កឹម សុខា ថា​មិន​បាច់​តតាំង​រឿង​រំលាយ​បក្ស ព្រោះ​ជា​រឿង​នយោបាយ

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងពីក្នុងពន្ធនាគារ ប្រាប់មន្ត្រីគណបក្ស មិនចាំបាច់ដាក់ឯកសារ ទៅតុលាការកំពូល ជុំវិញបណ្ដឹងស្នើរសុំរំលាយគណបក្សនោះទេ ដោយហេតុថា បណ្ដឹងពីសំណាក់ក្រសួងមហាផ្ទៃ ដែលធ្វើតាមគណបក្សនយោបាយពីរផ្សេងទៀតនេះ ជារឿងនយោបាយ។
កឹម សុខា ថា​មិន​បាច់​តតាំង​រឿង​រំលាយ​បក្ស ព្រោះ​ជា​រឿង​នយោបាយ
លោក កឹម សុខា (ខាងមុខ) ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងជំនួបមួយ ក្នុងទីស្នាក់ការកណ្ដាលគណបក្ស កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info)

លោក សំ សុគង់ មេធាវីម្នាក់ពីក្នុងចំណោមមេធាវីទាំង៧នាក់ ដែលការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ) បានថ្លែងឲ្យដឹងថា កូនក្ដីរបស់លោក (លោក កឹម សុខា) បានអះអាងពីការមិនដាក់ឯកសារ ត្រៀមដោះបន្ទុក ទៅកាន់តុលាការកំពូល ដើម្បីត្រៀមតតាំងក្ដី ជាមួយក្រុមមេធាវីតំណាងដោយអាណត្តិ របស់ក្រសួងមហាផ្ទៃ ជុំវីញបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិនោះទេ។ លោកមេធាវី បានស្រង់សំដីកូនក្ដី​របស់លោក មកបញ្ជាក់ថា ព្រោះបណ្ដឹងមួយនេះ ជារឿងនយោបាយសុទ្ធសាធ។

ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈមេធាវីទាំង៥រូបរបស់ខ្លួន បានដាក់បណ្ដឹង​កាលពីថ្ងៃទី ៦ ខែតុលាកន្លងមក ទៅកាន់តុលាការកំពូល ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ។ បណ្ដឹងនេះ ធ្វើឡើងទៅ​តាម​ពាក្យ​បណ្ដឹង របស់​គណបក្សចំនួនពីរផ្សេងទៀត ដែលគ្មានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា។

នៅបីថ្ងៃក្រោយមក គឺនៅថ្ងៃទី៩ ខែតុលា តុលាការកំពូលបានបង្គាប់ឲ្យគណបក្សសង្គ្រោះជាតិ ដាក់​ឯកសារដើម្បីតតាំងក្ដី ទៅ​នឹង​ពាក្យ​បណ្ដឹងខាងលើ និងបានទុករយៈពេល ឲ្យ​គណបក្សប្រឆាំងធំជាងគេនេះ ចំនួន​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​តុលា។

លោក សំ សុគង់ បានថ្លែងឡើងថា៖ «​រឿងនេះ ឯកឧត្ដម (កឹម សុខា) យល់ឃើញថា​ វាជារឿងនយោបាយ មិនមែនជារឿងទាក់ទងនឹងផ្លូវច្បាប់។ អញ្ចឹងហើយ ឯកឧត្ដមថា មិនចង់ពឹងពាក់មេធាវី ឬក៏មិនផ្ទេរសិទ្ធិឲ្យមេធាវី ដើម្បីតតាំងនៅក្នុងសំណុំរឿង របស់ក្រសួងមហាផ្ទៃនេះទេ ទុកឲ្យអ្នកនយោបាយ ជាអ្នកដោះស្រាយវិញ។»។

នៅចំពោះជំហរខាងលើ របស់ប្រធានគណបក្សប្រឆាំង ត្រូវបាន​អ្នកនាំ​ពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចាត់ទុកជាជម្រើស ដែលនឹងធ្វើឲ្យបាត់សិទ្ធិ ក្នុងការតតាំងតាមផ្លូវតុលាការ។ លោកថា យកល្អ គណបក្សសង្គ្រោះជាតិ គួរចាត់ចែងរកមេធាវី ទៅជជែកតតាំងគ្នា នៅចំពោះតុលាការ ព្រោះ«បើមិនចឹងទេ តុលាការគេដំណើរតាមនីតិវិធី»ទៅមុខទៀត៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់