អូស្ត្រាលី​ប្រាប់​រដ្ឋាភិបាល​ខ្មែរ​ជាថ្មី កុំ​​រំលាយ CNRP

សេចក្ដីថ្លែងការណ៍ចុងក្រោយបង្អស់ និងជាថ្មីទៀត របស់ប្រទេសអូស្ត្រាលី តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំរាជធានីភ្នំពេញ បានបញ្ជាក់​ថា អូស្ត្រាលីបានប្រាប់ ទៅរដ្ឋាភិបាលលោក ហ៊ុន សែន នូវការព្រួយបារម្ភរបស់ខ្លួន ជាបន្តទៀត ក្នុងជំហានទៅ«លុបចោល គណបក្សប្រឆាំងធំចម្បង» និងបានហៅទង្វើនេះ ថាជា«ជំហានថយក្រោយ»មួយ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។
អូស្ត្រាលី​ប្រាប់​រដ្ឋាភិបាល​ខ្មែរ​ជាថ្មី កុំ​​រំលាយ CNRP
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត AFP)

នៅចំពោះព្រឹត្តិការណ៍នយោបាយចុងក្រោយ នៃជំហានជាបណ្ដើរៗ ឆ្ពោះទៅកាន់ការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ប្រទេសអូស្ត្រាលី​ដែល​ជាភាគី​ហត្ថលេខី​មួយ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានបញ្ចេញសម្លេងជាថ្មីទៀត ប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ពី«ការព្រួយបារម្ភ»របស់ខ្លួន ដោយរំលឹករដ្ឋាភិបាល ពីសម្លេងរបស់ពលរដ្ឋកម្ពុជា តាមរយៈការបោះឆ្នោត ជ្រើសរើសឃុំសង្កាត់ កាលពីពេលថ្មីនេះ ថាជា«ការប្ដេជ្ញាចិត្តដ៏រឹងមាំ របស់ប្រជាពលរដ្ឋកម្ពុជា ចំពោះលទ្ធិប្រជាធិបតេយ្យ»។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ទាំងស្រុង របស់ប្រទេសអុស្ត្រាលី ដែលធ្វើឡើងតាមរយៈស្ថានទូតរបស់ប្រទេសនេះ ប្រចាំក្នុងរាជធានីភ្នំពេញ៖

អូស្ត្រាលីមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះដំណើរលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា និងបានបង្ហាញ ជូនរាជរដ្ឋាភិបាលកម្ពុជា នូវការព្រួយបារម្ភ ជុំវិញការវិវត្តនយោបាយ នាពេលថ្មីៗនេះ។

សកម្មភាពថ្មីបំផុត ពាក់ព័ន្ធនឹងការស្នើសុំ ឱ្យមានការរំលាយ នូវគណបក្សសង្គ្រោះជាតិ បានបង្កឲ្យមានការព្រួយបារម្ភ ជាបន្តទៀត។ ការឈានទៅរក ការលុបចោលគណបក្សប្រឆាំងធំចម្បង នឹងក្លាយជាជំហានថយក្រោយមួយ នៅក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ ព្រមទាំងជះឥទ្ធិពល ដល់ការទទួលបានការបោះឆ្នោតជាតិ ដែលសេរី យុត្តិធម៌ និងមានតម្លាភាព នាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

ការប្តេជ្ញាចិត្តដ៏រឹងមាំ របស់ប្រជាពលរដ្ឋកម្ពុជា ចំពោះលទ្ធិប្រជាធិបតេយ្យពហុបក្ស បានបង្ហាញយ៉ាងច្បាស់ តាមរយៈចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។

អូស្ត្រាលីសូមលើកទឹកចិត្តដល់កម្ពុជា ក្នុងការផ្តល់នូវបរិយាកាសអំណោយផល និងប្រកបដោយសុវត្ថិភាព ជូនប្រជាជនកម្ពុជា ដើម្បីអនុវត្តនូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំ។ វិស័យសារព័ត៌មានដែលរស់រវើក សង្គមស៊ីវិលដែលសកម្ម និងគណបក្សប្រឆាំង ដែលអាចជឿជាក់បាន ជាសមាសធាតុនៃសង្គមប្រជាធិបតេយ្យ។

នេះ ជាសេចក្ដីថ្លែងការណ៍លើកទីពីរហើយ របស់ប្រទេសអុស្ត្រាលី នៅក្នុងព្រឹត្តិការណ៍នយោបាយតែមួយ បន្ទាប់ពីសេចក្ដីថ្លែងការណ៍លើកមុន ដែលធ្វើឡើង កាលពីថ្ងៃទី៤ ខែកញ្ញា មួយថ្ងៃក្រោយការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយអាជ្ញាធររដ្ឋាភិបាល។ សេចក្ដីថ្លែងការណ៍នៅពេលនោះ បានវាយតម្លៃហេតុការណ៍ នៃការចាប់ខ្លួនប្រធានគណបក្សប្រឆាំង ថាជា «ការវិវត្តន៍កាន់តែអាក្រក់ទៅ នៃស្ថានភាពនយោបាយ មុនពេលការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ»។

សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់បន្តថា៖ «ក្នុងនាមជាមិត្តភក្តិដ៏យូរអង្វែង របស់កម្ពុជា អូស្ត្រាលីសូមជំរុញដល់កម្ពុជា អនុវត្តយ៉ាងពេញលេញ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដូចដែលបានអះអាង ក្នុងធម្មនុញ្ញអាស៊ាន និងគោរព សេរីភាពនៃការបញ្ចេញមតិ សមាគម និងការប្រមូលផ្តុំដោយសន្តិភាព»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់