កីឡាករ​បាល់​ទាត់​បារាំង​ម្នាក់ បញ្ចេញ​«រន្ទះ​ជើង»​ដាក់​អ្នក​គាំទ្រ

ជាលទ្ធផលពីការវាយតប់គ្នានោះ ខ្សែការពាររបស់ក្រុម ម៉ារសីយ៍ (Olympique de Marseille - បារាំង) កីឡាករ ប៉ាទ្រីស៍ អេវ្រា (Patrice Evra) ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញ នៅមុនការប្រកួតចាប់ផ្ដើម ហើយអាចនឹងរងទណ្ឌកម្មជាច្រើនទៀត ពីសំណាក់ក្រុមបាល់ទាត់ខ្លួនឯង និងពីសំណាក់សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA»។
កីឡាករ​បាល់​ទាត់​បារាំង​ម្នាក់ បញ្ចេញ​«រន្ទះ​ជើង»​ដាក់​អ្នក​គាំទ្រ
ទិដ្ឋាភាពបង្ហាញ«រន្ទះជើង» ពីសំណាក់កីឡាករ ប៉ាទ្រីក អេវ្រា ធ្វើទៅលើអ្នកគាំទ្ររបស់ក្រុមខ្លួន។ (រូបថតលើទ្វីសធើរ)

ក្នុងអាយុ៣៦ឆ្នាំ កីឡាករ ប៉ាទ្រីក អេវ្រា (Patrice Evra) ខ្សែការពាររបស់ក្រុមម៉ារសីយ៍ (Olympique de Marseille - បារាំង) ដូចជាបានដាក់ខ្លួនឯង ឲ្យចូលនិវត្តន៍ពីកីឡាបាល់ទាត់ ឲ្យបានលឿនជាងការគ្រោងទុក បន្ទាប់ពីបានប្រើដៃជើង បញ្ចេញក្បាច់គុន ដាល់ទាត់អ្នកគាំទ្ររបស់ក្រុមខ្លួន នៅមុនការប្រកួតកាលពីយប់ម៉ិញ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប ថ្នាក់មធ្យម «Ligue Europa - C3» ក្នុងប្រទេសព័រទុយហ្គាល់។

រឿងរ៉ាវបានកើតឡើង នៅខណៈពេលដែលកីឡាករទាំងអស់ កំពុងកំដៅសាច់ដុំ នៅលើទីលានប្រកួត នៅមុនការប្រកួត​រវាងក្រុមម្ចាស់ផ្ទះ ឈ្មោះ វីតូរីយ៉ា (Vitória SC - ព័រទុយហ្គាល់) និងក្រុមម៉ារសីយ៍។ មានវត្តមាននៅលើវេទិកា ក្រុមអ្នកគាំទ្រ របស់ក្រុមម៉ារសីយ៍មួយភាគ បានស្រែកច្រៀង ដែលមានលក្ខណៈជាការចំអក និងការជេរប្រទេច ទៅឲ្យកីឡាករ ប៉ាទ្រីស៍ អេវ្រា រហូតលុះត្រាកីឡាកររូបនេះ បាត់ការអត់ធ្មត់ ហើយបានដើរចូលទៅកាន់ទីនោះ ដើម្បីស្នើសុំ ឲ្យមានការពន្យល់។

ប៉ុន្តែការពន្យល់តាមមាត់ មិនគ្រប់គ្រាន់ទេ។ ក្រុមអ្នកគាំទ្រមួយចំនួន បានលោកចុះពីវេទិកា។ កីឡាករ អេវ្រា ក៏បានហក់ចូលទៅជួបដែរ និងបានប្រើកណ្ដាប់ដៃរបស់ខ្លួន ដាល់អ្នកគាំទ្រម្នាក់ (វីដេអូខាងក្រោម)។

បន្ទាប់មកទៀត ក្រុមអ្នកគាំទ្រ ដែលទំនងជាមិនសុខចិត្ត នឹងការវាយដុំនេះ ក៏បន្តស្វែងរក«ការជំរះបញ្ជី» ជាមួយកីឡាករខ្សែការពារ រហូតផ្ទុះជម្លោះជាថ្មីទៀត។ លើកនេះ កីឡាករ អេវ្រា ដែលមានវ័យ៣៦ឆ្នាំ ជិតចូលនិវត្តន៍ទៅហើយនោះ បានឆ្លើយតបដោយប្រើជើងរបស់ខ្លួន ទាត់អ្នកគាំទ្រមួយទំហឹង សំដៅកណ្ដាលមុខ (វីដេអូខាងក្រោម) ជាមួយនឹងកាយវិការ ដូចជាចង់ត្រៀម«ប្រដាល់បន្ត»។

