សម រង្ស៊ី កំពុង​«ជំរះ​បញ្ជី»​ជា​មួយ ម៉ៅ មុនីវណ្ណ?

លោក សម រង្ស៊ី  បានចាត់ទុកលោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ តាមរយៈវីដេអូបង្ហោះ នៅលើបណ្ដាញសង្គម ថាបានកំពុងប្រព្រឹត្តិទង្វើក្បត់បក្ស ខណៈលោក ម៉ៅ មុនីវណ្ណ ខ្លួនលោក បានច្រានចោលការចោទប្រកាន់នោះ និងព្រមានអ្នកដែលលើកឡើងដូច្នេះ ថាជាអ្នកលាបពណ៌ ហើយនឹងទទួលវិប្បដិសារី នៅថ្ងៃណាមួយ។ ប៉ុន្តែរឿងរ៉ាវ អាចនឹងរីកផ្ទុះ ធំជាងការរំពឹងគិត ប្រសិនជាក្រុមមន្ត្រីគណបក្សប្រឆាំង មិនគិតពីគ្រោះថ្នាក់ដែលអាចកើតមាន ក្នុងពេលខាងមុខ។
សម រង្ស៊ី កំពុង​«ជំរះ​បញ្ជី»​ជា​មួយ ម៉ៅ មុនីវណ្ណ?
លោក សម រង្ស៊ី អតីតប្រធានគណបក្ស និងលោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់ និងជាតំណងរាស្ត្រមណ្ឌលកំពង់ចាម របស់គណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)

ក្រុមអ្នកឃ្លាំមើល បានព្រមានរួចហើយថា បើស្ថានការណ៍របស់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសភាពបែបនេះតទៅទៀត គណបក្សប្រឆាំងធំជាងគេ នៅកម្ពុជាមួយនេះ នឹងរលាយខ្លួនដោយឯកឯង និងមិនចាំបាច់ឲ្យតុលាការ ឬរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាស​រំលាយនោះឡើយ។ ស្ថានការណ៍ដែលធ្លាក់ចុះដុនដាប កាន់តែខ្លាំងឡើង បន្ទាប់ពីប្រធានគណបក្ស ត្រូវបានចាប់ឃុំខ្លួន​ដាក់ក្នុងពន្ធនាគារ - គណបក្ស​បានរងបណ្ដឹង​រំលាយ​គណបក្ស ទៅកាន់​តុលាការកំពូល និងចុងក្រោយបំផុត​នេះ គឺការលើកឡើងជាបន្តបន្ទាប់ ទាក់ទងនឹងមន្ត្រីមួយចំនួន ដែលរងការចោទប្រកាន់ ថាកំពុងប្រព្រឹត្តិទង្វើ​«ក្បត់» ចង់ទាញ​យកគណបក្ស ឲ្យក្លាយជាគណបក្ស«រណប» របស់គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងនោះ ត្រូវបានបន្លឺចេញនៅទីបំផុត និងជាសាធារណៈ ដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិតែម្ដង តាមរយៈវីដេអូមួយ ដែលលោកបានធ្វើ​ពីរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី កាលពីម្សិលម៉ិញ។ បើទោះជាអតីប្រធានគណបក្សរូបនេះ មិនបានហៅលោក ម៉ៅ មុនីវណ្ណ ថាជា«ជនក្បត់បក្ស»ក៏ដោយ តែលោកបានពន្យល់ នៅក្នុងវីដេអូនោះថា សកម្មភាពរបស់លោកតំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ ក្នុងពេលថ្មីៗនេះ ជា«អំពើក្បត់» ដែលមិនអាចឲ្យទទួលយកបាន និងជាអំពើ តាមការបញ្ជាណែនាំ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក សម រង្ស៊ី បានថ្លែងឡើងថា៖ «ឥឡូវមានអ្នកចេញមុខ ធ្វើតាមការណែនាំ និងការបញ្ជារបស់លោក ហ៊ុន សែន របស់គណបក្សប្រជាជនកម្ពុជា គឺលោក ម៉ៅ មុនីវណ្ណ។ លោក ម៉ៅ មុនីវណ្ណ គាត់ចេញមុខដើរទាក់ទងគេ ឲ្យទៅតាមគាត់ ព្រោះគាត់ប្រកាសថា តិចទៀតគេដូរថ្នាក់ដឹកនាំកំពូល របស់គណបក្សសង្រ្គោះជាតិហើយ គាត់ចង់មកធ្វើជាថ្នាក់ដឹកនាំ ជំនួសលោក កឹម សុខា ជំនួសអ្នកស្មោះត្រង់ ដូច្នេះនេះជាអំពើក្បត់ ក្បត់ដ៏ថោកទាប ដែលកូនខ្មែរទាំងអស់ កូនខ្មែរដែលមានកិត្តិយស កូនខ្មែរដ៏ឆ្នើម កូនខ្មែរដ៏ថ្លៃថ្នូរ មិនអាចទទួលយកបាន»។

