អេង ឆៃអ៊ាង៖ កម្ពុជា​បច្ចុប្បន្ន​ជា​«នីតិមាត់» ហ៊ុន សែន

ប្រទេសកម្ពុជាបច្ចុប្បន្ន អនុវត្តន៍តាមគោលការណ៍ «នីតិមាត់លោក ហ៊ុន សែន» និងមិនមែនជា«នីតិរដ្ឋ»នោះទេ។ នេះ បើតាមសំណេរចំអកមួយ របស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅមុននេះ។
អេង ឆៃអ៊ាង៖ កម្ពុជា​បច្ចុប្បន្ន​ជា​«នីតិមាត់» ហ៊ុន សែន
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានធ្វើប្រតិកម្មខ្លីមួយ នៅលើបណ្ដាញសង្គម នៅថ្ងៃនេះ មួយថ្ងៃបន្ទាប់ពីរដ្ឋសភាកម្ពុជា ដែលមានការចូលរួមប្រជុំ តែពីតំណាងរាស្ត្រទាំង៦៧រូប របស់គណបក្សប្រជាជនកម្ពុជា បានអនុម័តការធ្វើវិសោធនកម្ម ទៅលើច្បាប់ចំនួន៤ ដើម្បីជាការបើកផ្លូវ ឲ្យដកហូតអាសនៈទាំងឡាយ របស់គណបក្សមួយ ទៅចែកឲ្យគណបក្សផ្សេង ទោះគណបក្សទាំងនោះ គ្មានការគាំទ្រពីពលរដ្ឋក៏ដោយ។

លោក អេង ឆៃអ៊ាង ដែលកំពុងស្ថិតក្នុងសហរដ្ឋអាមេរិក តាំងពីច្រើនខែមកនោះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «កម្ពុជា បច្ចុប្បន្ន មិនមែននីតិរដ្ឋទេ គឺ នីតិមាត់លោក ហ៊ុន សែន !»។

កាលពីព្រឹកម្សិលម៉ិញ ក្រុមតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ចំនួន៦៧រូប បានលើកដៃក្នុងរដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីស្នើកែច្បាប់ចំនួន៤ ដើម្បីជាជំហាន ឈានទៅដកហូតអាសនៈ​គណបក្ស ​ដែល​ត្រូវ​រំលាយដោយតុលាការ​ ចែកឲ្យគណបក្សផ្សេង​​ ចំពេលតុលាការកំពូល កំពុងពិនិត្យលើបណ្តឹង សុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ និងខណៈប្រធានគណបក្សមួយនេះ កំពុងជាប់ឃុំខ្លួន ជាបណ្តោះអាសន្ន។

ការស្នើសុំធ្វើវិសោធនកម្មច្បាប់ និងការអនុម័ត ត្រូវបានធ្វើឡើង យ៉ាងប្រញាប់ប្រញាល់ នៅក្រោយការលើកឡើងរបស់លោក ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន ព្រមានពីការរំលាយគណបក្សសង្គ្រោះជាតិ ហើយនឹងផ្ដល់អាសនៈរបស់គណបក្សនេះ ទៅឲ្យគណបក្សយ៉ាងហោច ចំនួន៥ផ្សេងទៀត។

«ភាពមិនធាក់ថយក្រោយ នៃច្បាប់»

លោក មុត ចន្ថា មន្ត្រីជំនិតរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ បានសរសេរនៅលើបណ្ដាញសង្គម ប្រតិកម្មទៅនឹងការអនុម័តច្បាប់នេះដែរថា៖ «គោលការណ៍នីតិរដ្ឋ គឺមិនអនុញ្ញាតអោយមាន “ដំណើរប្រតិសកម្ម ឬដំណើរធាក់ថយនៃច្បាប់ឡើយ” ឬ “non-retroactive”»។

មន្ត្រីស្និតនឹងលោក កឹម សុខា រូបនេះ បានពន្យល់ថា៖ «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាខែកក្កដា ឆ្នាំ២០១៣ ត្រូវបានរៀបចំឡើងក្រោមច្បាប់បោះឆ្នោតនៅមុនឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានធ្វើឡើងក្រោមច្បាប់វិសោធនកម្ម នៅឆ្នាំ២០១៥ ដូច្នេះផ្អែកតាមគោលការណ៍នីតិរដ្ឋ ច្បាប់វិសោធនកម្មនៃច្បាប់បោះឆ្នោតទាំងបួន ដែលរដ្ឋសភាបក្សប្រជាជនកម្ពុជាអនុម័តនេះ មិនអាចធាក់ថយ ឬប្រតិសកម្មទៅលើលទ្ធផលបោះឆ្នោត ឆ្នាំ២០១៣ និងខែមិថុនា ឆ្នាំ២០១៧ឡើយ»។

លោក មុត ចន្ថា បានសរសេរថា៖ «បើសិនជាគេរឹបអូសយកអាសនៈសភា និងឃុំរបស់គណបក្សសង្រ្គោះជាតិ យកទៅចែកអោយគណបក្សនយោបាយដែលគ្មានការគំទ្រ ពីប្រជាពលរដ្ឋខ្មែរ ជាការរំលោភលើគោលការណ៍នីតិរដ្ឋ និងជាការរំលោភបំពានឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ»។

មន្ត្រីគណបក្សប្រឆាំងដដែល បានចោទសួរថា៖ «តើមានបានសួរប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតទេ នៅមុនរឹបអូស យកសម្លេងឆ្នោតរបស់ពួកគាត់ទៅបែងចែកអោយគណបក្សផ្សេង ដែលពួកគាត់មិនបោះឆ្នោតឲ្យនោះ? តើគណបក្សដែលប្រជាពលរដ្ឋខ្មែរ មិនបានបោះឆ្នោតអោយ មានភាពអៀនខ្មាស់ទេឬ ដែលបិទភ្នែកទទួលយកអាសនៈរបស់គេ? នេះជាអំពើផ្សំគំនិត!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...