អដ្ឋិធាតុ​ទាហាន៖ មន្ត្រី​អាមេរិក​លើក​ពី​កិច្ចការ​មនុស្ស​ធម៌ ខណៈ ហ៊ុន សែន លើក​ពី​សហ​ប្រតិបត្តិ​ការ​រដ្ឋ

រវាងកម្ពុជា និងអាមេរិក នៅតែជជែកគ្នាមិនត្រូវ ក្នុងបញ្ហាស្វែងរកអដ្ឋិធាតុ ទាហានអាមេរិកបាត់ខ្លួន នៅក្នុងសម័យកាលសង្គ្រាម។ មន្ត្រីអាមេរិកលើកពីបញ្ហាមនុស្សធម៌ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអះអាងពីកិច្ចសហប្រតិបត្តិការ រវាងរដ្ឋនិងរដ្ឋ។
អដ្ឋិធាតុ​ទាហាន៖ មន្ត្រី​អាមេរិក​លើក​ពី​កិច្ចការ​មនុស្ស​ធម៌ ខណៈ ហ៊ុន សែន លើក​ពី​សហ​ប្រតិបត្តិ​ការ​រដ្ឋ
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី អាន មៀល-ហ្រ្គីហ្វីត និងលោក ហ៊ុន សែន។ (រូបថត AFP)

ការជជែកមិនត្រូវ ទាក់ទងនឹងការលើកឡើងខុសគ្នានេះ ត្រូវបានឲ្យដឹង តាមយៈលិខិតឆ្លើយឆ្លងគ្នា រវាងមន្ត្រីអាមេរិក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានខុទ្ទកាល័យនាយករដ្ឋមន្ត្រី បញ្ចេញជាសាធារណៈ ក្នុងរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ។

នៅក្នុងលិខិតរបស់អ្នកស្រី អាន មៀល-ហ្រ្គីហ្វីត (Ann Mills-Griffiths) ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានក្រុមប្រតិបត្តិ នៃ«សម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍» ដែលបានផ្ញើរជូននាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គឺលោក ហ៊ុន សែន ខ្លួនលោកផ្ទាល់ ជាអ្នកអះអាងថា ការរុករកអដ្ឋិធាតុទាហានបាត់ខ្លួននេះ ជាបញ្ហា«មនុស្សធម៌»សុទ្ធសាធ និងមិនជាប់ទាក់ទង នឹងបញ្ហាខ្វែងគំនិតគ្នា ផ្នែកនយោបាយនោះទេ។

សូមបញ្ជាក់ដែរថា ស្ថាប័ន«សម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍» គឺជាស្ថាប័នក្រៅរដ្ឋាភិបាល របស់អាមេរិក និងមិនមានជាប់ពាក់ព័ន្ធនឹងនយោបាយ របស់រដ្ឋាភិបាលអាមេរិកនោះឡើយ។ សូមចូលទៅអានបន្ថែម ដើម្បីស្វែងយល់ពីស្ថាប័ននេះ នៅត្រង់នេះ និងនៅទីនេះ (ខ្សែភ្ជាប់ជាភាសាអង់គ្លេស)។

ផ្ទុយទៅវិញ លោក ហ៊ុន សែន បានឆ្លើយតបទៅអ្នកស្រី អាន មៀល ហ្គ្រីហ្វីត វិញ តាមរយៈលិខិតមួយ ដោយផ្ជាប់ការស្វែងរកអដ្ឋិធាតុ ទៅនឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលកម្ពុជា ជុំវិញការបញ្ជូនពលរដ្ឋ ដែលមានដើមកំណើតខ្មែរ ឲ្យត្រឡប់មកកម្ពុជាវិញ។ លោក ហ៊ុន សែន បានសរសេរថា៖ «យើងក៏មានគោលការណ៍ដូចគ្នាដែរ ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងកម្មវិធីមាតុភូមិនិវត្តន៍ ប៉ុន្តែកម្ពុជាបែរជាត្រូវទទួលរង ការដាក់ទណ្ឌកម្មដោយអយុត្តិធម៌ នៅពេលដែលកម្ពុជា គ្រាន់តែទាមទារ ឲ្យអាមេរិក ពិចារណាបន្ថែម លើទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌»។

ការស្វែងរកអដ្ឋិធាតុទាហានអាមេរិបាត់ខ្លួន នៅក្នុងសម័យសង្គ្រាម ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យផ្អាកធ្វើ ដើម្បីជាការឆ្លើយតប ទៅនឹងចំណាត់ការលែងផ្ដល់ទិដ្ឋការ ប្រភេទ«មិនមែនអន្តោប្រវេសន៍» ពីសំណាក់ស្ថានទូតអាមេរិក ប្រចាំរាជធានីភ្នំពេញ ជូនមន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា រាប់ចាប់តាំងពីថ្នាក់អគ្គនាយកឡើងទៅ ដោយរួមបញ្ជូលទាំងក្រុមគ្រួសាររបស់មន្ត្រីទាំងនោះផង។

ការបញ្ជាក់បន្ថែម ពីកិច្ចសហប្រតិបត្តិការ រវាងរដ្ឋនិងរដ្ឋនេះ ដែលផ្ទុយពីកិច្ចការមនុស្សធម៌ខាងលើ ត្រូវបានលោកនាយករដ្ឋមន្ត្រី សរសេរបន្ដ នៅក្នុងលិខិតនោះទៀតថា៖ «ខ្ញុំសូមធានា ចំពោះលោកស្រីថា ការផ្អាកកិច្ចសហប្រតិបត្តិការ ក្នុងការរុកអដិ្ឋធាតុ ទាហានអាមេរិកបាត់ខ្លួនក្នុង សម័យសង្រ្គាម គឺមានលក្ខណៈជាបណ្តោះអាសន្នប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលកម្ពុជា នឹងចា​ប់ផ្តើមឡើងវិញ នូវកិច្ចសហប្រតិបត្តិការនេះ​ នៅពេលដែលយើងទទួលបានការធានាទៅវិញទៅមក និងអាចទុកចិត្តបាន ស្តីពីការលើកលែងការផ្អាកនេះ ដើម្បីអនុញ្ញាតឲ្យប្រទេសទាំងពីរ ចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡើងវិញ ដើម្បីជាគុណប្រយោជន៍ ដល់ប្រជាជនយើងទាំងពីរ»។

បើអញ្ចឹង គេត្រូវរង់ចាំមើល ថាតើនយោបាយរដ្ឋាភិបាលអាមេរិក ក្នុងការបញ្ជូនពលរដ្ឋ ដែលមានដើមកំណើតខ្មែរ មកកាន់កម្ពុជាវិញ មានទំងន់ស្មើនឹងការស្វែងរកអដ្ឋិធាតុ នៃអតីតទាហានរបស់ផងខ្លួន ដែលជាគម្រោង ​របស់អង្គការក្រៅរដ្ឋាភបាលមួយនេះ ដែរឬទេ? តែសម្រាប់រដ្ឋាភិបាលកម្ពុជា កិច្ចការមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋនិងរដ្ឋ គឺមានទំងន់ស្មើគ្នា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់