ទស្សនៈ​អ្នក​អាន៖ អាថ៌កំបាំង​ពី​ក្រោយ​«ការ​អស់​សុពល​​ភាព» នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស

អត្ថបទខាងក្រោមនេះ ជាទស្សនៈមិត្តអ្នកអាន ដែលត្រូវបានសរសេរជាអត្ថបទ និងផ្ញើរមកទស្សនាវដ្ដី ដោយដាក់ឈ្មោះស្មេរ «សក្កដា ប្រយុទ្ធ»។ ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ សូមយក​អត្ថបទ​នេះ មកចុះផ្សាយទាំងស្រុង (*) ដូចខាងក្រោម។ ប្រសិន​បើ​ប្រិយមិត្ត ចង់​បញ្ចេញ​​ទស្សនៈ ឬ​មតិ​ណា​មួយ​នោះ សូម​សរសេរ​ជា​អត្ថបទ និង​ផ្ញើរ​​មក​ទស្សនាវដ្ដី តាម​រយៈ​មែល (ខាង​ក្រោម​គេហទំព័រ​នេះ) ឬ​តាម​រយៈ​​ទំព័រ​ហ្វេសប៊ុក ​របស់​ទស្សនាវដ្ដី​ក៏​បាន។
ទស្សនៈ​អ្នក​អាន៖ អាថ៌កំបាំង​ពី​ក្រោយ​«ការ​អស់​សុពល​​ភាព» នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស
លោក ហ៊ុន សែន នៅពេលចុះកិច្ចព្រមព្រៀងសន្តិភាព ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ស្ដីពីសន្តិភាពនៅកម្ពុជា។ (រូបថតឯកសារ)

បន្ទាប់ពីគេចផុត ពីរបបកាប់សម្លាប់រាស្ត្រខ្លួនឯងមក ពលរដ្ឋខ្មែរក៏មិនបានសុខសាន្តត្រានដែរ គឺនៅអត់ឃ្លាន ភិតភ័យនឹងសន្តិសុខ និងសង្គ្រាមជានិច្ចរហូតដល់មានកិច្ចព្រមព្រៀងមួយ បញ្ចប់ជម្លោះរវាងខ្មែរនឹងខ្មែរ ដែលមានបរទេសជាបង្អែក ប៉ុន្តែកិច្ចព្រមព្រៀងនេះ នៅមានភាពចម្រោងចម្រាស់យ៉ាងខ្លាំង ដោយម្ខាងយល់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ នៅមានសុពលភាពនៅឡើយ ចំពោះប្រទេសកម្ពុជា រីឯខាងរដ្ឋាភិបាលយល់ថា កិច្ចព្រមព្រៀងនេះបានរលត់បាត់ទៅហើយ។

តាមពិត ខ្លឹមសារនៅក្នុងអត្ថបទ បានចង្អុលបង្ហាញច្បាស់ៗថា កិច្ចព្រមព្រៀងនេះ នៅមានសុពលភាពនៅឡើយ ទោះបីគោលការណ៍ខ្លះ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជាទី២នេះ ទៅហើយក្តី វាជាសច្ចភាព មិនអាចអ្នកណាយកមកបកស្រាយ តាមប្រយោជន៍នយោបាយ បានឡើយ ដូច្នេះហេតុអ្វីបានជារដ្ឋាភិបាលថា កិច្ចព្រមព្រៀងនេះអស់សុពលភាព?

