ខឹម វាសនា មិន​យក​អាសនៈ​ផ្ដល់​ឲ្យ ព្រោះពលរដ្ឋ​ម្ចាស់​ឆ្នោត​«គ្មាន​តម្លៃ»

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានពន្យល់ពីមូលហេតុ នៃការមិនទទួលយកកៅអីទាំង៦ ដែលទំនងជាអាចត្រូវបែងចែក មកឲ្យគណបក្សលោក ថាគឺដោយសារពលរដ្ឋម្ចាស់ឆ្នោតទាំងនោះ គ្មានតម្លៃនឹងឲ្យមនុស្សដូចរូបលោក ធ្វើជាតំណាងនោះឡើយ។
ខឹម វាសនា មិន​យក​អាសនៈ​ផ្ដល់​ឲ្យ ព្រោះពលរដ្ឋ​ម្ចាស់​ឆ្នោត​«គ្មាន​តម្លៃ»
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថតគណបក្ស)

រវាងការគោរពច្បាប់កែថ្មី ដែលទើបនឹងអនុម័ត ដោយរដ្ឋសភាគណបក្សប្រជាជនកម្ពុជា និងជំហរផ្ទាល់ខ្លួន តើប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជ្រើសរើសយកមួយណា? ចម្លើយរបស់លោក គឺត្រូវជ្រើសរើសយក «ជំហរ»ដ៏សឿងរបស់លោក បើទោះជាជម្រើសនោះ ស្ដែងឲ្យឃើញ ពីការមិនគោរពតាមរដ្ឋធម្មនុញ្ញ​ ដែលជាច្បាប់កំពូល ធំជាងច្បាប់ទាំង៤ ដែលទើបនឹងកែជាថ្មី នោះក៏ដោយ។

កាលពីថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧ ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន៦៧រូប រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកដៃក្នុងរដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីស្នើកែច្បាប់ចំនួន៤ ដើម្បីជាជំហានឈានទៅដកហូតអាសនៈ​គណបក្ស ​ដែល​ត្រូវ​រំលាយដោយតុលាការ​ ចែកឲ្យគណបក្សផ្សេង​​ បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។ មានគម្រោងគូសវាស (Scénario) ជាច្រើន បានលើកឡើងថា គណបក្ស«ជួង» ដឹកនាំដោយលោក ខឹម វាសនា ក៏នឹងមានវាសនាល្អ ទទួលបាន៦អាសនៈដែរ។

លោក កូវ គា អ្នកនាំពាក្យរបស់គណបក្សនេះ បានប្រកាសកាលពីថ្ងៃទី១៧ ខែតុលាម្សិលម៉ិញ ថាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹង​មិន​ទទួល​យក​អាសនៈ​ណា​មួយ ​ដែល​អាច​នឹង​ត្រូវ​បាន​បែងចែក​ឲ្យ​ទេ​។

ប្រធានគណបក្ស លោក ខឹម វាសនា បានពន្យល់ពីហេតុផល«ធំជាងគេ» នៃការមិនទទួលយកអាសនៈនោះ នៅថ្ងៃនេះថា៖ «គឺ​ ពលរដ្ឋអ្នកបោះឆ្នោតទាំងនោះ ​គ្មានតំលៃបន្តិចណាសោះ​ សក្តិសមនឹងខ្ញុំធ្វើតំណាងអោយ​ពួកគាត់ ឬ​ពួកគាត់គ្មានតំលៃបន្តិចណាសោះ សក្តិសមនឹងបានមនុស្សដូចខ្ញុំ ធ្វើជាតំណាងទេ។​ ជីវិតជាតិនេះ​ ដាច់ខាតញើសខ្ញុំមិនស្រក់ ដើម្បីមនុស្សគ្មានតំលៃឡើយ។»។

 

ជំហរខាងលើរបស់ប្រធានបក្ស«ជួង» ហាក់ផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។ គេឆ្ងល់ថា បើលោកក្លាយខ្លួនជាតំណាង​រាស្ត្រ ដែលរដ្ឋធម្មនុញ្ញកំណត់ថា ជាតំណាងឲ្យពលរដ្ឋនៅទូទាំងប្រទេស តើបុរសសំដីខ្លាំងរូបនេះ ចង់ធ្វើតំណាងសម្រាប់តែពលរដ្ឋ ដែលបោះឆ្នោតជូនលោកឬ?

រដ្ឋធម្មនុញ្ញកម្ពុជា នៅត្រង់កថាខណ្ឌទី១ វាក្យខណ្ឌទី១ នៃមាត្រា​ ៧៧​ ចែងថា៖ «តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ ជា​តំណាង​ប្រជាជាតិ​​ខ្មែរ​ទាំងមូល​ ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ»។

នៅក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនាកន្លងទៅ ដែលគណបក្ស«ជួង» គ្មានទទួលបានមួយអាសនៈនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា បានបង្ហោះរូបភាពចំអកមួយ ឲ្យលោក ខឹម វាសនា ដូចខាងក្រោម៖ 

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់