សមាជិក​​​ព្រឹទ្ធសភា​អាមេរិក​ហៅ​ការ​បំភ្លឺ​របស់​មេ​​ទូត​ខ្មែរ ថា​ជា​«ការ​ដោះ​សារ និង​សំដី​ឥត​តម្លៃ»

នៅចំពោះលិខិតឆ្លើយតប របស់លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតខ្មែរប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន លោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានប្រតិកម្មទៅវិញខ្លាំងៗ ដោយបានហៅលិខិតនោះ ថាជា«ការដោះសារ និងពាក្យសំដីឥតតម្លៃ»។ លោក ថេដ គ្រូស បានព្រមានជាថ្មីទៀត ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងយូរបំផុតនៅត្រឹមថ្ងៃទី៩ ខែវិច្ឆិកានេះ ឬមិនដូច្នេះទេ លោកនឹងចាត់វិធានការ ដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលជាប់ពាក់ព័ន្ធទាំងឡាយ ទៅក្នុងបញ្ជីខ្មៅ។
សមាជិក​​​ព្រឹទ្ធសភា​អាមេរិក​ហៅ​ការ​បំភ្លឺ​របស់​មេ​​ទូត​ខ្មែរ ថា​ជា​«ការ​ដោះ​សារ និង​សំដី​ឥត​តម្លៃ»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ថេដ គ្រូស សមាជិកព្រឹទ្ធសភាអាមេរិក។ (រូបថតលើហ្វេសប៊ុក)

«ឯកអគ្គរាជរដ្ឋទូត ជុំ ប៊ុនរ៉ុង បានឆ្លើយតប ចំពោះការសាកសួររបស់ខ្ញុំ ជាមួយនឹងការដោះសារច្រានចោល និងពាក្យសំដីឥតតម្លៃ» នេះជាការវាយតម្លៃ របស់លោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ ចំពោះការឆ្លើយតប របស់លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅសហរដ្ឋអមេរិក។ 

កាលពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា លោក ជុំ ប៊ុនរ៉ុង បានសរសេរលិខិតមួយច្បាប់ ​ប្រាប់​ទៅលោក ថេដ គ្រូស ​ថាលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​តែ​វិវឌ្ឍ​ទៅ​មុខ ហើយដើម្បីឲ្យ​លទ្ធិប្រជាធិបតេយ្យ​នេះ ​អាច​សម្រេច​ទៅ​បាន លុះត្រា​នីតិរដ្ឋ​ត្រូវ​បាន​ធានា និង​អនុវត្ត​ដោយ​ពេញលេញ​ ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ស្ថិរភាព សន្តិភាព និង​ផល​ប្រយោជន៍​ប្រជាជាតិ។ 

​លោក​ឯក​អគ្គរាជទូតខ្មែរ ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន រូបនេះ ​បាន​ពន្យល់បន្ត​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ត្រូវ​បាន​ធ្វើ​ឡើង​ ស្របតាម​បទ​បទបញ្ញត្តិ​ ជា​ធរមាន​នានា ដូច​ដែល​មាន​ចែង ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ចោទ​សួរ​ទៅ​លោក ថិត គ្រូស វិញ​ថា តើ​ក្រោម​ច្បាប់​សហរដ្ឋអាមេរិក ទង្វើ និង​ការ​ប្រព្រឹត្ត​ដូច​ករណី​លោក កឹម សុខា នេះ អាច​ត្រូវ​បាន​អត់ឱន​ឲ្យ​ បាន​ដែរឬ​ទេ​?

