ក្រុម​តំណាង​រាស្ត្រ CNRP បរិហារ​ច្បាប់​កែ​ថ្មី​ថា​«ខ្វះ​ធម្មនុញ្ញ​ភាព»

ក្រុម​សមាជិកសភ) មកពីគណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃទី១៧ ចូលថ្ងៃទី១៨ ខែតុលានេះ ថ្កោលទោស​ការ​អនុម័ត​សេចក្តីកែ​ច្បាប់ថ្មី ពីសំណាក់ក្រុមសមាជិសភា មកពីគណបក្សប្រជាជនកម្ពុជា (កាន់អំណាច) ដោយហៅទង្វើ​បែបនេះ ថា​ខ្វះ​ធម្មនុញ្ញភាព និងជាការបំពាន​លើសិទ្ធិអំណាច របស់ពលរដ្ឋម្ចាស់ឆ្នោត។
ក្រុម​តំណាង​រាស្ត្រ CNRP បរិហារ​ច្បាប់​កែ​ថ្មី​ថា​«ខ្វះ​ធម្មនុញ្ញ​ភាព»
លោក កឹម សុខា (ខាងឆ្វេង) ប្រធានគណបក្សសង្គ្រោះជាតិ និងលោក សុន ឆៃ ប្រធានក្រុមតំណាងរាស្ត្រ របស់គណបក្សនេះ។ (រូបថត MONOROOM.info)

ការកែច្បាប់ថ្មី គ្រោងយក​អាសនៈ​ស្របច្បាប់ ដែល​បាន​មកពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ ជិត​បី​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្សប្រឆាំង​នេះ​ កាលពី​ឆ្នាំ​២០១៣ ទៅ​ចែក​ឲ្យ​គណបក្សផ្សេង ដែល​គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោត ជាទង្វើរំលោភ​យ៉ាង​ធ្ងន់ធ្ងរ ទៅលើ​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត រំលោភ​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​សំខាន់ៗ ឈាន​ទៅ​បាត់បង់​ភាព​ស្របច្បាប់។

នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ  របស់ក្រុមតំណាងរាស្ត្រ-សមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ដែលចេញផ្សាយនៅយប់ថ្ងៃទី១៧ ចូលថ្ងៃទី១៨ ខែតុលានេះ មួយថ្ងៃក្រោយរដ្ឋសភា ដែលចូលរួមប្រជុំ តែក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បានលើកដៃយ៉ាងប្រញាប់ប្រញាល អនុម័តទាំងស្រុងលើសេចក្តីស្នើកែច្បាប់ចំនួន៤ ដើម្បីជាជំហាន ឈានទៅដកហូតអាសនៈ​គណបក្ស ​ដែល​ត្រូវ​រំលាយដោយតុលាការ​ ចែកឲ្យគណបក្សផ្សេង។

ក្រុម​សមាជិកសភា​គណបក្សប្រឆាំង បានបរិហារតាមរយៈសេចក្ដីថ្លែងការណ៍ របស់ផងខ្លួនថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលោភ​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ​ខ្មែរ ដែល​បាន​សម្រេច​ជ្រើសរើស​តំណាង​របស់​ខ្លួន តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស។

សេចក្ដីថ្លែងការណ៍​ បានពន្យល់ពី​ការបំពាន​មាត្រា ៥១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា នៃ​ប្រទេសជាតិ​របស់​ខ្លួន ហើយ​អំណាច​ទាំងអស់ ជា​របស់​ប្រជាពលរដ្ឋ - ការបំពាន​មាត្រា ៧៦ ដែល​ចែងថា តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង ដោយ​ការបោះឆ្នោត ជា​សាកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ជា​សម្ងាត់ និងការរំលោភមាត្រា ៧៧ ដែលចែងថា តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ពុំ​មែន​គ្រាន់តែ​ជា​តំណាង​ប្រជាពលរដ្ឋ ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ។ ជាពិសេស រដ្ឋធម្មនុញ្ញបានកំណតទៀតថា អាណត្តិ​អាជ្ញា​បញ្ជា​ទាំងឡាយណា​ ដែលផ្ទុយពីមាត្រាខាងលើ ត្រូវ​ទុកជា​មោឃៈ។

