អ៊ីតាលី៖ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ធានា​ឲ្យ CNRP បន្ត​សកម្មភាព​នយោបាយ

អ៊ីតាលី បានក្លាយជាប្រទេសធំមួយទៀត ដែលចូលរួមឈឺឆ្អាល ក្នុងវិបត្តិនយោបាយនៅកម្ពុជា និងបានសំដែងក្ដីសង្ឃឹមថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវធានាឲ្យគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា បន្តសកម្មភាពនយោបាយ ដោយសេរី និងគ្មានការគម្រាមកំហែង។
អ៊ីតាលី៖ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ធានា​ឲ្យ CNRP បន្ត​សកម្មភាព​នយោបាយ
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី ជូឡុង សូមូរ៉ា - លោក ប៊ែណែដែតូ ដែឡា វ៉េដូវ៉ា និងលោក សម រង្ស៊ី។ (រូបថតលើទ្វីសធើរ)

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសអ៊ីតាលី កាលពីម្សិលម៉ិញ បានឲ្យដឹងពីជំនួបនៅក្នុងអាគារក្រសួង រវាងរដ្ឋលេខាធិការអ៊ីតាលី លោក ប៊ែណែដែតូ ដែឡា វ៉េដូវ៉ា (Benedetto Della Vedova) ជាមួយនឹងអ្នកស្រី ជូឡុង សូមូរា តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ដោយមានវត្តមានចូលរួម ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិនោះផង ។

លោករដ្ឋលេខាធិការការបរទេសអ៊ីតាលី បានមានប្រសាសន៍ថា លោកសូមចូលរួម ជាមួយសេចក្ដីប្រកាស របស់សហភាពអ៊ឺរ៉ុប កាលពីពេលថ្មីៗនេះ ទាក់ទងនឹងវិបត្តិនយោបាយ ក្នុងប្រទេសកម្ពុជា ហើយសំដែងនូវការព្រួយបារម្ភរបស់លោក ដ៏ជ្រាលជ្រៅក្រៃលែង ជុំវិញស្ថានភាពចុងក្រោយបង្អស់ និងជាពិសេស ជុំវិញព្រឹត្តិការណ៍ថ្មីៗ ដែលត្រូវបានធ្វើឡើង ប្រឆាំងនឹងគណបក្សប្រឆាំងធំជាងគេ ដែលទទួលបានសម្លេងឆ្នោតគាំទ្រ ប្រមាណជាង៤០​ភាគ​រយ ពីពលរដ្ឋម្ចាស់ឆ្នោត នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនោះ លោក ប៊ែណែដែតូ ដែឡា វ៉េដូវ៉ា បានបញ្ជាក់ពីការសោកស្ដាយ របស់លោក នៅចំពោះការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីដើមខែកន្លងទៅ និងនៅចំពោះការបិទទ្វា នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើន នៅក្នុងប្រទេសនេះ។

លោកបានបង្ហាញក្ដីសង្ឃឹមរបស់លោកថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវធានាឲ្យគណបក្សប្រឆាំង អាចបន្តសិទ្ធិសេរីភាពរបស់ពួកគេ ក្នុងការធ្វើនយោបាយ ដោយគ្មានការគម្រាមកំហែង និងធានាឲ្យមាន នូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដើម្បីជាប្រយោជន៍ ដល់ការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តិធ្វើ ក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

ក្នុងពេលកន្លងមក គេកម្រឃើញប្រទេសអ៊ីតាលី សំដែងប្រតិកម្មដោយផ្ទាល់ ទាក់ទងនឹងបញ្ហានយោបាយ នៅក្នុងប្រទេសកម្ពុជានោះណាស់។ ប៉ុន្តែសម្រាប់ក្រុមអ្នកឃ្លាំមើល បានពន្យល់ថា ប្រសិនជាប្រទេសនេះ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានចេញមុខធ្វើប្រតិកម្ម ជាសាធារណៈ និងជាផ្លូវការដូច្នេះ វានឹងជាទម្ងន់ដ៏ធ្ងន់មួយបន្ថែមទៀត សម្រាប់ការសម្រេចនានា នៅក្នុងសហភាពអ៊ឺរ៉ុប ដែលជាលំហរទីផ្សារនាំចេញ និងដៃគូពាណិជ្ជកម្មធំជាងគេបង្អស់ របស់កម្ពុជា។

ក្រុមអ្នកឃ្លាំមើលបានបន្តទៀតថា មន្ត្រីជាន់ខ្ពស់ជាច្រើន ដែលកំពុងកាន់តំណែងធំៗ នៅសហភាពអ៊ឺរ៉ុប ក៏សុទ្ធសឹងជាជនជាតិអ៊ីតាលីដែរ មានជាអាទិ៍ អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) ជាដើម។ អ្នកស្រីមានតំណែង ជាតំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និងនយោបាយសន្តិសុខ (ឬហៅម្យ៉ាងទៀត ជារដ្ឋមន្ត្រីការបរទេស-សន្តិសុខ របស់សហភាពអ៊ឺរ៉ុប) និងជាអនុប្រធានគណៈកម្មការ​ នៃសហភាពអ៊ឺរ៉ុប។ អ្នកស្រីបានប្រតិកម្មជាផ្លូវការ កាលពីពាក់កណ្ដាលខែ កន្លងទៅរួចហើយ ជុំវិញវិបត្តិនយោបាយនៅកម្ពុជា ដោយបានរំលឹករដ្ឋាភិបាលកម្ពុជា នៅពេលនោះថា កម្ពុជានឹងគ្មានការអភិវឌ្ឍទេ បើគ្មានសិទ្ធិមនុស្ស និងលទ្ធិ​ប្រជាធិបតេយ្យ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់