពលរដ្ឋ ដូចពេលមុននោះ កញ្ញា​ចៅសង្កាត់ បានថ្លែងឡើងថា៖ «ការពិតម្ចាស់ឆ្នោត លោកយល់តម្លៃសន្លឹកឆ្នោត របស់គាត់ណាស់ ដូច្នេះសូមកុំយកសន្លឹកឆ្នោតរបស់គាត់ ទៅធ្វើអ្វីផ្តេសផ្តាសអោយសោះ»។

កញ្ញានៅបានឆ្លើយតប ទៅនឹងពាក្យចចាមអារាមទាំងឡាយ ដែលបានអះអាងហើយអះអាងទៀត ជុំវិញការចុះចូលរបស់កញ្ញា ជាមួយគណបក្សប្រជាជនរួចជាស្រេចនោះ យ៉ាងដូច្នេះថា៖ «យុទ្ធនាការរបស់គេ គឺប្រឹងនិយាយមិនពិត»។

យ៉ាងណា ក៏កញ្ញាមិនទាន់មានទម្លាប់ ក្នុងការយកស័ក្ដិ​ថ្មីថ្មោង​ទាំងសងខាង មកពាក់នៅលើស្មាខ្លួន ឲ្យបានត្រឹមត្រូវនោះ នៅឡើយ។ កញ្ញាបានសរសេរទទួលស្គាល់ថា៖ «អត់ចេះពាក់ស័ក្តិទេខ្ញុំ ឆោតនោះឆោត! (...) ពាក់ស័ក្តិបញ្ច្រាសរហូត ខ្មាស់គេណាស់ខ្ញុំ តែសំណាងណាស់ ខ្ញុំមានអ៊ុំដេតនៅជិត [គាត់]ជួយពាក់ឲ្យសារថ្មី។ អ៊ុំដេត ហៅឆ្មាខ្មៅ គឺជាអ្នកតស៊ូដំបូង នៅសង្កាត់អូរចារជាមួយខ្ញុំ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់