លិខិត​ចំហរ សម រង្ស៊ី ទៅ​កាន់​តំណាង​រាស្ត្រ​ពិភពលោក ដើម្បី​ជួយ​ការពារ​ភាព​ជា​តំណាង​រាស្ត្រ​ពិត នៅ​កម្ពុជា

ក្នុងខណៈពេលដែលរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានអនុម័តការធ្វើវិសោធនកម្ម លើច្បាប់ចំនួន៤ ដើម្បីឈានទៅយកអាសនៈ របស់គណបក្សប្រឆាំង ទៅបែងចែកឲ្យគណបក្សដទៃនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតចំហរមួយ ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទៅកាន់អ្នកតំណាងរាស្ត្រទាំងឡាយ នៅលើពិភពលោក ដើម្បីជួយការពារភាព ជាតំណាងរាស្ត្រពិតប្រាកដ នៅកម្ពុជា។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលលិខិតចំហរនេះ ហើយសូមផ្សាយជូនទាំងស្រុង ដូចខាងក្រោម។
លិខិត​ចំហរ សម រង្ស៊ី ទៅ​កាន់​តំណាង​រាស្ត្រ​ពិភពលោក ដើម្បី​ជួយ​ការពារ​ភាព​ជា​តំណាង​រាស្ត្រ​ពិត នៅ​កម្ពុជា
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 17, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី

ទៅកាន់តំណាងរាស្ត្រទាំងអស់ ក្នុងពិភពលោក ដើម្បីជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា

ក្នុងខណៈដែលសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) កំពុងតែប្រជុំ នៅពេលនេះ ក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ក្នុងសន្និបាតទី ១៣៧ របស់ខ្លួន ដែលក្នុងនោះមានវត្តមានតំណាងរាស្ត្រ មកពី ១៧៣ រដ្ឋសភា លើទូទាំងពិភពលោក ខ្ញុំសូមធ្វើសេចក្តីអំពាវនាវនេះ ទៅកាន់តំណាងរាស្ត្រទាំងអស់នោះ ដើម្បីឲ្យជួយការពារលក្ខណៈ ជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា។

ក្នុងរដ្ឋសភានៃប្រទេសកម្ពុជា សព្វថ្ងៃ មានតំណាងរាស្ត្រ ១២៣ នាក់ មកតែពីពីរគណបក្សប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន ៦៨ អសនៈ និងគណបក្សសង្គ្រោះជាតិ តំណាងឲ្យចលនាប្រឆាំង ដែលមាន ៥៥ អសនៈ។

គម្រោងរៀបចំការបោះឆ្នោតមួយ ដើម្បីជ្រើសរើសតំណាងរាស្ត្រជាថ្មី ក្នុងខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ត្រូវបានកំណត់តាំងពីយូរមកហើយ។ មានអ្នកសង្កេតការណ៍ឯករាជ្យជាច្រើន ទស្សន៍ទាយថា ចលនាប្រឆាំង ដែលបានកើនកម្លាំងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងបន្តបង្កើនកម្លាំងរបស់ខ្លួនថែមទៀត ដោយសារតែប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ មិនសប្បាយចិត្តពីរដ្ឋាភិបាលសព្វថ្ងៃ ហើយចង់ឲ្យមានការផ្លាស់ប្តូរ។ យ៉ាងដូច្នេះហើយ បានជាអ្នកសង្កេតការណ៍ទាំងនោះ បន្តទស្សន៍ទាយថា គណបក្សសង្គ្រោះជាតិ នឹងអាចទទួលជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ដែលជាហេតុធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់អំណាច ដែលខ្លួនបានក្តោបក្តាប់ អស់រយៈពេល ៣៨ ឆ្នាំមកហើយ។

