ហ៊ុន សែន ថា​កម្ពុជា «មិន​វិល​ទៅ​រក​អតីតកាល​វិញ​ឡើយ»

ទោះជាលោកបានចាត់ទុកថា សន្ធិសញ្ញាសន្តិភាពក្រុង ប៉ារីស ឆ្នាំ១៩៩១ បានស្លាប់បាត់ទៅក៏ដោយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅបានរំលឹកថ្ងៃ ដែលបានបង្កើតសន្ធិសញ្ញានេះមកវិញ ដោយនិយាយភ្ជាប់ទៅនឹងសន្ដិភាព ដែលលោកអះអាងថា កម្ពុជាកំពុងរីករាយជាមួយ និងជាសេចក្ដីត្រូវការ​ចាំបាច់បំផុត សម្រាប់មនុស្សជាតិ។
ហ៊ុន សែន ថា​កម្ពុជា «មិន​វិល​ទៅ​រក​អតីតកាល​វិញ​ឡើយ»
លោក ហ៊ុន សែន កាន់ទូរស័ព្ទចំនួនពីរ ក្នុងសម្លៀកបំពាក់នៅផ្ទះរបស់លោក។ (រូបថតលើហ្វេសប៊ុក)

លោកនាយករដ្ឋមន្ត្រីកម្ពុជា នៅនឹកឃើញ ពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ នៅឡើយ បើទោះលោកទើបនឹងប្រកាស កាលពីពេលថ្មីៗនេះ ថាសន្ធិសញ្ញាអន្តរជាតិមួយនេះ បានស្លាប់បាត់ទៅហើយក្ដី។ ប៉ុន្តែការរំលឹកមកវិញនេះ ត្រូវបានលោកភ្ជាប់ទៅនឹងសន្តិភាព ដែលលោកអះអាងថា ជាសេចក្ដីត្រូវការចាំបាច់ សម្រាប់មនុស្សជាតិ ជាពិសេសសម្រាប់កម្ពុជា ដែលនឹង «មិនវិលទៅរកអតីតកាលវិញឡើយ»។

បុរសខ្លាំងកម្ពុជា បានរំលឹកពីខួបថ្ងៃចុះហត្ថលេខានេះមកវិញ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយមានអមមកជាមួយ នូវរូបថតមួយសន្លឹក បង្ហាញថាលោកកំពុងជួបនិយាយលេង ជាមួយជនបរទេស នៅលើឆ្នេរខ្សាច់មួយកន្លែង។

លោក ហ៊ុន សែន បានសរសេរថា៖ «នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងចូលមកដល់ (២៣ តុលា ១៩៩១-២៣ តុលា ២០១៧)។ ទន្ទឹមនឹងកម្ពុជាកំពុងរីករាយជាមួយសន្តិភាព ក៏មានប្រទេសមួយចំនួន កំពុងប្រឈមនឹងសង្រ្គាម និងវិបត្តិជនភៀសខ្លួន ព្រមទាំងការបំផ្លិចបំផ្លាញវិនាសកម្ម។ កម្ពុជា គឺមិនវិលទៅរកអតីតកាលវិញឡើយ។ ពិតណាស់ សន្តិភាព គឺជាសេចក្តីត្រូវការចាំបាច់បំផុត សម្រាប់មនុស្សជាតិ។»។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានបញ្ចប់សំណេរខ្លីរបស់លោក ដូច្នេះថា៖ «អរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព ដែលបានធ្វើឲ្យប្រទេសយើងកំពុង ក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញបំផុតនៅក្នុងតំបន់»។

ការរំលឹកពីកិច្ចព្រមព្រៀង និងការថ្លែងជាថ្មី របស់លោក ហ៊ុន សែន បានធ្វើឡើងនៅចំពេល ដែលប្រទេសកម្ពុជាកំពុងឆ្លងកាត់វិបត្តិនយោបាយដ៏ធំមួយ បន្ទាប់ពីចំណាត់ការជាបន្តបន្ទាប់ ពីសំណាក់រដ្ឋាភិបាល ត្រូវបានធ្វើឡើងប្រឆាំង នឹងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំតែមួយគត់ នៅកម្ពុជា។ ចំណាត់ការទាំងនោះ មានទាំងការចាប់ខ្លួនមេដឹកនាំគណបក្ស ជំហានទៅរំលាយគណបក្ស និងយកអាសនៈទាំងអស់ របស់គណបក្សសង្គ្រោះជាតិ ទៅចែកឲ្យគណបក្សដទៃ ទាំងគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោត។

ព្រឹត្តិការណ៍នយោបាយនេះ ត្រូវបានក្រុមអ្នកឃ្លាំមើល ព្រមានពីការបែកបាក់ជាតិដ៏ធំមួយ ហើយប្រទេសកម្ពុជា អាចនឹងរអិលធ្លាក់ខ្លួន ត្រឡប់ទៅរករបបដឹកនាំបែបឯកបក្ស ដែលជារបបដឹកនាំ នៅមុនថ្ងៃចុះហត្ថលេខា នៃកិច្ចព្រមព្រៀមសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់