ក្រុម​តំណាង​រាស្ត្រ CNRP ប្រកាស​ការពារ​ជំហរ​គណបក្ស

ក្រុមតំណាងរាស្ត្រ របស់គណបក្សប្រឆាំងប្រមាណជាង៤០នាក់ បានចុះហត្ថលេខារួមគ្នា នៅលើសេចក្ដីថ្លែងការណ៍មួយ ប្រកាសប្ដេជ្ញា រក្សាជំហររបស់ខ្លួន ក្នុងការគោរព«ឆន្ទះ» ពលរដ្ឋម្ចាស់ឆ្នោត ស្មោះស្ម័គ្រ និង«ការពារ»រចនាសម្ព័ន្ធ របស់គណបក្សសព្វថ្ងៃ ដែលមានលោក កឹម សុខា ជាប្រធាន និងអនុប្រធានបីនាក់ទៀត។
ក្រុម​តំណាង​រាស្ត្រ CNRP ប្រកាស​ការពារ​ជំហរ​គណបក្ស
រូបខាងមុខកណ្ដាល៖ លោក កឹម សុខា និងលោក សម រង្ស៊ី នៅក្នុងដំណើរដោយថ្មើរជើងមួយ កណ្ដាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៣។ (រូបថត MONOROOM.info)

ក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ប្រមាណជាង៤០នាក់ បានចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ ប្រកាសគោរព​«ឧត្ដមគតិ»គណបក្ស មិនក្បត់ឆន្ទះរាស្ត្រ រក្សានិងការពាររចនាសម្ព័ន្ធរបស់គណបក្ស ដែលមានជាធរមាន និងដែលបង្កើតឡើង ដោយស្របច្បាប់ តាមរយៈសមាជរបស់គណបក្ស។

ក្នុងសេចក្ដីថ្លែងការណ៍នោះ ក៏មានសរសេរទាមទារ ទៅកាន់រដ្ឋអំណាចសព្វថ្ងៃ ដែលស្ថិតក្រោមការគ្រប់គ្រង របស់គណបក្សប្រជាជនកម្ពុជា ឲ្យដោះលែងប្រធានគណបក្ស លោក កឹម សុខា រួមនឹងទាមទារ ឲ្យ«ផ្ដល់»មកវិញ នូវសិទ្ធិសេរីភាពពេញលេញ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងសន្ធិសញ្ញា អនុសញ្ញា រួមនឹងកាតិកាសញ្ញាផ្សេងៗ ដែលកម្ពុជាបានចុះហត្ថលេខា។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ និង​សមាជិក សមាជិកា ព្រម​ទាំង​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ប្រទេស បន្ត​រក្សា​ជំហរ​របស់​ខ្លួន គឺ​ម្នាក់ៗ​ត្រូវ​ស្មោះត្រង់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​កុំ​តាម​ការ​អំពាវនាវ អូសទាញ ដែល​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ​ហៅ​ថា ជា​ឃោសនា​អកុសល​របស់​គណបក្ស​ផ្សេង ដែល​ចង់​អូសទាញ​សមាជិក សមាជិកា ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក និង ខណ្ឌ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុមតំណាងរាស្ត្រហត្ថលេខី ដែលមានហត្ថលេខាភ្ជាប់មកជាមួយនឹងសេចក្ដីថ្លែងការណ៍នោះ គេពុំឃើញមានឈ្មោះ លោក ប៉ុល ហំម - លោក យ៉ែម បុញ្ញាប្ញទ្ធិ និងតំណាងរាស្រ្ត ១០រូបទៀតទេ។ ឯកសារចំនួនហត្ថលេខា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន បានបញ្ចប់នៅត្រឹមឈ្មោះលោក កង គឹមហាក់ ខណៈឯកសារចំនួនហត្ថលេខា ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី អតីតប្រធានគណបក្ស មានឃើញហត្ថលេខា របស់លោក សម រង្ស៊ី មួយទៀត នៅចុងក្រោយគេបង្អស់។

ភ្លាមៗនេះ មន្ត្រីម្នាក់របស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា ការស្វែងរកមន្ត្រីជាន់ខ្ពស់ និងតំណាងរាស្ត្រទាំងអស់ មកចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវចេញផ្សាយ ភ្លាមៗដូច្នេះ មិនអាចធ្វើបានទាំងស្រុងនោះទេ។ មន្ត្រីរូបនោះ បញ្ជាក់ថា តែមន្ត្រីដែលមិនទាន់ចុះហត្ថលេខា នឹងបន្តចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីពួកគេមានលទ្ធភាព មកចុះហត្ថលេខាដោយផ្ទាល់បាន។

សេចក្ដីថ្លែងការណ៍ របស់ក្រុមតំណាងរាស្ត្រ របស់គណបក្សប្រឆាំង ធ្វើឡើងក្រោយការលើកឡើងសារជាថ្មី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង នៅមុខក្រុមកម្មករជាច្រើនពាន់នាក់ ក្នុងព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ ស្វាគមន៍រាល់សមាជិកទាំងឡាយណា របស់គណបក្សប្រឆាំង ដែលបានមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មុនពេលគណបក្សប្រឆាំងធំជាងគេមួយនេះ ត្រូវបានរំលាយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់