សហភាព​អ៊ឺរ៉ុប​ដំឡើង​សំឡេង​«ខ្លាំងៗ» ដាក់​រដ្ឋាភិបាល​កម្ពុជា

​អឺរ៉ុប​ចាំ​បាច់​ត្រូវ​ធ្វើ​ប្រតិកម្ម ​«ក្នុង​ពេល​ឆាប់ៗ​នេះ‍» ជាមួយនឹង​វិធានការ​ដ៏ជាក់​លាក់មួយ ដើម្បីឆ្លើយតប ទៅនឹងចំណាត់​ការ​របស់​រដ្ឋាភិបាលកម្ពុជា ​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ ​នៅ​ក្នុង​ប្រទេស។ នេះ បើតាមសមាជិកសភាអ៊ឺរ៉ុប និងជាមន្ត្រីជាន់ខ្ពស់ម្នាក់ របស់សហភាពអ៊ឺរ៉ុប ដែលបានថ្លែងឲ្យដឹង ក្នុងថ្ងៃនេះ។
សហភាព​អ៊ឺរ៉ុប​ដំឡើង​សំឡេង​«ខ្លាំងៗ» ដាក់​រដ្ឋាភិបាល​កម្ពុជា
អ្នកស្រី «Barbara Lochbihler» សមាជិកសភាអ៊ឺរ៉ុប មកពីប្រទេសអាល្លឺម៉ង់ និងជាមន្ត្រីជាន់ខ្ពស់សហភាពអ៊ឺរ៉ុប។ (រូបថតលើទ្វីសធើរ)

រដ្ឋាភិបាលលោក ហ៊ុន សែន អាចនឹងរងចំណាត់ការ ដ៏ជាក់លាក់មួយ ពីសហភាពអ៊ឺរ៉ុប ក្នុងពេលឆាប់ៗខាងមុខ។ ចំណាត់ការទាំងនោះ អាចមានត្រឹមដាក់ទណ្ឌកម្ម ចំពោះមន្ត្រីរដ្ឋាភិបាល ឬអាចឈានដល់ការលើកលែង ការអនុគ្រោះសម្រាប់ការនាំទំនិញកម្ពុជា ចូលសភាពអ៊ឺរ៉ុបតែម្ដង ប្រសិនណាជារដ្ឋាភិបាលកម្ពុជា បន្ត​ប្រើ​ប្រាស់​វិធានការ​ រំលាយ​គណបក្ស​សង្គ្រោះជាតិ ​ដែល​ជាគណបក្ស​ប្រឆាំង​​ធំជាងគេ ​នៅ​ក្នុងប្រទេស។​

នេះ ជាការថ្លែងឡើងរបស់អ្នកស្រី បារបារ៉ា ឡូសប៊ីល័រ (Barbara Lochbihler) សមាជិកសភាអ៊ឺរ៉ុប មកពីប្រទេសអាល្លឺម៉ង់ និងមានតំណែងក្នុងសហភាពអ៊ឺរ៉ុប ជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស - សមាជិករបស់គណៈកម្មការទទួលបន្ទុកកិច្ចការបរទេស និងជាសមាជិក គណៈប្រតិភូ ដើម្បីទំនាក់ទំនងជាមួយបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អ្នក​ស្រី បារបារ៉ា ឡូសប៊ីល័រ បាន​ប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក នៅថ្ងៃនេះ​ថា៖ «នៅ​ប្រទេស​កម្ពុជា​ ពួក​គេ​អាច​និយាយ​បាន​ថា​ ពួក​គេ​មាន​ការ​គាំទ្រ ​ពី​ប្រទេស​ចិន ហើយ​ថា​រឿងអ្វី ត្រូវ​ខ្វល់​ពីសហភាពអឺរ៉ុប?‍ ​ប៉ុន្តែ​ប្រសិន​បើ​អ្នក​មើល​ឱ្យ​ច្បាស់ ​អ្នក​អាច​មើល​ឃើញ​ថា​ សហគមន៍​អឺរ៉ុប ​គឺជា​ទីផ្សារ​នាំ​ទំនិញ​ចេញ ​ដ៏​ធំ(ជាងគេ) របស់​ប្រទេស​កម្ពុជា។ ដូច្នេះ​ខ្ញុំ​គិតថា ​ពួក​គេ​ត្រូវ​យក​ចំណុច​នេះ​មក​ពិចារណា។»

