បក្ស​ GDP ព្រមាន​ពី​ផល​«អវិជ្ជមាន»​ដល់​ការ​បោះឆ្នោត

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃនេះ ព្រមានពីផល«អវិជ្ជមាន» ដែលនឹងជះ«ឥទ្ធិពល» ទៅលើការបោះឆ្នោតជាតិ ឆ្នាំ២០១៨ បណ្ដាលពីវិបត្តិនយោបាយសព្វថ្ងៃ ហើយទាមទារឲ្យដោះលែង មេដឹកនាំគណបក្សនយោបាយទាំងអស់ ដែលកំពុងស្ថិតក្រោមឃុំឃាំង ដើម្បីពួកគេទាំងនោះ អាចដឹកនាំគណបក្សរបស់ផងខ្លួន ចូលរួមក្នុងការបោះឆ្នោត។
បក្ស​ GDP ព្រមាន​ពី​ផល​«អវិជ្ជមាន»​ដល់​ការ​បោះឆ្នោត
ពីឆ្វេងទៅស្ដាំ៖ លោក ញឹក ប៊ុនឆៃ - លោក កឹម សុខា និងលោក សួន សេរីរដ្ឋា។ (រូបថតលើហ្វេសប៊ុក)

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (ហៅកាត់ជាភាសាអង់គ្លេស GDP) ជាគណបក្សនយោបាយដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើប្រតិកម្មនៅថ្ងៃនេះ ជុំវិញវិបត្តិនយោបាយចុងក្រោយ បណ្ដាលមកពីការចាប់ចង មេដឹកនាំគណបក្សនយោបាយទាំងឡាយ នៅមុនរយៈពេល «មិនដល់១០ខែទៀត» ដែលប្រទេសកម្ពុជា ត្រូវរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦។

សេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយគណបក្ស នៅមុននេះបន្តិច បានសរសេរឲ្យដឹងថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបរិយាកាសនយោបាយកម្ពុជាបច្ចុប្បន្ន ដែលជះឥទ្ធិពលអវិជ្ជមាន ដល់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨ ដែលអាចធ្វើឱ្យការបោះឆ្នោតនេះ មិនមានភាពសេរី យុត្តិធម៌ និងភាពទទួលយកបាន ដោយទូលំទូលាយ ពីសហគមន៍ជាតិ និងអន្តរជាតិ»។

គណបក្សរូបសញ្ញាត្រីកោណ ដែលមាននៅខាងក្នុង នូវអក្សរកាត់ គ.ប.ម ជំនួសឲ្យឈ្មោះគណបក្ស បានបន្តទៀតថា៖ «លក្ខខណ្ឌសំខាន់មួយ នៃការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ គឺគណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សសង្គ្រោះជាតិ មានឱកាស និងសេរីភាពចូលរួមប្រកួតប្រជែង ដូចៗគ្នា»។

សេចក្ដីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា៖ «ក្នុងន័យនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារឱ្យមានការដោះលែង អ្នកដឹកនាំគណបក្សនយោបាយ​ទាំងអស់ ដើម្បីឲ្យពួកគាត់ អាចដឹកនាំគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ នាឆ្នាំ២០១៨ ខាងមុខ ដោយស្មើភាព និងយុត្តិធម៌»។

វិបត្តិនយោបាយ ដែលបានកើតឡើងចុងក្រោយបង្អស់ ទាក់ទងនឹងការចាប់ខ្លួន មេដឹកនាំគណបក្សសង្គ្រោះជាតិ - បណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ និងការធ្វើវិសោធនកម្មច្បាប់ ដើម្បីបោះជំហាន ទៅរកការបែងចែកអាសនៈសភា របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សផ្សេង ទាំងគ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោត បានបង្កឲ្យមានប្រតិកម្មព្រោងព្រាត ពីបណ្ដាប្រទេសលោកសេរី និងពីស្ថាប័នអន្តរជាតិធំៗជាច្រើន ក្នុងនោះរាប់ទាំងសហភាពអ៊ឺរ៉ុប និងអង្គការសហប្រជាជាតិ។

រាល់ប្រតិកម្មទាំងនោះ សុទ្ធតែបានព្រមានរួចជាស្រេច ពីផលប៉ះពាល់ ដែលកើតឡើង ពីវិបត្តិនយោបាយក្នុងថ្ងៃនេះ ចំពោះការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តិធ្វើ នៅឆ្នាំខាងមុខ ក៏ដូចជាផលប៉ះពាល់ ទៅដល់កិច្ចសហប្រតិបត្តិការទាំងឡាយ រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសលោកសេរី ដែលសុទ្ធសឹងជាលំហរទីផ្សារនាំចេញដ៏សំខាន់ នៃដង្ហើមសេដ្ឋកិច្ចកម្ពុជា។

មកដល់ពេលនេះ មានមេដឹកនាំគណបក្សនយោបាយ ចំនួនបីនាក់ហើយ ដែលត្រូវបានចាប់ខ្លួន យកទៅឃុំជាបណ្ដោះអាសន្ន ក្រោមបទចោទ ដែលត្រូវបានមើលឃើញ ថាមានចរិតនយោបាយ។ មេដឹកនាំទាំងនោះរួមមាន៖ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ លោក ញឹក ប៊ុនឆៃ និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

តែសម្រាប់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា (គណបក្សកាន់អំណាច) តែងចេញមុខមកអះអាងថា រាល់ការចាប់ចង ធ្វើទៅលើមេដឹកនាំគណបក្សនយោបាយទាំងនោះ ត្រូវបានធ្វើឡើង ដោយសារពួកគេបានប្រព្រឹត្តិទោសកំហុស ដែលផ្ទុយនឹងច្បាប់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់