ជម្លោះដ៏អកុសល បានបញ្ចប់ទៅ ដោយសារអន្តរាគមន៍របស់មន្ត្រីសន្តិសុខ នៅក្នុងកីឡាដ្ឋានរបស់ក្រុម វីតូរីយា និងពីសំណាក់ក្រុមកីឡាកររួមក្រុម របស់កីឡាករ អេវ្រា ដែលបានព្យាយាម ជម្លៀសកីឡាករឲ្យត្រឡប់ចូល ទៅក្នុងបន្ទប់​ផ្លាស់ខោអាវ។ នៅមុនការចាប់ផ្ដើមប្រកួតរវាងក្រុមទាំងពីរ កីឡាករ អេវ្រា បានត្រឡប់មកអង្គុយ នៅលើកៅអីសម្រាប់កីឡាករបម្រុង លើទីលានប្រកួតវិញ តែត្រូវបណ្ដេញចេញពីទីលាន ឲ្យឡើងទៅអង្គុយនៅលើវេទិកា ដោយហេតុថា នៅមុននេះ អាជ្ញាកណ្ដាល​បានដក​កាត​ក្រហម ពិន័យកីឡាកររូបនេះ សម្រាប់ជម្លោះវាយតប់ខាងលើ រួចហើយ។

នៅក្រោយពេលបញ្ចប់ការប្រកួត ដែលធ្វើឲ្យក្រុមម៉ារសីយ៍ ចាញ់ក្រុមវិចតូរីយ៉ា (០-១)  អ្នកគ្រប់គ្រង និងជាគ្រូបង្វឹក លោក រូឌី ហ្គាស៊ីយ៉ា (Rudi Garcia) បានបញ្ចេញប្រតិកម្ម ទៅនឹងជម្លោះវាយតប់ខាងលើថា កីឡាករ ប៉ាទ្រីស៍ អេវ្រា គួរតែរក្សាភាពអត់ធ្មត់ និងមិនត្រូវឆ្លើយតបវិញ ដោយកាយវិការរបៀបនេះទេ។ លោក ហ្គាស៊ីយ៉ា បានថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយទូរទស្សន៍ «Being Sport» ថា៖ «ប៉ាទ្រីស៍ មានបទពិសោធន៍ច្រើនណាស់ ហើយមិនត្រូវប្រតិកម្មដូច្នេះឡើយ។ យើងមិនត្រូវឆ្លើយតប ទៅនឹងការជេរប្រទេច ទោះមានកម្រិតណា ឬដល់ថ្នាក់ទទួលយកមិនបានក្ដី ក្នុងនាមយើង ជាកីឡាករអាជីព។»។

បើតាមស្ថិតិ របស់សហគ្រាស «Opta Sports» បានឲ្យដឹងថា កីឡាករ អេវ្រា ជាកីឡាករដំបូងបង្អស់ នៅក្នុងប្រវត្តិនៃការប្រកួត «Ligue Europa» ដែលទទួលបានកាតក្រហម ទាំងមិនទាន់បានចូលប្រកួត។

ក្រុមម៉ារសីយ៍ បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីយប់ម៉ិញ អះអាងពីការបើក​ការស៊ើបអង្កេត​ផ្ទៃក្នុងមួយ និងបានហៅទង្វើ របស់កីឡាកររបស់ខ្លួន ថាជាការទទួលយកមិនបាន។ បើតាមសារព័ត៌មាន «L'Equipe» របស់បារាំង ដែលជំនាញខាងព័ត៌មានកីឡា បានអះអាងនៅព្រឹកនេះថា កីឡាករ អេវ្រា អាចនឹងត្រូវក្រុមម៉ារសីយ៍ បណ្ដេញចោល​ថែមទៀត ប្រសិនជាការស៊ើបអង្កេត រកឃើញពីកំហុសរបស់កីឡាករ។

ហេតុការណ៍ជម្លោះវាយតប់ខាងលើ ក៏ជៀសមិនផុតពីចំណាត់ការ របស់សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» ដែលជាអ្នករៀបចំការប្រកួត «Ligue Europa» នោះដែរ។ ស្ថាប័នបាល់ទាត់អ៊ឺរ៉ុបមួយនេះ នឹងបើកការស៊ើបអង្កេតរបស់ខ្លួនដូចគ្នា ហើយទាំងកីឡាករ អេវ្រា និងក្រុមម៉ារសីយ៍ សុទ្ធតែអាចត្រូវរងទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរ ក្នុងពេលខាងមុខ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់