លោក​ ជុំ ប៊ុនរ៉ុង បានសរសេរបន្តថា អ្វី​ដែល​លោក កឹម សុខា បាន​ប្រព្រឹត្ត​នៅ​ពេល​កន្លង​មក​នេះ គឺ​មិន​មែន​ជា​ការ​ប្រកួតប្រជែង ​ប្រកប​ដោយ​លក្ខណៈ​ស្មើភាព​គ្នា​ ក្នុង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ហើយវា​ជា​ការ​មិន​​ត្រឹមត្រូវ​ឡើយ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​រង​នូវ​ការ​រិះគន់ និង​ការ​គំរាម​អំពី​ការ​ដាក់​ទណ្ឌកម្ម​នានា​យ៉ាង​ដូច្នេះ ព្រោះ​ដោយសារ​តែ​បាន​ចាត់​ការ​ផ្លូវ​ច្បាប់ ​ក្នុង​គោលបំណង​ ដើម្បី​ការពារ​សន្តិសុខ សន្តិភាព ឯករាជ្យ និង​អធិបតេយ្យ​របស់​ខ្លួន​ដូច​ដែល​ប្រទេស​ដទៃ​ទៀត​ កំពុង​អនុវត្ត​យ៉ាង​ដូច្នោះ​ដែរ។

លោកឯកអគ្គរាជទូត ថ្លែងបញ្ជាក់​​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​មិន​អាច​ជៀស​ផុត​នេះ មិន​មាន​ន័យ​ថា ជា​ការ​បិទ​បញ្ចប់​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​កម្ពុជា​នោះ​ឡើយ។

ជាប្រតិកម្មទៅនឹងលិខិតខាងលើនេះ លោក ថេដ គ្រូស បានសរសេរ នៅក្នុងសេចក្ដីប្រកាស​ព័ត៌មានមួយ ដែលបង្ហោះ​នៅលើ​គេហទំព័រ​របស់លោក កាលពីថ្ងៃទី៨ ខែវិច្ឆិកាម្សិលម៉ិញ គូសបញ្ជាក់ពីជំហររបស់លោក ក្នុងចំណាត់ការ​«ដំបូងៗ»​របស់​លោក ដែលត្រូវកំណត់មុខសញ្ញា «មន្រ្តីរដ្ឋាភិបាល​ដែលទទួលខុសត្រូវ ចំពោះសកម្មភាព​ទាំងនេះ នឹងត្រូវបានរារាំង មិនឱ្យធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក»។

លោកសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកាន់អំណាច​នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា បើសិនជាលក្ខខណ្ឌ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រឡប់មករកភាពល្អប្រសើរវិញ មិនទទួលបាន​ការឆ្លើយតប​​ជាវិជ្ជមានទេ នោះ«សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត» នឹងមិនអាច«ទទួលស្គាល់ នូវភាពស្របច្បាប់ នៃការបោះឆ្នោត» ក្នុងពេលខាងមុខនោះឡើយ។

ខាងក្រោមនេះ ជាខ្លឹមសារបកប្រែជាខេមរភាសា (ក្រៅផ្លូវការ) នៃសេចក្ដីប្រកាសព័ត៌មាន របស់លោក ថេដ គ្រូស៖

នៅថ្ងៃទី២៣ ខែតុលា ខ្ញុំបានសរសេរលិខិតជូន ឯកអគ្គរាជទូតកម្ពុជា លោក ជុំ ប៊ុននរ៉ុង ទាមទារឱ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP)។ ដូចដែលខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់រដ្ឋាភិបាលកម្ពុជា នៅពេលនោះថា ការចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ គឺជាជំហានចុងក្រោយបំផុត នៅក្នុងដំណើរស្វែងរកបន្ត របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីគេចចេញ ពីការទទួលខុសត្រូវ ក្នុងលទ្ធិប្រជាធិបតេយ្យ និងមិនអាចធ្វើឱ្យកិច្ចការ វិលត្រឡប់ដូចដើមវិញ ដែលសហរដ្ឋអាមេរិក ជប៉ុន និងសហគមន៍អឺរ៉ុប បានវិនិយោគនៅប្រទេសកម្ពុជា ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ លើសពីការដាក់ពន្ធនាគារ នៃប្រធានគណបក្សប្រឆាំង គឺលោក កឹម សុខា ក៏មានការបិទស្ថានីយវិទ្យុ ដែលផ្សាយកម្មវិធី ពីវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក បានហាមឃាត់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ពីការធ្វើប្រតិបត្តិការនៅកម្ពុជា ហើយនិងបានគំរាម រំលាយគណបក្សសង្គ្រោះជាតិ ជាផ្លូវការទៀតផង។‬

