ហ្វេសប៊ុក កំពុង​សាក​ល្បង​ជញ្ជាំង​បែង​ចែក​ថ្មី នៅ​កម្ពុជា​និង​ប្រទេស​៥ទៀត

ប្រសិនជាការបង្ហោះអ្វីមួយ ដែលទំព័រហ្វេសប៊ុក ដែលអ្នកបានចុច «Like» លែងបង្ហាញខ្លួន នៅលើជញ្ជាំងហ្វេសប៊ុក ដូចរាល់ដងទៀត សូមកុំភ្ញាក់ផ្អើល ព្រោះក្រុមហ៊ុនហ្វេសប៊ុក កំពុងធ្វើការសាកល្បង លំហរថ្មីៗជាច្រើន ដើម្បីបែងចែកចេញពីគ្នា រវាងការបង្ហោះ ជាលក្ខណៈមិត្តភ័ក្រ​ឬគ្រួសារ និងការបង្ហោះជាលក្ខណៈទំព័រ (រាប់បញ្ចូលទាំងស្ថាប័នរដ្ឋ ឯកជន និងសារព័ត៌មាន)។
ហ្វេសប៊ុក កំពុង​សាក​ល្បង​ជញ្ជាំង​បែង​ចែក​ថ្មី នៅ​កម្ពុជា​និង​ប្រទេស​៥ទៀត
បណ្ដាញសង្គម ហ្វេសប៊ុក នៅក្នុងបម្រើបម្រាស់ ជាមួយទូរស័ព្ទដែរ។ (រូបថតឯកសារ)

ដំណឹងនេះនឹងជា«គ្រោះថ្នាក់ធ្ងន់ធ្ងរ» សម្រាប់សហគ្រាសក្រុមហ៊ុនយ៉ាងច្រើន ជាពិសេសស្ថាប័នសារព័ត៌មាន ដែលដកដង្ហើមរស់ ចេញតែពីបណ្ដាញសង្គម។ ហ្វេសប៊ុក បណ្ដាញសង្គមធំជាងគេ នៅលើផែនដីយើងនេះ កំពុងយកប្រទេសចំនួន៦ មកធ្វើការសាកល្បង ក្នុងការបែងចែកជញ្ជាំងបច្ចុប្បន្នភាព របស់បណ្ដា​អ្នកប្រើប្រាស់របស់ខ្លួន។

អ្នកប្រើប្រាប់បណ្ដាញសង្គម នៅក្នុងប្រទេសទាំង៦ ដែលរួមមានកម្ពុជា ស្រីលង្កា បូលីវី សែរប៊ី ស្លូវាក និងហ្គាតឺម៉ាឡា មិនអាចមើលឃើញការបង្ហោះផ្សាយ ពីការបង្ហោះផ្សាយដំណឹង របស់ទំព័រហ្វេសប៊ុកទាំងឡាយ (រាប់ទាំងទំព័រផ្ទាល់ខ្លួន សហគ្រាស ស្ថាប័នរដ្ឋ  ឬស្ថាប័នសារព័ត៌មាន) ដែលអ្នកប្រើប្រាស់ បានចុុច«Like» ដើម្បីបានឃើញការបង្ហោះដូចគ្នានេះ កាលពីពេលមុនៗមកទេ។ ដើម្បីអាចចូល ទៅរកមើលការបង្ហោះផ្សាយទាំងនេះបាន អ្នកប្រើប្រាស់ហ្វេសប៊ុក ចាំបាច់ត្រូចចុចចូល ទៅក្នុងផ្នែកមួយហៅថា «Explore Feed»។

សេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយពីក្រុមហ៊ុន ហ្វេសប៊ុក បានសរសេរឲ្យដឹងថា៖ «យើងតែងតែស្តាប់សហគមន៍របស់យើង ដើម្បីកែលម្អព័ត៌មាន ដែលបង្ហាញចេញ នៅលើជញ្ជាំងរបស់ក្រុមអ្នកប្រើប្រាស់។ មានមនុស្សជាច្រើន បានប្រាប់យើងថា ពួកគេចង់ឃើញភ្លាមៗ និងដោយស្រួល នូវការបង្ហោះទាំងឡាយណា ដែលមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ បានធ្វើនៅលើហ្វេសប៊ុក។ យើងកំពុងសាកល្បងលំហរ នៃការបែងចែកជញ្ជាំងទាំងនោះ ដើម្បីអាចឲ្យអ្នកប្រើប្រាស់ទាំងឡាយ អាចតាមដានមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ ខណៈលំហរមួយផ្សេង ដែលមានឈ្មោះ "Explore Feed" សម្រាប់បង្ហាញពីការបង្ហោះ របស់ទំព័រទាំងឡាយ។»។

ការផ្លាស់ប្ដូរខាងលើនេះ កំពុងស្ថិតក្នុងការសាកល្បងនៅឡើយ។ តែទោះជាធ្វើ ត្រឹមតែជាការសាកល្បង ឬដាក់ឲ្យប្រើប្រាស់ជាផ្លូវការក៏ដោយ ក៏វាជាគ្រោះថ្នាក់មួយដ៏ធ្ងន់ធ្ងរ សម្រាប់ស្ថាប័នទាំងឡាយណា ដែលរស់អាស្រ័យ ដោយសារតែហ្វេសប៊ុក ជាពិសេស គឺស្ថាប័នសារព័ត៌មានតែម្ដង។

ជាងនេះទៅទៀត ការផ្លាស់ប្ដូរ​របស់បណ្ដាញសង្គម អាចនឹងប៉ះពាល់ខ្លាំង ទៅដល់សេរីភាព និងលិទ្ធិប្រជាធិបតេយ្យ ដោយហេតុថាបណ្ដាញសង្គម ត្រូវបានប្រើប្រាស់ តាមរយៈទំព័រហ្វេសប៊ុកជាច្រើន ដែលមានអ្នកតាមដាន រាប់ម៉ឺនសែនលាននាក់ ដើម្បីចែករំលែករឿងរ៉ាវ ព័ត៌មានសង្គម នយោបាយ ឬការបញ្ចេញមតិ ដែលគេមិនឃើញមានធ្វើ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយជំនាន់មុន ដូចជាវិទ្យុ ទូរទស្សន៍ ឬសារព័ត៌មានបោះពុម្ភជាដើម។

ផ្ទុយទៅវិញ សម្រាប់អ្នកឃ្លាំមើលជាច្រើន បានរិះគន់ការផ្លាស់ប្ដូររបស់ក្រុមហ៊ុន ហ្វេសប៊ុក នេះ ថាមានលក្ខណៈស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួន ច្រើនជាង។ ព្រោះ បើទោះជាហ្វេសប៊ុក បានបែងចែកលំហរជញ្ជាំង របស់អ្នកប្រើប្រាស់ខ្លួនដូច្នេះមែនក៏ដោយ តែហ្វេសប៊ុកនៅតែអនុញ្ញាត ឲ្យទំព័រហ្វសប៊ុកទាំងនោះ អាចធ្វើការផ្សាយពាណិជ្ជកម្ម ពីការបង្ហោះរបស់ខ្លួន ដើម្បីឲ្យការបង្ហោះនោះ ត្រូវបានមើលឃើញ នៅនឹងជញ្ជាំងមុខ របស់អ្នកប្រើប្រាស់ដដែល។

យ៉ាងណា លទ្ធផលពីការដាក់សាកល្បង នៃការបែងចែកជញ្ជាំងអ្នកប្រើប្រាស់ខាងលើ នឹងអាចឲ្យដឹង នៅត្រីមាសទីមួយ ក្នុងឆ្នាំ២០១៨ខាងមុខ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់