ដំបូង ខ្ញុំចង់បង្ហាញថា តើចំណុចណាខ្លះ ដែលកិច្ចព្រមព្រៀងនេះ នៅតែមានសុពលភាពសិន។ ចំពោះកិច្ចព្រមព្រៀងទាំងមូល អត់មានចំណុចណាមួយចែងថា កិច្ចព្រមព្រៀងនេះអស់សុពលភាព នៅពេលណាទេ ផ្ទុយទៅវិញកិច្ចព្រមព្រៀងនេះ នៅតែបើកចំហរ សម្រាប់ប្រទេសផ្សេងទៀត អាចចូលជាភាគី។ ដូចបានបង្អុលនៅក្នុងមាត្រា៦ នៃឧបសម្ព័ន្ធទី៥ ចែងអំពីការចូលជាធរមាន នៃកិច្ចព្រមព្រៀង ចាប់ពីពេលចុះហត្ថលេខា រវាងហត្ថលេខីទាំងអស់។

តាមពិតមានចំណុចខ្លះៗ នៃកិច្ចព្រមព្រៀងនេះ នឹងរលត់នៅពេលការអនុវត្តបានបញ្ចប់ ដូចជា ការអនុវត្តភារកិច្ចរបស់អ៊ុនតាក់ នៅដំណាក់កាលអន្តរកាល ការដកកងទ័ព ការបោះឆ្នោតដំបូង ការវិលចូលមកវិញ នូវជនភៀសខ្លួនជាដើម ប៉ុន្តែអ្វីដែលកម្ពុជា នៅមានចំណងនឹងកិច្ចព្រមព្រៀងនេះ មានដូចជា៖

១- មាត្រាទី៣ នៃឧបសម្ព័ន្ធទី៥ ចែងអំពីការប្តេជ្ញាគោរពសិទ្ធិមនុស្ស និងសេរីភាពពលរដ្ឋខ្មែរ និងអនុញ្ញាតឱ្យភាគីផ្សេងទៀត ចូលរួមសន្យាបង្កើន និងលើកទឹកចិត្តកម្ពុជា ដល់ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន នៅកម្ពុជា ជាពិសេសការបើកផ្លូវ ឱ្យមានអ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្សដើម្បីរាយការណ៍ពីលទ្ធផល ជារៀងរាល់ឆ្នាំ ទៅគណៈកម្មការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិទៀតផង។

២- មាត្រាទី៥ នៃឧបសម្ព័ន្ធទី៥នេះដដែល បានចែងអំពីការផ្តួចផ្តើមអន្តរាគមន៍ របស់ភាគីហត្ថលេខី ដើម្បីដោះស្រាយបញ្ហារំលោភ ឬការគំរាមកំហែងលើអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពដែលមិនអាចរំលោភបាន នៃដែនដីកម្ពុជា និងការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្សនៅកម្ពុជា។ និយាយឱ្យចំ មាត្រានេះគឺជាមាត្រា ដែលការពារ និងនាំសេចក្តីសុខ ជូនកម្ពុជាសុទ្ធសាធ។

៣- មាត្រាទី៧ នៃឧបសម្ព័ន្ធទី៥នេះទៀត ថាបញ្ជាក់កាន់ច្បាស់ថែមទៀត៖ គឺកិច្ចព្រមព្រៀងនេះ ត្រូវទុកចំហរសម្រាប់រដ្ឋទាំងអស់ ចូលរួមជាភាគីបន្តទៀត ប្រសិនបើកិច្ចព្រមព្រៀងនេះ លែងមានសុពលភាព តើឱ្យរដ្ឋដទៃអាចចូលរួមជាភាគី បានយ៉ាងម៉េច? ដូច្នេះ កិច្ចព្រមព្រៀងនេះ មិនត្រូវបានអស់សុពលភាព ឬរលត់ នៅពេលរដ្ឋធម្មនុញ្ញខ្មែរលេចចេញ ដូចរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នោះទេ។

