ផៃ ស៊ីផាន ថា(មន្ត្រី) អ.ស.ប មិន​ស្គាល់​ស្ថានភាព​ជាក់​ស្ដែង​នៅ​កម្ពុជា

នៅចំពោះការរិះគន់ របស់មន្ត្រីអង្គការសហប្រជាជាតិ ទៅនឹងចំណាត់ការចុងក្រោយ ពីសំណាក់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក្នុងការចាប់ចងប្រធានគណបក្ស និងជំហានទៅរំលាយគណបក្សសង្គ្រោះជាតិ មុននឹងយកអាសនៈរបស់គណបក្សនេះ ទៅបែងចែកឲ្យគណបក្សដទៃទៀតនោះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានចេញមក​ធ្វើប្រតិកម្ម ដោយហៅថាការរិះគន់នោះ ធ្វើឡើងដោយ«មិនបានយល់ច្បាស់ ពីស្ថានភាពជាក់ស្ដែង នៅកម្ពុជា»។
ផៃ ស៊ីផាន ថា(មន្ត្រី) អ.ស.ប មិន​ស្គាល់​ស្ថានភាព​ជាក់​ស្ដែង​នៅ​កម្ពុជា
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រីកម្ពុជា។ (រូបថតសហការី)

មែនទែនទៅ គេមិនដឹងថា តើលោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រី បានធ្វើប្រតិកម្មតប​ដោយ​ផ្ទាល់ ទៅកាន់ស្ថាប័នអង្គការសហប្រជាជាតិ ឬសំដៅចំ​ទៅអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជានោះទេ។

ដោយសារលោក ផៃ ស៊ីផាន បានសរសេរដោយមិនចំពោះ​ នៅលើបណ្ដាញសង្គមថា ប្រតិកម្មរបស់លោកនេះ គឺជា«ការឆ្លើយតប​បឋម»​មួយ ចំពោះ​«អ្វីដែលជាសេចក្តីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិ» ជុំវិញការ«ព្រួយបារម្ភ ចំពោះស្ថានភាពនយោបាយ នៅកម្ពុជា ពាក់ព័ន្ធ​នឹង​លទិ្ធប្រជាធិបតេយ្យ»។

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ អ្នកស្រី រ៉ូណា ស្មីត បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងក្ដីបារម្ភកាន់តែខ្លាំងឡើង នៅចំពោះការវិវត្តន៍ចុងក្រោយ នៃនយោបាយកម្ពុជា នៅមុនការបោះឆ្នោតជាតិ ដែលនឹងខិតមកដល់ ក្នុងប៉ុន្មានខែខាងមុខ និងបានរិះគន់ធ្ងន់ៗ ពី​បញ្ហា​«សិទ្ធិស៊ីវិល និងនយោបាយ នៅកម្ពុជា ដែលកំពុងធ្លាក់ចុះដុនដាប យ៉ាងឆាប់រហ័ស»។

អ្នកស្រីបានចាត់ទុក ជំហានទៅ​រំលាយគណបក្សសង្គ្រោះជាតិ ថានឹងបង្កការប៉ះពាល់ ទៅដល់សម្លេងរបស់ពលរដ្ឋកម្ពុជា ហើយអំពាវនាវ ឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គប្បីអនុវត្តន៍តាមអនុសាសន៍ របស់[ព្រះអង្គម្ចាស់]ស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងដែលបានទទូច ឲ្យរដ្ឋាភិបាលគោរព នូវសិទ្ធិស៊ីវិល និងនយោបាយ ព្រមទាំងសេរីភាព ជាមូលដ្ឋាន។

ស្ត្រីអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់ថា៖ «ដើម្បីឲ្យពលរដ្ឋកម្ពុជា អាចធ្វើការជជែកពិភាក្សា ផ្នែកនយោបាយមួយ ដែលមានលក្ខណៈបើកទូលាយ និងដោយ​ហ្មត់ចត់នោះ គណបក្សប្រឆាំងត្រូវបន្តវត្តមាន និងអាចដំណើរការទៅមុខ ដោយគ្មានការភ័យខ្លាច និងការបំភិតបំភ័យ»។

តែសម្រាប់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាវិញ បានហៅការលើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើងដោយ(មន្ត្រី) អង្គការសហប្រជាជាតិនោះ ថា«គ្មានអ្វីប្លែក ពីសេចក្តីព្រួយបារម្ភ ដែលមិនបានយល់ច្បាស់ អំពីស្ថានភាពជាក់ស្តែង នៅកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង» របស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងរក្សាបាន ​នូវ«ដំណើរការ លទ្ធិប្រជាធិបតេយ្យ ឈរលើមូលដ្ឋាននីតិរដ្ឋ ជាមួយនឹងវប្បធម៌ នៃរបប​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។

លោក ផៃ ស៊ីផាន បានជឿជាក់ថា៖ «ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ (ដែល) អនុម័តជាឯកច្ឆ័ន្ធ ពីសំណាក់ប្រជាជាតិ ដែលជាសមាជិកនានា បានចែងថាប្រជាជាតិមានសិទ្ធិសេរីភាព ក្នុងកិច្ចសម្រេច និង(ភាព)ទទួលខុសត្រូវ នៃជោគវាសនារបស់ខ្លួន»។ លោកថា៖ «រយៈកន្លង(មក) ប្រជាពលរដ្ឋកម្ពុជា បានតស៊ូយ៉ាងក្លៀវក្លា និងស្វិតស្វាញ នៃដំណាក់កាល​នីមួយៗ ចាប់តាំង ពីវាលពិឃាដ ៧៩ មក រហូតដល់បច្ចប្បន។ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ​ សេរីពហុបក្ស រយៈជាង២០ឆ្នាំកន្លងមក ជាមួយនិងបរិមាណចូលរួមបោះឆ្នោត មានកម្រិតខ្ពស់ នោះបើប្រៀបធៀប ជាមួយប្រជាជាតិដទៃ។ ទោះបីមានការវិវាទ នៃលទ្ធផលពីការបោះឆ្នោត ពីសំណាក់ គណបក្សប្រឆាំង ជាមួយនិងការជ្រៀតជ្រែកពីបរទេស យ៉ាងណាក៏ដោយ ក៏កម្ពុជា​នៅតែរក្សាបានសន្តិភាព សន្តិសុខ និងវិបុលភាពគួរអោយកត់សម្គាល់ និងមានមោទនភាពខ្ពស់ របស់កម្ពុជា និងការទទួលខុសត្រូវ (លើ)​ជោគវាសនា​របស់​ខ្លួន។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់