ក្រុម​តំណាងរាស្ត្រ មកពីគណបក្ស​សង្គ្រោះជាតិ ទាំងនេះ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ជាតិ ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​អនុម័ត​ច្បាប់ និង​ផ្ដល់​សុពលភាព​ច្បាប់​ទាំងនេះ ពិនិត្យ និង​ពិចារណា​ឡើងវិញ ដើម្បី​គោរព​នូវ​ឆន្ទៈ​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​អំណាច គោរព​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល និង​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ ចារ​ទុក កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​បែបនេះ។ ក្រុមតំណាងរាស្ត្រ នៅបាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ពិចារណា​ឲ្យ​បាន​ដិតដល់ មុន​ធ្វើ​កិច្ច​សហប្រតិបត្តិការ ជាមួយ​ស្ថាប័ន​ដែល​មិន​ស្របច្បាប់​ខាង​លើ​។

សេចក្ដីថ្លែងការណ៍​ដដែល បានប្រកាស​ជា​ឱឡារិក ថា​ក្រុមខ្លួន រួមមានសមាជិកសភា ដែលមិន​ចូលរួម​លើកដៃ​អនុម័តសេចក្ដីស្នើកែច្បាប់ ទាំងបួន និង​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ រដ្ឋធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ នៅតែ​ជា​តំណាង​ស្របច្បាប់ របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដែល​បាន​បោះឆ្នោត​ជ្រើសរើស​ពួកខ្លួន ឲ្យ​ធ្វើជា​ដំណាង​ស្របច្បាប់​ដដែល។

សម្រាប់មន្ត្រី​ជាន់ខ្ពស់ និង​តំណាងរាស្ត្រ មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានការពារការអនុម័តច្បាប់របស់ខ្លួននោះ ថាបានធ្វើឡើង យ៉ាង​ត្រឹមត្រូវ និង​ស្របតាម​បរិបទ​នយោបាយ​ជាតិ នយោបាយ​តំបន់ និង​នយោបាយ​នៃ​សកលលោក​បច្ចុប្បន្ន ដែល​មាន​ការ​វិវត្ត​ទៅមុខ​ឆាប់រហ័ស។

តែការស្នើសុំកែច្បាប់ទាំងបួន ដ៏ចម្រូងចម្រាស់ បានទទួលការរិះគន់រួចហើយ ពីសំណាក់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ អ្នកស្រី បានចេញ​សេចក្ដីថ្លែងការណ៍​ពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១២ ខែតុលា ហៅការកែច្បាប់នេះ ថានឹងបង្កមន្ទិល​ស្ដីពីភាពស្របច្បាប់ ទៅដល់ភាពជាតំណាងផ្នែកនយោបាយ របស់ពលរដ្ឋកម្ពុជាមួយផ្នែកធំ។

អ្នកស្រី រ៉ូណា ស្មីត បានថ្លែងឡើងថា៖ «នីតិរដ្ឋ មិនគ្រាន់តែ ជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ។ គ្រប់ច្បាប់ទាំងអស់ ដែលបង្កើតឡើង ត្រូវគោរពតាមបទដ្ឋាន ស្ដីពីសិទ្ធិមនុស្ស ហើយត្រូវឆ្លុះបញ្ចាំង ពីសមភាពជាមូលដ្ឋានគ្រឹះ ពីយុត្តិធម៌ និងពីការចូលរួម របស់សាធារណជន។ បើមិនដូច្នោះទេ វានឹងក្លាយជារដ្ឋ​ដែលប្រើអំណាច និងមិនមែន ជានីតិរដ្ឋនោះឡើយ។»។

ការ​អនុម័ត ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ ក៏ត្រូវបាន​សហរដ្ឋអាមេរិក ប្រតិកម្មខ្លាំងៗដែរ ដោយព្រមានទុកជាមុន អំពី«អស្ថិរភាពយូរអង្វែង» ដែលអាចនឹងកើតមាន នៅក្នុងប្រទេសកម្ពុជា ប្រសិនជារដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ច្បាប់នេះ ដើម្បីបំបាត់ចោល នូវចលនានយោបាយស្របច្បាប់ណាមួយនោះ។ សេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៦ ខែតុលា (នៅកម្ពុជា ត្រូវនឹងថ្ងៃទី១៧ ខែតុលា) បានហៅការផ្ដល់សច្ចាប័ន ទៅលើការធ្វើវិសោធនកម្មច្បាប់ខាងលើ ថា«អាចនឹងដកហូតសិទ្ធិទាំងស្រុង របស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ដែលបានបោះឆ្នោត ឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ និងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១៧នេះ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់