លឺ ឡាយស្រេង ចំអក ហ៊ុន សែន ពី​រឿង​ភ្នាល់​ចាញ់​មិន​សង​លុយ

នៅចំពោះការប្រកាស របស់នាយករដ្ឋមន្ត្រី ក្នុងការបើកឲ្យលេងល្បែងភ្នាល់ នៅលើផ្ទៃប្រទេស ដោយមានរូបលោក ជាមេស៊ីសងនោះ អតីតឧបនាយករដ្ឋមន្ត្រីរបស់លោក គឺលោក លឺ ឡាយស្រេង បានចេញមកថ្លែងចំអក ឲ្យបុរសខ្លាំងកម្ពុជាថា លោកនាយករដ្ឋមន្ត្រី លេងល្បែងភ្នាល់នេះ ជាច្រើនដង ហើយការចាញ់ភ្នាល់លើកមុន លោក ហ៊ុន សែន មិនបានសងលុយ ទៅឲ្យអ្នកឈ្នះទេ។
លឺ ឡាយស្រេង ចំអក ហ៊ុន សែន ពី​រឿង​ភ្នាល់​ចាញ់​មិន​សង​លុយ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី របស់លោក ហ៊ុន សែន។ (រូបថតលើហ្វេសប៊ុក)

កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ប្រទេសកម្ពុជា ឲ្យបើកលេងល្បែងភ្នាល់ ជាទូទៅមួយ ដែលមានរូបលោក ជាមេស៊ីសង។ នៅចំពោះកម្មករកម្មការិនី ច្រើនពាន់នាក់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្រាប់ឲ្យគេឯងភ្នាល់ ចំពោះការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​នៅថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ខាង​មុខ​ នៅ​ពេល​ដែល​តុលាការ​កំពូល នឹង​បើក​សវនាការ លើ​បណ្តឹង​រំលាយ​គណបក្ស​ជំទាស់​ ​ដែល​គេ​ស្គាល់​ថា​ ​ជា​គូប្រជែង​ដ៏ធំ​តែ​មួយ​គត់ ​របស់​លោក​ ​ហ៊ុន សែន ក្នុង​ពេល​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨។

បុរសខ្លាំងកម្ពុជា ដែលបានកាន់តំណែង ជានាយករដ្ឋមន្ត្រី តាំងពីជាងបីទសវត្សន៍មក បានថ្លែងឡើងថា៖ «អ្នកដែលចង់ភ្នាល់ ក៏ភ្នាល់ទៅ មួយចាក់មួយរយទៅ គឺអារំលាយ ឬមិនរំលាយហ្នឹង។ តាមហាងគុយទាវ នាំគ្នាចាក់ទៅ! ទៅបើកម៉ាសេរី ឲ្យនាំគ្នាចាក់! បើ[មិន]រំលាយ ឲ្យមកទារលុយពីខ្ញុំ (...) ឥឡូវចាក់​ភ្នាល់​ទៅ!​ ​បើ​រំលាយ​ស៊ី​តែ​ ១​ទេ​ ​បើ​អត់​រំលាយ​សង​១០០។​ អ្នក​ណា​ចាញ់​ មក​ទារ​ពី​ខ្ញុំ។»។

នៅចំពោះការប្រកាសនេះ លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន និងជាអតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សហ្វុនស៊ីនប៉ិចបានចំអកឲ្យលោក ហ៊ុន សែន ថាលោកនាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់ភ្នាល់ចាញ់លើកមុន តែមិនបានសងប្រាក់ ទៅឲ្យអ្នកឈ្នះនោះទេ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ ក្នុងវិទ្យុអាស៊ីសេរី លោកព្រឹទ្ធាចារ្យ លឺ បានរំលឹកពីព្រឹត្តិការណ៍ នៃការភ្នាល់នោះ​មកវិញថា៖ «កាលពេល មានី ផាគីអៅ (Manny Pacquiao) វ៉ៃជាមួយ ផ្លយ ម៉ាយវ៉េដ័ (Floyd Mayweather) អ្នកប្រដាល់ហ្នឹងណា [លោក ហ៊ុន សែន] ភ្នាល់ចាញ់គេ អត់ឲ្យលុយគេទេទៀត! ហើយមិនមែនភ្នាល់តិចទេណា! ភ្នាល់ដាក់ច្រើនណាស់! ដូច្នេះ គាត់អ្នកភ្នាល់ អ្នកល្បែង ហើយជាអ្នកកម្ទេចហ្នឹងតែម្ដង។»។