៤- ការដែលកម្ពុជាទទួលបានជំនួយ ការផ្តល់កម្ចីដែលមានការប្រាក់ទាប និងការអនុគ្រោះជាច្រើន ពីអន្តរជាតិ ជាពិសេសពីអាមេរិក និងសហគមន៍អឺរុបនោះ ក៏ដោយសារមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស នេះដែរ តាមរយៈទីភ្នាក់ងារអន្តរជាតិ និងបណ្តាអង្គការជាច្រើន ដើម្បីជួយកម្ពុជា ស្ទើរគ្រប់វិស័យរាប់ទាំងអភិបាលកិច្ច ហេដ្ឋាចរនាសម្ព័ន្ធ កសិកម្ម វប្បធម៌ សង្គមកិច្ចជាដើម និយាយរួម គឺទាំងផ្នែកទន់ និងផ្នែករឹង ប៉ុន្តែរដ្ឋាភិបាលហាក់មើលមិនឃើញ ប្រហែលមិនបានកាន់លុយ ទាំងដុំៗក្នុងដៃទៀតទេដឹង?

តើអ្វីទាំងអស់ខាងលើ មិនមែនជាអ្វីដែលនាំឱ្យកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ នៅតែមានសុពលភាពទេឬ? ឃើញមានការលើកឡើងថា វាអស់សុពលភាព ដោយសារប្រទេសដែលជាភាគី ដូចជាសហភាពសូវៀត ត្រូវបានបំបែកជាប្រទេសផ្សេងៗជាច្រើន និងភាគីខ្មែរក្រហមរលាយបាត់ ហើយចង់ទៅតោងខ្មែរក្រហម មកធ្វើជាភាគីវិញ។ ការលើកឡើងដូច្នេះ ពិតជាពុំត្រឹមត្រូវទាល់តែសោះ ពីព្រោះគោលដៅនៃកិច្ចព្រមព្រៀងនេះ គឺការបញ្ចប់ជម្លោះនយោបាយផ្ទៃក្នុងកម្ពុជា ការស្តារកម្ពុជាឡើងវិញ និងឱ្យកម្ពុជាដើរតាមផ្លូវលទ្ធិប្រជាធិបតេយ្យមួយ ដ៏ត្រឹមត្រូវ ដូចដែលភាគីកម្ពុជាទាំងបួន (ចតុភាគី) បានចុះហត្ថលេខា។ ឥឡូវងាកមកឆ្លើយថា ហេតុអ្វីបានជារដ្ឋាភិបាល និងក្រុមមន្ត្រីរាប់ទាំងបណ្ឌិតសភាចារ្យនៅតែអះអាងថា កិច្ចព្រមព្រៀងនេះបានស្លាប់ទៅហើយ? ចម្លើយងាយយល់ណាស់ ហើយយើងអាចយល់​ចម្លើយនេះបាន តាមរយៈចំនុចមួយចំនួន ដូចខាងក្រោម៖

១- បំបិទការតវ៉ា៖ តាំងពីយូរលង់ណាស់ រហូតមកទល់ពេលនេះ យើងឮតែរដ្ឋាភិបាលលើកឡើង អំពីសន្តិភាព ធ្វើអ្វីៗដើម្បីតែសន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ទោះក្នុងតម្លៃណាក៏ដោយ ប៉ុន្តែពាក្យនេះ ត្រូវបានគេអនុវត្តឱ្យមានស្តង់ដារពីរ និងដើម្បីទប់ទល់នឹងមតិ ដែលរដ្ឋាភិបាលចាត់ទុកថា ជានិន្នាការប្រឆាំងទៅវិញ។ ជាក់ស្តែងដូចជា ការជួបប្រជុំរបស់ពលរដ្ឋ ប្រសិនបើរដ្ឋគិតថាមិនចំណេញ រដ្ឋនឹងមិនឱ្យមានការជួបប្រជុំ ដើម្បីសម្តែងមតិ ឬហែរក្បួននោះទេ សូម្បីតែការលើកស្លាក (ដោះលែងលោក កឹម សុខា) ការប្រជុំនៅក្នុងទីកន្លែងឯកជន ឬធ្វើបុណ្យសព ក៏មិនត្រូវបានអនុញ្ញាតដែរ ដោយលើកឡើងអំពីការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែគេបណ្តោយ ឱ្យមានការហែរក្បួន ប្រឆាំងលោក កឹម សុខា យ៉ាងអនាធិបតេយ្យ រហូតដល់មានបាតុកម្មវាយតំណាងរាស្ត្រ បែកមុខបែកមាត់ ស្ទើរផុតជីវិត ហើយអាជ្ញាធរថែមទាំងជួយដោះសារ ទាំងរដិបរដុប ម្តងនិយាយថាមិនបានសុំច្បាប់ ម្តងថាសុំរួចហើយ។ ពោលគឺបើពួកគេចង់ធ្វើអីពេលណា គឺអាជ្ញាធរជួយសម្រួល«ជូនម៉ាស្អាត»។

