តុលាការ​កំពូល​គ្រោង​បើក​សវនាការនៅ​ចុង​ខែ​នេះ ពី​ការ​ឃុំ​ខ្លួន កឹម សុខា «ដោយ​ខុស​ច្បាប់»

តុលាការកំពូលគ្រោងនឹងបើកសវនាការ នៅថ្ងៃទី៣១ ខែតុលាខាងមុខ ដើម្បីជំនុំជម្រះបណ្ដឹងសារទុក្ខ ពីការឃុំខ្លួនប្រធានគណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ ជាបណ្ដោះអាសន្ន នៅឯពន្ធនាគារត្រពាំងផ្លុង ជិតព្រំដែនខ្មែរ-យួន។ នេះ បើតាមប្រភពព័ត៌ំមានជាច្រើន រួមទាំងព័ត៌មាន ដែលផ្ដល់ដោយកូនស្រី របស់លោកផង។
តុលាការ​កំពូល​គ្រោង​បើក​សវនាការនៅ​ចុង​ខែ​នេះ ពី​ការ​ឃុំ​ខ្លួន កឹម សុខា «ដោយ​ខុស​ច្បាប់»
លោក កឹម សុខា ត្រូវបានកងកម្លាំងអាជ្ញាធរប្រដាប់ដោយអាវុធ ចូលទៅចាប់ខ្លួន កាលពីយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា។ (រូបថតលើហ្វេសប៊ុក)

បណ្ដឹងសារទុក្ខ ស្ដីពីការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវតុលាការកំពូលបើកសវនាការ នៅចុងខែតុលានេះ បន្ទាប់ពីរូបលោក ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំ តាំងពីដើមខែកញ្ញានោះមក។

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដែលកំពុងមានវត្តមាន នៅឯបរទេស បានជូនដំណឹងនេះ នៅលើបណ្ដាញសង្គម ដោយសរសេរជាភាសាអង់គ្លេស ហើយមានន័យជាខេមរភាសាថា៖ «សវនាការជំនុំជម្រះ លើការឃុំខ្លួនលោក កឹម សុខា ដោយខុសច្បាប់ នឹងគ្រោងធ្វើ​នៅថ្ងៃទី៣១ ខែតុលានេះ នៅឯតុលាការកំពូល»។

លោកតំណាងរាស្ត្រ កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា នៅវេលាម៉ោង ០០ និង៣៥នាទី យប់​រំលង​អាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។

មេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស (ឬឃុបឃិតជាមួយបរទេស)» ជុំវិញការថ្លែងជាសាធារណៈមួយ កាលពីជាង៤ឆ្នាំមុន នៅក្នុងប្រទេសអូស្ត្រាលី ដែលវីដេអូនៃការថ្លែងនេះ ត្រូវបានយកមកផ្សព្វផ្សាយឡើងវិញ នៅមុនការចាប់ខ្លួនប៉ុន្មានថ្ងៃ។ ប្រសិនជាតុលាការរកឃើញថា លោក កឹម សុខា ពិតជាបានប្រព្រឹត្តិ​កំហុសមែននោះ លោកអាចនឹងរងការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី១៥ ទៅ៣០ឆ្នាំ ទៅតាមច្បាប់​ក្រមព្រហ្មទណ្ឌកម្ពុជា។

កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងមក បណ្ដឹងឧទ្ធរណ៍ចូលទៅសាលាឧទ្ធរណ៍ ដែលបានហៅការឃុំខ្លួនលោក កឹម សុខា ថាធ្វើឡើងដោយខុសច្បាប់នោះ ត្រូវបានសាលាឧទ្ធរណ៍ច្រានចោល។ តុលាការកម្ពុជាថ្នាក់កណ្ដាលមួយនេះ បានតំកល់ទុកការសម្រេចឃុំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ថាមានភាពត្រឹមត្រូវតាមច្បាប់ ខណៈហេតុការណ៍ទាំងអស់នេះ ត្រូវបានគណបក្សប្រឆាំង អង្គការសហប្រជាជាតិ សហភាពអ៊ឺរ៉ុប បណ្ដាប្រទេសធំៗ រួមអង្គការអន្តរជាតិផ្សេងជាច្រើនផង ចាត់ទុកថា ធ្វើឡើងក្រោមហេតុផលនយោបាយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់