វៀតណាម​ត្រៀមចេញ​ផ្សាយ​វចនា​នុក្រម ខ្មែរ-យួន ជា​ផ្លូវការ

វចនានុក្រមទ្វេរភាសា ខ្មែរ-យួន និង យួន-ខ្មែរ កំពុងត្រូវបានសកលវិទ្យាល័យមួយ រៀបរៀងចេញផ្សាយ ក្រោមការដឹកនាំគម្រោង របស់ក្រសួងអប់រំ និងបណ្ដុះបណ្ដាល នៃរបបកុម្មុយនីស្ដវៀតណាម។ វចនានុក្រុមនេះ នឹងចេញផ្សាយ ជាការបោះពុម្ភ ផ្សាយ​នៅលើប្រព័ន្ធទូរស័ព្ទដៃ បោះពុម្ភជាស៊ីឌី (CD-Rom) និងផ្សាយនៅតាមគេហទំព័រ។
វៀតណាម​ត្រៀមចេញ​ផ្សាយ​វចនា​នុក្រម ខ្មែរ-យួន ជា​ផ្លូវការ
ផ្លាកយីហោមួយ ដែលមានសរសេរជាអក្សរខ្មែរ តែរកន័យជាភាសាខ្មែរមិនបាន។ (រូបថតលើហ្វេសប៊ុក)

ទីភ្នាក់ងារព័ត៌មានផ្លូវការ «VNA» របស់វៀតណាម បានបញ្ជាក់ថា គម្រោងចងក្រងវចនានុក្រម ទ្វេរភាសា ខ្មែរ-យួន យួន-ខ្មែរ នេះ ជាគំនិតរៀបចំឡើងដោយរដ្ឋាភិបាលកុម្មុយនីសក្រុង ហាណូយ ដែលបានចាត់ឲ្យក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម ជាអ្នកទទួលបន្ទុក និងប្រគល់ជាបន្ទាប់ ទៅឲ្យសាកលវិទ្យាល័យ ត្រាវិញ (Trà Vinh) ដែលស្ថិតក្នុងអតីតខេត្តព្រះត្រពាំង (ខេត្តមួយនៃទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នជាខេត្តត្រាវិញ) ជាអ្នកអនុវត្តផ្ទាល់។

ទីភ្នាក់ងារព័ត៌មាន នៃរបបកុម្មុយនីស្ដ បានស្រង់សំដីរបស់សាស្ត្រាចារ្យវៀតណាម លោក ង្វៀន ស៊ី ទ្វឹន (Nguyên Sy Tuân) ដែលជាសមាជិកម្នាក់ នៃក្រុមចងក្រងវចនានុក្រម មកបញ្ជាក់ថា គម្រោងខាងលើ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់សិស្ស និងនិស្សិត ដែលរៀនភាសាខ្មែរ-យួន និងជាពិសេសសម្រាប់បណ្ដាជនខ្មែរ ទាំងជាង១,៤លាននាក់ ដែលរស់នៅលើទឹកដីកម្ពុជាក្រោម (វៀតណាមហៅ «Nam Bô»)។

បើតាមគេហទំព័រ របស់សាកលវិទ្យាល័យ បានឲ្យដឹងថា គម្រោង​ខាងលើ ត្រូវ​បាន​ពិនិត្យ​ និង​ទទួល​ស្គាល់​ជា​មូល​ដ្ឋាន ​នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០១៧។ ដល់​ថ្ងៃទី ១៣​ ខែមិថុនា ឆ្នាំ២០១៧ ក្រុមចងក្រង​​​បាន​សម្រេច​ជា​ស្ថាពរ​​​ នូវការ​កែ​សម្រួល និង​ប្រគល់​ជូន​ក្រ​សួង​អប់រំ ​និង​បណ្តុះ​បណ្តាល​វៀតណាម នូវស្នាដៃព្រាងជា​មូល​ដ្ឋាន ចំនួនពីរក្បាល (ខ្មែរ-យួន និងយួន-ខ្មែរ) ដែលមានមេពាក្យ ៤២០០០ពាក្យ ក្នុងស្នាដៃចងក្រងមួយៗ។

លុះរហូតមកដល់ ​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ ទើប​អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​អប់រំ ​និង​បណ្តុះ​បណ្តាលវៀតណាម លោក​ ប៊ូយ វ៉ាន់ ហ្គា (Bùi Van Ga) បានពិនិត្យ​ និង​ទទួលគម្រោងខា​ងលើជាផ្លូវការ តាមរយៈ​អង្គ​ប្រ​ជុំមួយ ដែលត្រូវបានរៀបចំធ្វើ នៅក្នុងរដ្ឋធានីហាណូយ។ ក្នុងអង្គប្រជុំនោះ លោក​ ប៊ូយ វ៉ាន់ ហ្គា ក៏​លើកឡើងដែរ ពីការប្រគល់ថវិកា​​ ដល់​​សាកលវិទ្យាល័យ​ត្រាវិញ​ ដើម្បី​បោះ​ពុម្ព​វចនានុក្រម ឲ្យ​ទាន់​ថ្ងៃខួបលើកទី ៥០ នៃ​ទិវា​​បង្កើត​ចំ​ណង​ការទូតរវាងប្រទេសទាំងពីរ ​កម្ពុជា-វៀតណាម។

ក្រុម​ចង​ក្រង​វចនានុក្រមខាងលើ ក៏​​បាន​អញ្ជើញ​​ក្រុម​អ្នក​ឯក​ទេស​ មក​ពី​ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡាកម្ពុជា និង​រាជ​បណ្ឌិត្យសភាកម្ពុជា​ ឲ្យមក​​​ត្រួត​ពិនិត្យ មើល​​​​​សារ​ឡើង​វិញ​នូវ​មេពាក្យ ​ និង​កែ​សម្រួល​ន័យ ក៏​ដូច​ទ្រង់​ទ្រាយ​ខ្នាត់​​តូច​ និង​ខ្នាត់​ធំ​ នៃ​ស្នាដៃព្រាង​វចនានុក្រមនេះដែរ។ ក្រៅពីពិនិត្យមើលអត្ថន័យ កំហុសអក្ខរាវិរុទ្ធ និងបញ្ជៀសពាក្យ«រសើបៗ»រួច វចនានុក្រមនេះ នឹងបន្ថែមនូវពាក្យពេជន៍ថ្មីៗទៀត ដែលទាក់ទងនឹង វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងវិទ្យាសាស្ត្រ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់