អនុ​ប្រធាន CNRP ថា​ការ​ដោះ​លែង ហុង សុខហួរ ព្រោះមាន​«សម្ពាធ»

លិខិតសុំអភ័យទោស ពីសំណាក់លោក ហុង​ សុខហួរ អតីតសមាជិកព្រឹទ្ធសភា គ្រាន់តែជាទម្រង់មួយ ដើម្បីកុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាក់មុខតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការលើកលែង និងការដោះលែង​មន្ត្រីគណបក្ស​ប្រឆាំង​រូបនេះ ធ្វើឡើង ដោយសារលោក ហ៊ុន សែន រងសម្ពាធ​ពី​ជុំទិស។ នេះ បើតាមការលើកឡើង របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
អនុ​ប្រធាន CNRP ថា​ការ​ដោះ​លែង ហុង សុខហួរ ព្រោះមាន​«សម្ពាធ»
លោក ហុង សុខហួរ និងភរិយារបស់លោក បន្ទាប់ពីរូបលោកត្រូវបានដោះលែង ក្នុងល្ងាចថ្ងៃទី២៥ ខែតុលានេះ ពីពន្ធនាគារព្រៃស។ (រូបថតលើហ្វេសប៊ុក)

«មិនមែន នៅសុខៗ ស្រាប់តែគេមកដោះលែង លោក ហុង សុខហួរ នោះទេ» នេះជាការលើកឡើងរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅមុននេះបន្តិច ដើម្បីភ្ជាប់ទៅនឹងការសាទររបស់លោក ក្នុងការដោះលែងអតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី (បច្ចុប្បន្នជាគណបក្សភ្លើងទៀន) បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បានជាប់នៅក្នុងពន្ធនាគារ អស់រយៈពេល ជាង២ឆ្នាំកន្លងមក។

លោក ហុង សុខហួរ ត្រូវបានព្រះមហាក្សត្រព្រះរាជទាន​លើកលែងទោស តាមរយៈព្រះរាជក្រឹត្យមួយ ចេញនៅថ្ងៃនេះ ទៅតាមការស្នើរសុំ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការលើកលែង និងការដោះលែងនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃ ក្រោយលិខិតសុំទោសលោក ហ៊ុន សែន មួយច្បាប់ ដែល​ត្រូវបានលោក ហុង សុងហួរ ចុះហត្ថលេខាពីក្នុងពន្ធនាគារ ដោយបង្ហាញពីការសោកស្ដាយរបស់លោក ក្នុងការ«ប្រព្រឹត្តិមិនត្រឹមត្រូវ» ទៅនឹងនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការបោះបង្គោលព្រំដែន ដូចជា«យកឯកសារមិនត្រឹមត្រូវ មកប្រើប្រាស់ក្នុងបញ្ហាព្រំដែន ជាហេតុនាំឲ្យមានការភាន់ច្រឡំ» ក្នុងមតិសាធារណៈ។

លោក សុខហួរ បានសរសេរថា៖ «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងប្រុងប្រយ័ត្ន មិនឲ្យមានបញ្ហាបែបនេះ កើតឡើងទៀតឡើយ»។

សម្រាប់ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានពន្យល់ពីការដោះលែង អតីតសមាជិកព្រឹទ្ធសភា ដែលជាមន្ត្រីជំនាញខាងកិច្ចការព្រំដែនរូបនេះ ថាគឺដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរងសម្ពាធខ្លាំងក្លា ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ពីសហគមន៍អន្តរជាតិ។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងនៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ជុំវិញការដោះលែងនេះថា៖ «អ្វីៗ មិនបានកើតឡើង ដោយចៃដន្យនោះទេ គឺវាមានសំពាធនយោបាយ ពីបណ្ដាប្រទេសជាមិត្ត។ ប៉ុន្តែគ្រាន់តែថា ដំណោះស្រាយនយោបាយចុងក្រោយ គឺយើងមិនចង់ឲ្យមានការបាក់មុខ បាក់មាត់ ទៅលើភាគីណាមួយទៅ បានវាមានចេញជាលិខិត មានក្រដាសស្នាមអី មានការចេញជាការសុំ[ទោស] នូវការសោកស្ដាយអីជាដើម។»។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏បានបញ្ចេញប្រតិកម្មរបស់លោក នៅចំពោះការដោះលែងនេះដែរ។ លោកសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «សម្ពាធអន្តរជាតិ ចាប់ផ្តើមមានប្រសិទ្ធភាពហើយ។ ក្នុងចំណោមអ្នកទោសនយោបាយរាប់សិបនាក់ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) ត្រូវបានដោះលែងមុនគេ ថ្ងៃនេះ។»។

 

លោក ហុង សុខហួរ ត្រូវបានកងកម្លាំងអាជ្ញាធរឃាត់ខ្លួន កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ ទាក់ទងនឹងការបង្ហោះឯកសារ ស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានតុលាការរាជធានី សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារ​៧ឆ្នាំ ពីបទចោទចំនួន៣ រួមមាន​​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារ​ណៈ​ក្លែង និង បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់