២- បិទមាត់ បិទត្រចៀករាស្ត្រ៖ សេរីភាពក្នុងការបញ្ចេញមតិ និងការទទួលព័ត៌មាន ត្រូវបានរិតត្បិតស្ទើរទាំងស្រុង ប្រជារាស្ត្រត្រូវបានគេរិតត្បិត ក្នុងការនិយាយស្តី ពាក់ព័ន្ធបញ្ហារសើបៗ ដែលស្ថិតក្នុងអ្វី ដែលគេហៅថាជាការបរិហារ និងការញុះញង់ សូម្បីតែតំណាងរាស្ត្រ ក៏មិនអាចគេចផុត ពីទោសទណ្ឌដែរ ប៉ុន្តែនៅពេលមានក្រុម ដែលជេរប្រទេច ឬគំរាមចំពោះអ្នកប្រឆាំងវិញ មិនដែលឃើញអាជ្ញាធរអើពើទេ ទោះបីជាបទល្មើសព្រហ្មទណ្ឌដូចគ្នាក៏ដោយ។ ចំពោះសារព័ត៌មាន ដែលហ៊ានរាយការណ៍ ដោយឥតលំអៀង និងគ្មានការភ័យខ្លាចនោះដូចជា ខេមបូឌាដេលី អាស៊ីសេរី វីអូអេ វីអូឌីជាដើម ត្រូវបានគេចោទថា ជាព័ត៌មានប្រឆាំង ហើយដាក់គំនាបដើម្បីបំបិទសម្លេងចោល ដោយប្រើពន្ធដារ ឬកិច្ចរដ្ឋបាលមកគាបសង្កត់វិញ ដោយទុកឱ្យម៉ាស៊ីនឃោសនា របស់បក្សកាន់អំណាចបំប៉ោងព័ត៌មាន និងវាយប្រហារ​មក​លើបក្សប្រឆាំង បានតាមចិត្ត។

៣- អំណាចក្តាប់រួម៖ ដំណើរប្រជាធិបេយ្យ តាំងពី៩៣មក មិនដែលបានស្រុះស្រួល បានម្តងឡើយ ស្ថាប័នឯករាជ្យដែលជាស្នូល នៃប្រជាធិបតេយ្យទាំងអស់ ត្រូវស្ថិតនៅក្នុងកណ្តាប់ដៃ មនុស្សម្នាក់ តាំងពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ជាពិសេសគឺតុលាការតែម្តង។ ស្ថាប័នសភា ជាអ្នកតំណាងឱ្យសម្លេងរបស់រាស្ត្រ ត្រូវតែការពារផលប្រយោជន៍រាស្ត្រ បែរជាត្រូវបានគេប្រើ សម្រាប់បង្កើតច្បាប់ ក្នុងរយៈពេលតែពីរបីថ្ងៃ ដើម្បីគាបសង្កត់ ឬបំបាត់សម្លេងរបស់ក្រុមណាមួយ ហើយក្រុមប្រឹក្សាធម្មនុញ្ញទៀតសោត មិនដែលលើកឡើង អំពីអធម្មនុញ្ញភាពនៃច្បាប់ម្តងណាឡើយ ទោះបីជាច្បាប់នោះ វាផ្ទុយនឹងរដ្ឋធម្មនុញ្ញ ឬពីធម្មជាតិនៃច្បាប់ យ៉ាងច្បាស់ក្រឡែតក៏ដោយ។ ជាក់ស្តែង ដូចជាច្បាប់ស្តីពីឯកពន្ធភាព ច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ថា មានរបបខ្មែរក្រហម ច្បាប់គណបក្សនយោបាយ (ធ្វើវិសោធនកម្ម២ដងក្នុងមួយឆ្នាំ) ឬច្បាប់ចំនួនបួនចុងក្រោយនេះជាដើម។ ចំណែកតុលាការសព្វថ្ងៃ រង់ចាំតែបញ្ជារបស់អ្នកមានអំណាច បើកាលណាគេនិយាយថាម៉េច គឺមិនដែលចេញលទ្ធផលផ្សេង ពីមាត់អ្នកមានអំណាចឡើយ តាំងពីថ្នាក់ក្រោមដល់កំពូល ដែលនេះជាអ្វី ដែលគេហៅថាការអនុវត្តនីតិរដ្ឋ។