‪កាលពីម្សិលមិញ ឯកអគ្គរាជរដ្ឋទូត ប៊ុនរ៉ុង បានឆ្លើយតបចំពោះការសាកសួររបស់ខ្ញុំ ជាមួយនឹងការដោះសារច្រានចោល និងពាក្យសំដីឥតតម្លៃ។ លោកឯកអគ្គរាជរដ្ឋទូត បានថ្លែងថា "វាមិនយុត្តិធម៌ទេ ដែលរដ្ឋាភិបាលកម្ពុជាត្រូវរិះគន់ និងគំរាមកំហែងដោយវិធានការដាក់ទណ្ឌកម្ម ចំពោះចំណាត់ការច្បាប់ ដើម្បីការពារសន្តិសុខ ឯករាជ្យភាព និងអធិបតេយ្យរបស់ខ្លួន ដូចជាប្រទេសដទៃទៀតដែរនោះ” ។ លើសពីនេះទៅទៀត "ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយមិនអាចជៀសបាន [គណបក្សសង្គ្រោះជាតិ] មិនបានបញ្ជាក់ ពីការបញ្ចប់នូវស្ថាប័នពហុបក្ស និងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាឡើយ”។ ឬនិយាយឲ្យចំទៅ ក្នុងទស្សនៈ​របស់ឯកអគ្គរាជរដ្ឋទូត និងនាយករដ្ឋមន្ត្រី [លោក ហ៊ុន សែន] គឺឥស្សវជនដែលទាមទារ ឲ្យមានការផ្លាស់ប្តូរ ដូចជា "លោក កឹម សុខា" គឺជាការគំរាមកំហែងពិតប្រាកដ ដល់ប្រទេសកម្ពុជា។‬

ការប៉ុនប៉ងនេះ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បីបង្វិលសហរដ្ឋអាមេរិក គឺជាការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅ នៅថ្ងៃស្អែក គឺជាថ្ងៃចុងក្រោយ ដែលប្រជាពលរដ្ឋកម្ពុជា អាចចុះឈ្មោះបោះឆ្នោត នៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨។ ប្រសិនជាលក្ខខណ្ឌជាក់លាក់មួយចំនួន មិនត្រូវបានឆ្លើយតប រួមទាំងការដោះលែងលោក កឹម សុខា ការអនុញ្ញាត​ឱ្យស្ថានីយ៍វិទ្យុបន្តការផ្សាយ ស្របតាមឆន្ទានុសិទ្ធិរបស់ពួកគេ ហើយនិងការអនុញ្ញាតឱ្យអង្គការប្រជាធិបតេយ្យ ធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាទេនោះ វាមិនអាចទៅរួចទាល់តែសោះ សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង ដើម្បីទទួលស្គាល់នូវភាពស្របច្បាប់ នៃការបោះឆ្នោតទាំងនេះ។‬

‪លោក ហ៊ុន សែន ត្រូវចាត់វិធានការមុនគេបង្អស់ ឆ្ពោះទៅរកដំណោះស្រាយចំពោះលក្ខខណ្ឌទាំងនេះ ដោយដោះលែងលោក កឹម សុខា។ ហើយលោក ហ៊ុន សែន ត្រូវតែធ្វើភ្លាមៗ។ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើការជាមួយសហការីរបស់ខ្ញុំ នៅក្នុងសភាតំណាងរាស្ត្រ និងនៅក្នុងរដ្ឋបាល ដើម្បីពិនិត្យមើលការឆ្លើយតបដំបូង ដែលត្រូវកំណត់មុខសញ្ញាមន្រ្តីរដ្ឋាភិបាល ដែលទទួលខុសត្រូវ ចំពោះសកម្មភាពទាំងនេះ នឹងត្រូវបានរារាំង មិនឱ្យធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក៕‬


Loading...

អត្ថបទទាក់ទង


មតិ-យោបល់