អេង ឆៃអ៊ាង និយាយ​ពី​«ច្បាប់​កាឡៃ​ទាំង​៤ របស់​ជន​ផ្ដាច់​ការ»

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានលើកឡើងខ្លីៗនៅថ្ងៃនេះ ពី«ផលិតផល» ដែលទើបនឹងត្រូវបាន​«ជនផ្ដាច់ការ» នៅកម្ពុជាបង្កើតឡើង តាមរយៈច្បាប់«កាឡៃ»ទាំងបួន ដើម្បី«ប្លន់ឆន្ទៈប្រជាពលរដ្ឋ»។
អេង ឆៃអ៊ាង និយាយ​ពី​«ច្បាប់​កាឡៃ​ទាំង​៤ របស់​ជន​ផ្ដាច់​ការ»
លោក ហ៊ុន សែន (រូបខាងមុខ) នាយរដ្ឋមន្ត្រី - តំណាងរាស្ត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)

គេអាច«រំលាយគណបក្សង្គ្រោះជាតិបាន តែមិនអាចរំលាយឆន្ទៈប្រជាពលរដ្ឋខ្មែរ ពាក់កណ្ដាលនគរបានឡើយ» នេះ ជាការលើកឡើងរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយហៅទង្វើខាងលើ ថាជា«ផលិតផល» ដែលជនផ្ដាច់ការខិតខំបង្កើតឡើង ដើម្បី«ប្លន់ឆន្ទៈប្រជាពលរដ្ឋ» តាមរយៈ«ច្បាប់កាឡៃ»ទាំងបួន។

«ច្បាប់កាឡៃ»ទាំងបួន ត្រូវបានលោក ឆៃអ៊ាង ចង្អុលដោយចំ ទៅលើការអនុម័តច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ចំនួនបួន កាលពីព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះ ដោយរដ្ឋសភាកម្ពុជា ដែលមានការចូលរួមប្រជុំ តែពីក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ ការអនុម័ត ដោយលើកដៃ ពីក្រុមសមាជិកសភាគណបក្សកាន់អំណាច ទាំង៦៧រូប រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង នឹងជាជំហានឈានទៅដកហូតអាសនៈ​គណបក្ស ​ដែល​ត្រូវ​រំលាយដោយតុលាការ​ យកទៅ​ចែក​ឲ្យគណបក្សដទៃ​​ បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។

អនុប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា៖ «ច្បាប់កាឡៃទាំងបួន ដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានកែច្នៃកាលពីព្រឹកថ្ងៃទី១៦ កន្លងមកនេះ មិនអាចយកមកប្រើប្រាស់ ដើម្បី "ប្លន់ឆន្ទៈប្រជាពលរដ្ឋ" បានឡើយ។ ឯតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប គឺជាតំណាងស្របច្បាប់ របស់ប្រជាពលរដ្ឋពាក់កណ្តាលប្រទេស ដែលទទួលស្គាល់ ពីសហគមន៍អន្តរជាតិ។»

លោក អេង ឆៃអ៊ាង បានបន្តទៀតថា៖ «ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ នឹងមិនទទួលស្គាល់ផលិតផល ដែលជនផ្តាច់ការនឹងបង្កើតចេញ ពីច្បាប់កាឡៃទាំងបួន នាពេលខាងមុខនេះឡើយ»។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជាអ្នកឃ្លាំមើលបញ្ហាកម្ពុជា យ៉ាងដិតដល់មួយរូបនោះ បានលើកឡើងដោយប្រយោល តែហាក់មានន័យដូចគ្នា ទៅនឹងការលើកឡើង របស់មេដឹកនាំបក្សប្រឆាំងខាងលើដែរ។ លោកថា៖ «ចាត់ចែងកៅអីងាយ ចាត់ចែងឆន្ទះពិបាកណាស់»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់