៤- ការអនុវត្តច្បាប់៖ កម្ពុជាមានច្បាប់អាក្រក់ វាជារឿងមិនល្អទៅហើយ ប៉ុន្តែអាក្រក់ជាងនេះ គឺការអនុវត្តមិនស្រប តាមខ្លឹមសារច្បាប់ទៀត ជាពិសេសគឺច្បាប់ដែលពាក់ព័ន្ធ នឹងដំណើរការប្រជាធិតេយ្យ ដូចជាគេប្រើច្បាប់ គ្រប់គ្រងអង្គការសមាគមន៍ ដើម្បីបិទអង្គការ «NDI» ដោយចោទថា មិនបានចុះបញ្ជីត្រឹមត្រូវ និងមិនអព្យាក្រឹត ឬពាក់ព័ន្ធនយោបាយក្រុមប្រឆាំង ប៉ុន្តែខ្ញុំឃើញសហភាពសហព័ន្ធយុវជន គឺជា«NGO»ដែរ ដែលមានអ្នកដឹកនាំ សុទ្ធតែជាអ្នកនយោបាយជាន់ខ្ពស់ ចុះហេតុអីក៏សហភាពនេះ អាចនៅឈរជើងបាន? តើអព្យាក្រឹតភាព នៃសមាគមន៍នេះមានដែរឬទេ?

និយាយរួម អ្វីដែលរដ្ឋាភិបាលតែងតែលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនមានសុពលភាព និងជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជានោះ មកពីនៅក្នុងកិច្ចព្រមព្រៀងនោះ មានចែងយ៉ាងច្បាស់ អំពីការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលត្រូវឃ្លាំមើលដោយភាគីនៃកិច្ចព្រមព្រៀង និងអង្គការសហប្រជាជាតិ ហើយគ្មានអ្វីក្រៅពីការលាក់បាំង ពីការមិនអនុវត្តតាមគោលការណ៍ ដែលបានចងនៅក្នុងកិច្ចព្រមព្រៀងនេះទេ ហើយដើម្បីអាចឱ្យខ្លួនធ្វើអ្វីតាមអំពើចិត្ត គេចចេញពីភ្នែកអន្តរជាតិ ដូចជាការនឹងយកអាសនៈតំណាងរាស្ត្រ ឬក្រុមប្រឹក្សាឃុំ សង្កាត់មកចែកដែលផ្ទុយនឹងឆន្ទៈរាស្ត្រប៉ុណ្ណោះ៕

---------------------------
ដោយ សក្កដា ប្រយុទ្ធ
[email protected]
---------------------------

(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖  ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជា​អត្ថបទ​ស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរ​មកទស្សនាវដ្ដី​ តាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និងធ្វើការ​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេសទស្សនាវដ្ដី នឹងគោរពបំណងប្រាថ្នារបស់ប្រិយមិត្ត ប្រសិនជាប្រិយមិត្ត​មិន​ចង់​បញ្ចេញ​ឈ្មោះ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់