បណ្ដេញ​ចេញ​ពី​ការងារ បន្ទាប់​ពី​ហុច​ម្រាម​ដៃ​ឲ្យ ត្រាំ

អ្នកស្រី ជូលី ប្រ៊ីសក្មាន់ (Juli Briskman) បានអះអាងថា ត្រូវបានបណ្ដេញចេញពីការងារ បន្ទាប់ពីអ្នកស្រីបានយករូបថតមួយសន្លឹកនេះ មកបង្ហោះនៅលើបណ្ដាញសង្គម។ ក្នុងរូបថតនេះ គឺស្ត្រីជាតិអាមេរិកាំងរូបនេះ បានលើកម្រាមដៃកណ្ដាលរបស់ខ្លួន បង្ហាញដាក់ក្បួនរថយន្ដ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលទើបចេញពីលេងកីឡាកូនហ្គោល ក្នុងរដ្ឋវៀជឺនី។
បណ្ដេញ​ចេញ​ពី​ការងារ បន្ទាប់​ពី​ហុច​ម្រាម​ដៃ​ឲ្យ ត្រាំ
ទិដ្ឋភាពបង្ហាញម្រាមដៃកណ្ដាល របស់អ្នកស្រី ជូលី ប្រ៊ីសក្មាន់ ទៅឲ្យក្បួនរថយន្ដប្រធានាធិបតី ដូណាល់ ត្រាំ។ (រូបថតលើហ្វេសប៊ុក)

បង្ហាញម្រាមដៃកណ្ដាល ដាក់ប្រធានាធិបតី ជាកាយវិការដែលត្រូវហាមឃាត់ឬ នៅសហរដ្ឋអាមេរិក? មិនមែនទេ! តែគឺរូបថតពីសកម្មភាពនេះ ដែលត្រូវបានម្ចាស់ខ្លួន យកទៅបង្ហោះផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមនោះទៅវិញទេ ដែលធ្វើឲ្យអ្នកស្រី ជូលី ប្រ៊ីសក្មាន់ (Juli Briskman) អាយុ៥០ឆ្នាំ ត្រូវបានបណ្ដេញចេញពីការងារ។

ស្ត្រីអាមេរិកាំងរូបនេះ បានអះអាងដូច្នេះដោយខ្លួនឯង ដោយបានពន្យល់ថា នៅក្នុងកិច្ចសន្យាការងាររបស់អ្នកស្រី មានសរសេរកំណត់ មិនឲ្យអ្នកស្រី ចែករំលែករូបភាពអ្នកស្រី ដែលអាចប៉ះពាល់​ដល់ក្រុមហ៊ុន ដែលអ្នកស្រីធ្វើការឲ្យ។ នៅមុននេះ អ្នកស្រីគឺជាទីប្រឹក្សាផ្នែកទីផ្សារ របស់ក្រុមហ៊ុន «Akima LLC» ហើយអ្នកស្រីបានធ្វើការ នៅក្នុងតំណែងនេះ តាំងពី៦ខែមកហើយ។

អ្នកស្រីបានរៀបរាប់ ពីហេតុការណ៍នៅពេលនោះ ប្រាប់សារព័ត៌មាន «Huffington Post» ប្រចាំអាមេរិកថា នៅពេលក្បួនរថយន្ដប្រធានាធិបតី បើកឆ្លងកាត់តាមនោះ អ្នកស្រីកំពុងគិតអំពីរឿងជាច្រើន ដូចជា យុវជនដែលគ្មានក្រដាសស្នាម ត្រូវបានបណ្ដេញចេញ ការលប់បំបាត់ចោល នូវការចុះឈ្មោះ ក្នុងកម្មវិធីសុខភាព «ObamaCaire» ឬដូចជាពលរដ្ឋនៅកោះ «Porto Rico» តែមួយភាគប៉ុណ្ណោះ ដែលទទួលបានអគ្គិសនី​ជាដើម។ អ្នកស្រីបន្តថា ផ្ទុយទៅវិញ ប្រធានាធិបតី ត្រាំ នៅមានអារម្មណ៍ មកដើរកំសាន្ដ លេងកីឡាកូនហ្គោលឯណេះទៅវិញ។ អ្នកស្រីថា៖ «ខ្ញុំបានបង្ហាញម្រាមដៃកណ្ដាល ជាច្រើនដង ដាក់ទៅក្បួនរថយន្ដទាំងនេះ»។

រូបថតត្រូវបានថតជាប់ ដោយអ្នកសារព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ហើយត្រូវបានអ្នកស្រី យកមកបង្ហោះ នៅលើគណនីហ្វេសប៊ុកអ្នកស្រី នៅថ្ងៃទី ២៩ ខែតុលាកន្លងទៅ។ លុះមកដល់ថ្ងៃទី ៣១ ខែតុលា អ្នកស្រីត្រូវបានគណៈអភិបាល នៃក្រុមហ៊ុន «Akima LLC» កោះហៅឲ្យមកជួប ដើម្បីនិយាយពី ម្រាមដៃកណ្ដាលខាងលើ។ ពួកគេទាំងនោះ បាននិយាយមកកាន់អ្នកស្រីថា ពួកគេ​បានសម្រេចចិត្ត បណ្ដេញអ្នកស្រីចេញពីក្រុមហ៊ុន មុននឹងចាប់បង្ខំឲ្យអ្នកស្រី «លាលែងពីការងារ» ដោយខ្លួនឯង ក្រោមហេតុផលថា ជម្រើសនេះនឹងអាចឲ្យអ្នកស្រី រកការងារធ្វើវិញ ងាយជាងការបណ្ដេញចេញ។

អ្នកស្រី បានថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយសារព័ត៌មាន «New York Times» ថា៖ «ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលណាស់ ព្រោះខ្ញុំមិនគិតថា រូបភាពប៉ុណ្ណេះ ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន ជាងអ្វីផ្សេងៗ ដែលបានកើតមាន នៅលើអ៊ិនធើណែតនោះទេ»។

អ្នកស្រីបានថ្លែង​ការពារខ្លួនថា រូបថតនោះ ត្រូវបានថតជាប់ ពីក្រោយខ្នង ទាំងអ្នកស្រីមិនបានដឹងខ្លួន ហើយនៅមុននេះ អ្នកស្រីមិនត្រូវបានគេស្គាល់ ពីអត្តសញ្ញាណ និងក៏គ្មានចំណុចណាមួយ ដែលភ្ជាប់រូបភាពនេះ ទៅនឹងក្រុមហ៊ុន «Akima LLC» នោះដែរ។ អ្នកស្រីបន្តថា៖ «នៅពេលកើតហេតុនេះ ខ្ញុំមិនស្ថិតក្នុងការងារទេ។ ប៉ុន្តែគណៈអភិបាល របស់ក្រុមហ៊ុន បានលើកឡើងថា ខ្ញុំបានបំពាន ទៅលើក្រមវិជ្ជាជីវៈ របស់ក្រុមហ៊ុន។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់