ការភ្នាល់ល្បែងស៊ីសង ដោយដាក់ជាប្រាក់ នៅក្នុងព្រឹត្តិការណ៍ប្រដាល់ប្រចាំសតវត្សន៍ រវាងកីឡាករពិភពលោក​ទំងន់មធ្យមទាំងពីរ មិនមែនល្បីនៅត្រឹមតែក្នុង​ប្រទេសកម្ពុជាទេ តែការភ្នាល់ចាញ់ ហើយមិនសងប្រាក់ ពីសំណាក់លោក ហ៊ុន សែន ត្រូវបានសារព័ត៌មានល្បីៗ នៅបស្ចឹមលោក យកទៅចុះផ្សាយនៅពេលនោះ យ៉ាងគគ្រឹកគគ្រេង។ អានអត្ថបទដែលទាក់ទងនេះឡើងវិញ ដោយចុចនៅលើទីនេះ

 

យ៉ាងណា ការប្រកាស​បើកលេងល្បែងភ្នាល់ របស់លោក ហ៊ុន សែន នៅពេលនេះ ទទួលបានការស្វាគមន៍ជាច្រើន ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ យុវជនម្នាក់ ដាក់ឈ្មោះ «San Bunchhay» បានទទួលយក​ការភ្នាល់នេះ ដោយដាក់ប្រាក់ ចំនួន១០០០ដុល្លារ ថាតើគណបក្សសង្គ្រោះជាតិ នឹងត្រូវ ឬមិនត្រូវរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ។

យុវជន ប៊ុនឆាយ បានសរសេរថា៖ «ខ្ញុំហ៊ានភ្នាល់ថា" បក្សសង្រ្គោះជាតិ មិនអាចរំលាយទេ នៅថ្ងៃទី១៦/១១/២០១៧។ ខ្ញុំដាក់១០០០$ បេីខ្ញុំចាញ់ ខ្ញុំនិងផ្ញេីតាមវីង១០០០$ ជូនសម្តេច... តែបេីសម្តេចចាញ់ខ្ញុំ ត្រូវផ្ញេីថវិការដែលចាញ់ខ្ញុំ ចំនួន១០០០០០$។ ខ្ញុំសង្ឃឹមថា សម្តេចនឹងឆ្លេីយតបជាមួយខ្ញុំ។»។

ចំពោះលោក ប៉ាង សុខឿន ដាក់រហស្សនាម «ខ្មែរ សុវណ្ណភូមិ»វិញ ក៏យល់ព្រមភ្នាល់ជាមួយលោក ហ៊ុន សែន ដែរ។ តែបុរសរស់នៅក្នុងប្រទេសណ័រវេស៍រូបនេះ បានបបួលលោក ហ៊ុន សែន ភ្នាល់មួយបែបទៀត។

លោក ប៉ាង សុខឿន បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្មែរ សុវណ្ណភូមិ ស៊ីតែ ១ ទេបើឈ្នះ ហើយនឹងសង ហ៊ុន សែន វិញ រហូតដល់ ១០០០០ ឯណោះ បើ ខ្មែរ សុវណ្ណភូមិ ចាញ់ តែមិនសងត្រឹម ១០០ ដូច ហ៊ុន សែន ឡើយ។ លក្ខខណ្ឌភ្នាល់នោះ គឺ បើ ហ៊ុន សែន ហ៊ានទុកសង្រ្គោះជាតិ ឲ្យប្រកួតត្រឹមត្រូវ និងយុត្តិធម៌ ក្នុងការបោះឆ្នោត នាឆ្នាំ ២០១៨ខាងមុខ គឺ ខ្មែរ សុវណ្ណភូមិ​ ហ៊ានអះអាងថា សង្រ្គោះជាតិនឹងឈ្នះ១០០% ហើយបក្សប្រជាជន របស់ ហ៊ុន សែន និងបរាជ័យយ៉ាងពិតប្រាកដ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់