ណីម៉ា ទទួល​កាត​ក្រហម​បណ្ដេញ​ចេញ​ជា​លើក​ដំបូង ជា​មួយ​ក្រុម​ប៉ារីស

កំពូលកីឡាករជាតិប្រេស៊ីល ណីម៉ា (Neymar) ទទួលបានព្រមានជាកាតលឿងពីរដង ដែលស្មើនឹងកាតក្រហមមួយ នៅក្នុងការប្រកួតក្នុងយប់ថ្ងៃអាទិត្យនេះ រវាងក្រុមប៉ារីស និងក្រុមម៉ាសីយ៍ ដែលជាគូសត្រូវ ដ៏ចាស់វស្សា នៃក្របខណ្ឌប្រកួតយកជើងឯក«បូកពិន្ទុ» របស់ប្រទេសបារាំង។ កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេរូបនេះ ត្រូវបានបណ្ដេញចេញ ខណៈពេលក្រុមប៉ារីសរបស់ខ្លួន កំពុងត្រូវបាននាំមុខដោយពិន្ទុ ២ ទល់នឹង១។
ណីម៉ា ទទួល​កាត​ក្រហម​បណ្ដេញ​ចេញ​ជា​លើក​ដំបូង ជា​មួយ​ក្រុម​ប៉ារីស
អាជ្ញាកណ្ដាលលើកកាតក្រហម បណ្ដេញកីឡាករ ណីម៉ា ចេញពីការប្រកួត។ (រូបថតលើទ្វីសធើរ)

កីឡាករ ណីម៉ា (Neymar) ប្រាកដជាមិនភ្លេចទេ ពីការទទួលកាតក្រហមបណ្ដេញចេញ ជាលើកដំបូងនេះ បន្ទាប់ពីកីឡាករបានចូលមកលេង ចាប់ពីដើមខែសីហាកន្លងមក ជាមួយក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) ក្នុងប្រទេសបារាំង ហើយក៏ជាស្លាកស្នាមមួយ ពិបាកនឹងលប់ចេញដែរ ព្រោះការបណ្ដេញចេញនេះ ធ្វើឡើងក្នុងការប្រកួតដ៏ខ្លាំងក្លា រវាងក្រុមប៉ារីស និងក្រុម ម៉ាសីយ៍ (Olympique de Marseille) ដែលជាដៃគូសត្រូវនឹងគ្នា ជាយូរយាណាស់មកហើយ។

មុននឹងទទួលបានកាតលឿងទីពីរ ដែលស្មើនឹងកាតក្រហម ក្នុងនាទីទី៨៧នេះ កីឡាករ ណីម៉ា បានរងការព្រមាន ជាលើកទីមួយរួចហើយ កាលពីពីរនាទីមួយ។ តែការបង្កហេតុ ជាច្រើនលើកច្រើនសារ ពីសំណាក់កីឡាករ ក្រុមម៉ាសីយ៍ បានធ្វើឲ្យកំពូលកីឡាករ បាត់ភាពម្ចាស់ការ ហើយបានយកខ្លួនទៅបុកកីឡាករ «Lucas Ocampos» ខ្សែប្រយុទ្ធម្នាក់ របស់ក្រុមគូប្រកួត ធ្វើឲ្យកីឡាកររូបនេះ [ធ្វើ]ដួលទៅលើដី។

កីឡាករ ណីម៉ា ត្រូវបានបណ្ដេញចេញពីការប្រកួត ដោយទុកឲ្យក្រុមរបស់ខ្លួន ដែលកំពុងនាំមុខដោយពិន្ទុ២ ទល់នឹង១ បន្តការប្រកួតទៅទៀត ដោយបន្ថយសមាជិកមកត្រឹមតែ ១០កីឡាករ។ យ៉ាងណា បាល់មួយគ្រាប់របស់ក្រុមប៉ារីសនេះ ជាការទាត់របស់កីឡាករ ណីម៉ា ដែលបានទាត់បញ្ចូលទីក្រុមម៉ាសីយ៍ ក្នុងនាទីទី៣៣ កាលពីពាក់កណ្ដាលម៉ោងដំបូង។ សំណាងល្អ ដែលកីឡាករអន្តរជាតិ អេឌីសុន កាវ៉ានី (Edison Cavani) របស់ក្រុមប៉ារីស បានរកគ្រាប់បាល់មួយគ្រាប់ទៀត នៅចុងបញ្ចប់នៃការប្រកួត ដែលធ្វើឲ្យពិន្ទុក្រុមប៉ារីស ឡើងមកស្មើក្រុមម៉ាសីយ៍វិញ។

ប៉ុន្តែសម្រាប់គ្រូបង្វឹក និងជាអ្នកដឹកនាំក្រុមប៉ារីស លោក អូណៃ អេមរី (Unai Emery) វិញ បានចាត់ទុកការបណ្ដេញចេញនេះ ជារឿង«អយុត្តិធម៌»បំផុត។ គ្រូបង្វឹកជាតិអេស្ប៉ាញរូបនេះ បានពន្យល់នៅក្រោយការប្រកួតថា កីឡាករ ណីម៉ា រងការឆាឆៅ និងការបង្ករឿងជាច្រើនដង ពីសំណាក់ក្រុមកីឡាកគូប្រកួត តែអាជ្ញាកណ្ដាល​​មិន​បាន​ពិន័យ​ជាការលឿង សម្រាប់​កីឡាករ​ទាំងនោះទេ។

លោក អេមរី ថ្លែងឡើងថា៖ «អាជ្ញាកណ្ដាលត្រូវគិតឡើងវិញ ឲ្យច្បាស់លាស់ ហើយត្រូវការពារកីឡាករ ជាពិសេសកីឡាករដែលសំខាន់ៗ។ ខ្ញុំគិតថា កាតលឿងទាំងនេះ សម្រាបកីឡាករ ណីម៉ា មិនយុត្តិធម៌ទេ ព្រោះ ណីម៉ា គ្រាន់តែចង់លេងបាល់ ប៉ុន្តែនៅពេញទាំងការប្រកួត ណីម៉ា បានរងការបង្កហេតុ ការបំពានជាច្រើនដង...។ ខ្ញុំជឿថា វាជាការងារមួយ ដែលត្រូវការពារកីឡាករសំខាន់ៗ នៅក្នុងក្រុមទាំងសងខាង។»៕

» ការសង្ខេបនៃការប្រកួតនេះឡើងវិញ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់