ស៊ីនហ្សូ អាប៊េ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​នៅ​ជប៉ុន​យូរ​ជាង​គេ

នាយករដ្ឋមន្ត្រីអភិរក្សនិយម លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) របស់ប្រទេសជប៉ុន ដែលឡើងមកកាន់តំណែង តាំងពីឆ្នាំ២០១២មកនោះ បានទទួលបានជ័យជំនះយ៉ាងធំធេង នៅក្នុងការបោះឆ្នោតមុនអាណត្តិ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យកន្លងមក។ នាយករដ្ឋមន្ត្រីអាយុ៦៣ឆ្នាំរូបនេះ នឹងបន្តតំណែងរបស់ខ្លួន សម្រាប់អាណត្តិថ្មី រហូតដល់ឆ្នាំ២០២១ ក្នុងការដឹកនាំប្រទេសជប៉ុន ដែលជា​មហាអំណាចសេដ្ឋកិច្ចទីបី ក្នុងលោក។
ស៊ីនហ្សូ អាប៊េ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​នៅ​ជប៉ុន​យូរ​ជាង​គេ
លោក ស៊ីនហ្សូ អាប៊េ នាយករដ្ឋមន្ត្រីជប៉ុន កំពុងបន្តតំណែងរបស់លោក មួយអាណត្តិទៀតរហូតដល់ឆ្នាំ២០២១។ (រូបថតឯកសារ)

សម្រាប់ប្រទេសជប៉ុន លោក ហ្សីនហ្សូ អាប៊េ (Shinzo Abe) កំពុងទទួលបានឯកត្តកម្មថ្មី ថាជានាយករដ្ឋមន្ត្រីកាន់តំណែង បានយូរជាងគេ រាប់ចាប់តាំងពីប្រទេសមហាអំណាច សេដ្ឋកិច្ចទីបី ក្នុងលោកមួយនេះ ប្ដូររដ្ឋធម្មនុញ្ញ នៅក្រោយសង្គ្រាមលោកនោះមក។ លោក អាប៊េ ទើបនឹងទទួលបានជ័យជំនះជាថ្មីទៀត ក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីថ្ងៃអាទិត្យកន្លងមក ដើម្បីអាចឲ្យលោក បន្តតំណែងសម្រាប់អាណត្តិថ្មី រហូតដល់ឆ្នាំ២០២១។

បើនិយាយពីសម្ព័ន្ធភាពនយោបាយ រវាងគណបក្សប្រជាធិតេយ្យសេរី (PLD - និន្នាការស្ដាំនិយម) របស់លោក ហ្សិនហ្សូ អាប៊េ និងគណបក្សកូម៉ីតូ (Komeito - និន្នាការស្ដាំនិយមកណ្ដាល) ជំហរនយោបាយរបស់នាយករដ្ឋមន្ត្រី ទំនងជាកាន់តែពង្រឹងខ្លាំងឡើងថែមទៀត ដោយសារគណបក្សទាំងពីរ ទទួលបានអាសនៈ នៅក្នុងរដ្ឋសភា រហូតដល់ទៅ៣១០កៅអី ពីក្នុងចំណោមអាសនៈទាំងអស់ ៤៦៥កៅអី។

ចំនួនអាសនៈច្រើនជាង ២ភាគ៣ ទាំងនេះ នឹងអាចអនុញ្ញតឲ្យលោក អាប៊េ អាចប្រកាសធ្វើប្រជាមតិមួយ ដើម្បីធ្វើវិសោធនកម្ម ទៅលើរដ្ឋធម្មនុញ្ញជប៉ុន ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៤៧ ដោយសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសជប៉ុន បានចាញ់សង្គ្រាមលោក។ មាត្រា៩ នៃរដ្ឋធម្មនុញ្ញនោះ ចែងកំណត់ឲ្យប្រទេសជប៉ុន ត្រូវបោះបង់ចោលជាដាច់ខាត និងជារៀងរហូត នូវគំនិត បំណង ឬគម្រោង ដែលឈានទៅធ្វើសង្គ្រាម។

ប៉ុន្តែបរិបទតំបន់ ដែលបណ្ដាលមកពីការគម្រាមកំហែង របស់ប្រទេសកូរ៉េខាងជើង បានផ្ដល់ភាពស្របច្បាប់ ទៅដល់ការសម្រេចរបស់លោក ស៊ីនហ្សូ អាប៊េរ ក្នុងការរៀបចំការបោះឆ្នោតមុនអាណត្តិ ដើម្បីស្វែងរកការគាំទ្រពីរាស្ត្រជប៉ុន មុននឹងឈានទៅធ្វើប្រជាមតិ ជាប្រវត្តិសាស្ត្រមួយនេះ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រទេសកុម្មុយនីស្ដកូរ៉េ បានបាញ់កាំជ្រួចអន្តរទ្វីបយ៉ាងហោច ពីរគ្រាប់រួចហើយ ដោយបានហោះរំលង ពីលើប្រទេសជប៉ុន ។

ក្នុងនាមជាសម្ព័ន្ធមិត្តមួយ របស់សហរដ្ឋអាមេរិក លោក ស៊ីនហ្សូ អាប៊េ មានជំហរស្របជាមួយរដ្ឋាបាល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការប្រើប្រាស់គ្រប់ជម្រើសទាំងអស់ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង រាប់បញ្ចូលទាំងជម្រើសយោធា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់