 

ការលើកឡើងរបស់លោក សម រង្ស៊ី ហាក់​ចូលមក​បញ្ជាក់អះអាង ពីរាល់ការបែកធ្លាយ (ឬពាក្យចចាមអារាម) ទាំងឡាយ ដែលក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ស្និតនឹងគណបក្សប្រឆាំង បានលើកឡើង តាំងពីច្រើនថ្ងៃមកហើយ ថាលោក ម៉ៅ មុនីវណ្ណ បានក្បត់គណបក្ស ដោយយកបញ្ជីឈ្មោះបេក្ខជន ដែលត្រូវឈរឈ្មោះ ក្នុងការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ ឆ្នាំ២០១៨ ទៅដាក់នៅ គ.ជ.ប ដោយគ្មានការដឹងឮ ពីគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។

 

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម នៅបានលើកឡើងបន្ថែមទៀត ដោយភ្ជាប់ករណីលោក ម៉ៅ មុនីវណ្ណ ទៅនឹងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត របស់គណបក្សសង្គ្រោះជាតិ មានដូចជាលោក ប៉ុល ហំម (អនុប្រធានគណបក្ស និងជាតំណាងរាស្ត្រ​​មណ្ឌល​តាកែវ​) លោក សួន រីដា (តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ) និងលោក មុត ចន្ថា (នាយកខុទ្ទកាល័យរបស់លោក កឹម សុខា ប្រធានគណបក្ស) នោះផង។

 

នៅចំពោះការលើកឡើងខាងលើ លោក ម៉ៅ មុនីវណ្ណ បានចេញមុខមកបដិសេធភ្លាមៗ ដោយហៅការចោទប្រកាន់ទាំងនោះ ថាត្រូវបានធ្វើឡើង ដោយគ្មានការពិត និងភស្ដុតាងច្បាស់លាស់។ ប្រតិកម្មនៅលើវិទ្យុអាស៊ីសេរី លោកតំណាងរាស្ត្រមណ្ឌលកំពង់ចាមរូបនេះ បានសំដែងនូវក្ដីឈឺចាប់ និងអះអាងថា សកម្មភាពរបស់លោក ក្នុងពេលកន្លងមកនេះ គឺដើម្បីការពារគណបក្ស។ លោកថា លោកនឹងរក្សាភាពស្ងប់ស្ងាត់ ដើម្បីបញ្ជាក់ពី«បេះដូងបរិសុទ្ធ»របស់លោក ហើយថានឹងធ្វើការ ជាមួយថ្នាក់ដឹកនាំក្នុងគណបក្ស ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសបន្តទៅទៀត។

ក្នុងការថ្លែងមួយ នៅចំពោះក្រុមអ្នកគាំទ្រគណបក្ស ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែតុលាម្សិលម្ងៃ លោក ម៉ៅ មុនីវណ្ណ បានហៅជន«ផ្ទៃក្នុង»មួយចំនួន ថាចេះតែ«បំផុសព័ត៌មាន»ឡើង ហើយបានអំពាវនាវ ទៅកាន់​ជន​«ផ្ទៃក្នុង»​គណបក្ស​ទាំងនោះថា៖ «បើអស់លោក មិនបានជួយសកម្មភាព​ជូនគណបក្សទេ សុំកុំរារាំង សុំកុំបំប៉ោងព័ត៌មាន បំបាក់ទឹកចិត្ត អ្នកដែលខិតខំធ្វើការងារ ដើម្បីជាតិនិងមាតុភូមិយើងឲ្យសោះ»។