នៅពេលដែលការបោះឆ្នោត កំពុងតែឈានចូលជិតមកដល់ ស្រាប់តែរដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ជា កាលពីខែមុន ឲ្យចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា យកទៅដាក់ពន្ធនាគារ ដោយចោទប្រកាន់លោកថា បានប្រព្រឹត្ត "អំពើក្បត់ជាតិ" និងបានរៀបចំ "បដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល"។ មិនតែប៉ុណ្ណោះ ស្រាប់តែលោក ហ៊ុន សែន បានប្រកាស ប៉ុន្មានថ្ងៃចុងក្រោយនេះ ថានឹងរំលាយគណបក្សសង្គ្រោះជាតិ តែម្តង ក្នុងពេលឆាប់ៗខាងមុខនេះ ដោយចោទប្រកាន់គណបក្សនេះ ពីបទដូចអ្វី ដែលគេបានចោទប្រកាន់លោក កឹម សុខា អញ្ចឹងដែរ។

ក្នុងគម្រោងចង់រំលាយគណបក្សសង្គ្រោះជាតិនេះ គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល បានជម្រុញថ្មីៗនេះ ឲ្យមានការកែច្បាប់ស្តីពីគណបក្សនយោបាយ និងការបោះឆ្នោត ដើម្បីបើកផ្លូវ ឲ្យរំលាយគណបក្សសង្គ្រោះជាតិ “តាមផ្លូវច្បាប់” ដោយយោងច្បាប់ ដែលគេទើបតែកែចុះកែឡើង យ៉ាងងងើល ក្នុងពេលថ្មីៗនេះ ហើយយោងអំណាចផ្តាច់ការរបស់គេ លើនគរបាល និងលើតុលាការ។

ការរំលាយគណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យតំណាងរាស្ត្រជាប់ឆ្នោត ទាំង ៥៥ នាក់របស់គណបក្សនេះ បាត់បង់ជាស្វ័យប្រវត្ត និងជាសមូហភាព នូវអាណត្តិសភារបស់ខ្លួន ដែលបានមកពីការបោះឆ្នោតជាសកល។ ព្រឹត្តិការណ៍បែបនេះ នឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ "ដំណើរការប្រជាធិបតេយ្យ" ដែលប្រទេសកម្ពុជា ត្រូវអនុវត្ត យោងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាសន្ធិសញ្ញាអន្តរជាតិមួយ ជាប្រវត្តិសាស្ត្រ ចុះហត្ថលេខា ដោយ ១៨ ប្រទេស ក្រោមការមើលខុសត្រូវ ពីអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៩១។

ការចោទប្រកាន់ មកលើគណបក្សប្រឆាំង និងទង្វើ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ របស់អាជ្ញាធរប្រទេសកម្ពុជា ក្នុងការធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ ត្រូវបានផ្តន្ទាទោស ដោយអង្គការសហប្រជាជាតិ សភាអឺរ៉ុប និងរដ្ឋាភិបាលច្រើនប្រទេស ក្នុងពិភពលោក ព្រមទាំងអង្គការសិទ្ធិមនុស្សជាទូទៅ។

ក្នុងឋានៈខ្ញុំ ជាតំណាងប្រជារាស្ត្រខ្មែរ ដែលបានបោះឆ្នោតឲ្យខ្ញុំ យ៉ាងទៀងទាត់ គ្រប់អាណត្តិ តាំងពីឆ្នាំ១៩៩៣ មក ហើយក្នុងឋានៈខ្ញុំជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេបង្ខំ ឲ្យនិរទេសខ្លួន ខ្ញុំសូមស្នើដោយក្តីគោរព ឲ្យមានសាមគ្គីភាពដ៏សកម្ម ពីសំណាក់អ្នកតំណាងរាស្ត្រទាំងអស់ក្នុងពិភពលោក ដើម្បីជួយតំណាងរាស្ត្រដូចគ្នា នៅប្រទេសកម្ពុជា ដោយទប់ស្កាត់កុំឲ្យគេរំលាយគណបក្សសង្គ្រោះជាតិ ដែលទង្វើបែបនេះ ជាការរំលោភគោលការណ៍ប្រជាធិបតេយ្យ នៃប្រព័ន្ធសភា និងរំលោភលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដ ក្នុងប្រព័ន្ធនេះ៕

---------------

(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖  ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...