សហភាពអ៊ឺរ៉ុប ជាលំហរទីផ្សារនាំចេញធំជាងគេបង្អស់ របស់កម្ពុជា ដោយបាននាំទំនិញចេញ ទៅកាន់ទីនោះ តាមរយៈកម្មវិធីអនុគ្រោះ​មួយ​របស់សហភាពអ៊ឺរ៉ុប មានឈ្មោះថា "អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ" ជាមួយទឹកប្រាក់ដ៏មហាសាល ប្រមាណជា ៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៦​កន្លងមក។ 

អ្នកស្រីបានលើកឡើង ពីទស្សនៈ​ផ្ទាល់​ខ្លួនថា៖ «ប្រសិន​បើ​សហភាព​អឺរ៉ុប ​អាច​ចាត់​ការ​មួយ​ជំហាន​ទៀត​ ហើយ​ដាក់​ឱ្យ​ចំគោល​ដៅ​ចំពោះ​បុគ្គលមន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួននោះ​ ពេលនោះ​មន្ត្រី​រដ្ឋាភិបាល ​និង​អ្នក​តំណាង​របស់​កម្ពុជា​ នឹងកម្រើកខ្លួនខ្លាំងជាងមុន ចំពោះចំណាត់ការនេះ»។​

មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ តែងធ្វើ​ដំណើរ ​ទៅ​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ជា​ញឹកញាប់ ជាពិសេសធ្វើដំណើរ ទៅកាន់​ប្រទេស​បារាំង ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ របស់ពួកគេនៅទីនោះ។

ស្ត្រីអ្នកនយោបាយអាល្លឺម៉ង់-អ៊ឺរ៉ុបរូបនេះ ​បាន​និយាយ​ថា​ អ្នក​ស្រី​នឹង​ទទូច​ឱ្យ​សមាជិកសភា​អ៊ឺរ៉ុបដទៃ​ទៀត ​«ពិនិត្យ​មើល​ជម្រើស ​ក្នុង​ការ​ស៊ើប​អង្កេត​ ទៅលើកម្មវិធី​ "អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ" ​និង​ផលិតផល​ដទៃ​ខ្លះ​ទៀត​ សម្រាប់​ការព្យួរ​សិទ្ធិ​ ដែល​អាច​ប្រើ​ប្រាស់​បាន ​ក្រោម​មាត្រា​១៥​ នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ‍»។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់អ៊ឺរ៉ុបរូបនេះ បានធ្វើឡើងតែមួយថ្ងៃ ក្រោយការព្រមានរបស់អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) ​អគ្គរាជទូត​ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ របស់​ប្រទេស​ស៊ុយអ៊ែត ដែលលើកឡើងទៅកាន់ក្រុមអ្នកសារព័ត៌មានថា ប្រទេសស៊ុយអែតនឹងពិចារណាឡើងវិញ អំពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា ប្រសិនណាជារដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ និងមានអាសនៈនៅក្នុងរដ្ឋសភា បន្ទាប់ពីគណបក្សកាន់អំណាច។

តែការលើកឡើងទាំងប៉ុន្មានខាងលើ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី ប្រកាសច្រានចោល និងមិនអាចទទួលយកបាន។ លោក ផៃ ស៊ីផាន បានចាត់ទុកទង្វើនេះ ជាការប្រមាថ និងជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យមួយ។

ចំពោះលោក អ៊ូ វីរៈ អ្នកវិភាគនយោបាយវិញ បានគិតថា បើមានចំណាត់ការទីមួយ និងមានចំណាត់ការទីពីរ ហើយប្រទេសលោកសេរីទាំងឡាយ នឹងមាន​ចំណាត់ការនេះ ជាបន្តបន្ទាប់ ដោយគ្រាន់តែពួកគេប្រកាសជាសាធារណៈ ឬអត់ប៉ុណ្ណោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់