នៅក្នុងការថ្លែងដដែលនោះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បានអះអាងថា លោកមិនរិះគន់ក្រុមមន្ត្រីគណបក្ស ដែលបានចាកចេញទៅក្រៅប្រទេសទេ តែលោក​បានប្រើជាភាសា ជាលក្ខណៈ​«នយោបាយយកមុខ» នៅក្នុងឃ្លាបន្ទាប់ ដើម្បីថ្លែង​ទៅកាន់ក្រុមអ្នកគាំទ្រថា៖ «ទោះបីខ្ញុំត្រូវប្រឈម នឹងបញ្ហាអ្វីក៏ដោយ ទោះជាអាយុជីវិតខ្ញុំក៏ដោយ ខ្ញុំនឹងនៅជាមួយលោកប្រធាន (...) ខ្ញុំនៅជាមួយប្រជាពលរដ្ឋ ខ្ញុំការពារផលប្រយោជន៍ប្រជាពលរដ្ឋ ខ្ញុំនៅជាមួយសកម្មជន ខ្ញុំការពារផលប្រយោជន៍សកម្មជន»។

»​ វីដេអូនៃការថ្លែងទាំងស្រុង របស់លោក ម៉ៅ មុនីវណ្ណ៖

កាលពីដើមខែមីនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោក ម៉ៅ មុនីវណ្ណ គឺជា«រនុកក្នុង» របស់លោក ក្នុងការបង្ហោះសារ ឲ្យលោកដឹង ទាក់ទងនឹងការចោទប្រកាន់កូនប្រុសលោក ថាជាកូនសាហាយស្មន់ រវាងភរិយាលោក និងមេបញ្ជាការវៀតណាមឈ្មោះ ឡេ ឌឹកថូ។ លោក ម៉ៅ មុនីវណ្ណ ក៏អាចជាគូសត្រូវនយោបាយ ដ៏ស្រួចស្រាវមួយរូបដែរ របស់លោក សម រង្ស៊ី និងក្រុមអ្នកជិតដិតរបស់លោក បន្ទាប់ពីលោក ម៉ៅ មុនីវណ្ណ បានចាកចេញពីគណបក្ស សម រង្ស៊ី ក្នុងឆ្នាំ២០១២ ដើម្បីទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស នៅមុនពេលគណបក្សទាំងពីរ បានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិឡើង។ នៅពេលចាកចេញនោះ លោក ម៉ៅ មុនីវណ្ណ បានធ្វើសន្និសីទកាសែត បកអាក្រាតពីបញ្ហាផ្ទៃក្នុង ដែលបានកើតមានឡើង ក្នុងគណបក្ស សម រង្ស៊ី។

លោក ប៉ា ងួនទៀង នាយកវិទ្យុសម្លេងប្រជាធិបតេយ្យ និងជានាយកមជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានថ្លែងសំដែងក្ដីបារម្ភរបស់លោក អំពីគំនុំនយោបាយ​ ជាយថាហេតុខាងលើ ដែលកើតមានឡើង រវាងបុគ្គលនិងបុគ្គល តែអាចនឹងនាំទុក្ខ ដល់គណបក្សសង្គ្រោះជាតិ រហូតដល់ការរលាយខ្លួន ដោយឯកឯង ដោយមិនចាំបាច់តុលាការ ឬរដ្ឋាភិបាលរំលាយ។ មន្ត្រីឃ្លាំមើលបញ្ហា​នយោបាយ​កម្ពុជា​រូបនេះ បានរិះគន់សំដី​របស់លោក សម រង្ស៊ី ក្នុងការចោទប្រកាន់មនុស្សម្នាក់ ជាសាធារណៈដូចនេះ ថាមិនមែនជាជម្រើសដ៏ល្អទេ ហើយក៏មិនមែនជាដំណោះស្រាយឡើយ ជាពិសេសនៅ​ចំពោះបញ្ហា ដែលកើតឡើង ខាងក្នុងផ្ទៃក្នុងគណបក្សដូច្នេះ៕

» ការថ្លែងឡើងរបស់លោក ប៉ា ងួនទៀង៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់