រដ្ឋាភិបាល​ព្រមាន​គេហទំព័រ​ដើម​ត្នោត ព្រោះ​ផ្សាយ​ពី​ការ​តែង​តាំង​ចៅហ្វាយ​ខេត្ត​បាត់ដំបង

អត្ថបទដែលចេញផ្សាយ លើគេហទំព័រសារព័ត៌មានដើមត្នោត តាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ទើបនឹងត្រុវបានក្រសួងមហាផ្ទៃ ប្រតិកម្មកាលពីម្សិលម៉ិញនេះ ដោយហៅការផ្សាយនោះ ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងបំផ្លើសការពិត។
រដ្ឋាភិបាល​ព្រមាន​គេហទំព័រ​ដើម​ត្នោត ព្រោះ​ផ្សាយ​ពី​ការ​តែង​តាំង​ចៅហ្វាយ​ខេត្ត​បាត់ដំបង
ទិដ្ឋភាពផ្តិតពីគេហទំព័រសារព័ត៌មានដើមត្នោត នៅត្រង់អត្ថបទ៖ «ជាង​៥០​ម៉ឺន​ដុល្លារ​បានធ្វើ​ចៅហ្វាយខេត្ត ? លោក ងួន រតនៈ អាច​ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​បាត់ដំបង​»។

បន្ទាប់ពីសារព័ត៌មានធំៗ ដែលបានបិទទ្វា (និងត្រូវបានបិទទ្វា) ជាបន្តបន្ទាប់នោះ រដ្ឋាភិបាលលោក ហ៊ុន សែន ទំនងជាកំពុងក្ដៅស្លឹកត្រជៀក ជាមួយនឹងគេហទំព័រសារព័ត៌មានដើមត្នោតមួយទៀត ដែលចេះតែផ្សាយ ពីអត្ថបទរសើបៗ ទាក់ទងនឹងរឿងរ៉ាវកៀកកោះ ប្រឡោះប្រហោងនានា របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយកាលពីម្សិលម៉ិញ តែទើបមកដល់ដៃអ្នកសារព័ត៌មាន ក្នុងយប់ថ្ងៃនេះ បានព្រមានស្ថាប័នសារព័ត៌មាន «Online» មួយនេះ ជុំវិញអត្ថបទមួយរបស់ខ្លួន ដែលចេញផ្សាយ តាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ដីពីការតែងតាំងចៅហ្វាយខេត្តបាត់ដំបង ដែលទំនងជាត្រូវបានធ្វើឡើង តាមរយៈបក្ខពួកនិយម និងអំពើពុករលួយ។

ដោយស្រង់ប្រភពលាក់ឈ្មោះមួយ គេហទំព័រនេះ បានសរសេរចោទជាសំនួរ ដំបូងឡើងថា «ជាង​៥០​ម៉ឺន​ដុល្លារ​ បានធ្វើ​ចៅហ្វាយខេត្ត ?» មុននឹងពន្យល់ថា «លោក ងួន រតនៈ អតីត​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី (​ដន​សស​) ខេត្តបាត់ដំបង និង​បច្ចុប្បន្ន​ជា​អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ អាច​នឹងត្រូវ​រៀបចំ​តែងតាំង​ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង» ជំនួសលោក ច័ន្ទ សុផល អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បច្ចុប្បន្ន​ ដែល​ត្រូវ​ដល់​អាយុ​ ត្រូវចូលនិវត្តន៍ ​នាពេលខាងមុខ។

បើតាមប្រភពលាក់ឈ្មោះ ដែលសារព័ត៌មាននិយាយថា ជា«ព័ត៌មាន​រហិច​រហៀង​ ក្បែរ​ទីស្តីការ​ក្រសួងមហាផ្ទៃ​»​នោះ បានអះអាងទៀតថា ការរៀបចំតែងតាំងនេះ ជា«​ការ​ផ្ចុងផ្តើម​គំនិត និង​គូសវាស​» ដោយលោក ប្រាជ្ញ ចន្ទ អតីត​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​-​ខេត្ត​ត្បូងឃ្មុំ និង​បច្ចុប្បន្ន​ ជាទី​ប្រឹក្សារដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ អត្ថបទបានសរសេរថា៖ «តម្លៃ​សេវា​រត់ការ​លោក ងួន រតនៈ ឲ្យ​ឡើងកាន់តំណែង​ ជា​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ តាមរយៈ​ឯកឧត្តម ប្រាជ្ញ ចន្ទ គឺមាន​ទំហំ​ទឹកប្រាក់​ ប្រមាណ​ជាង​៥០​ម៉ឺន​ដុល្លារ​អាមេរិក»។

ប៉ុន្តែសម្រាប់ក្រសួងមហាផ្ទៃ ការផ្សាយពីដំណឹងខាងលើ បញ្ចេញមកសារព័ត៌មាន ដោយប្រភព«លាក់មុខ» វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងជាការបំផ្លើសការពិត ក្នុងគោលបំណង «បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងធ្វើឲ្យសាធារណមតិយល់ច្រឡំ មកលើការដឹកនាំរបស់ក្រសួង»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ដោយព្រមានត្រឡប់ទៅសារព័ត៌មាន និងប្រភព«លាក់មុខ»នោះ ថា«ត្រូវទទួលខុសត្រូវ»​ ចំពោះមុខច្បាប់។

លខិតប្រកាសព័ត៌មាន របស់ក្រសួង ដែលគ្មានចុះលេខនោះ បានពន្យល់ថា រាល់ការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចមន្រ្តីរាជការ ទាំងនៅក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវអនុលោមតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ នៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន។

តែតាមរយៈសេចក្ដីប្រកាសព័ត៌មានខាងលើ ក្រសួងមហាផ្ទៃ ហាក់ដូចជាបានប្រកាស ឲ្យដឹងជាមុន និងទទួលស្គាល់រួចជាស្រេច ថាលោក នួន រតនៈ ពិតជានឹងត្រូវតែងតាំង ឲ្យឡើងធ្វើចៅហ្វាយខេត្តបាត់ដំបង ដូច«ព័ត៌មានរហិចរហៀង»នោះមែន។

ភ្លាមៗនេះ មិនទាន់មានប្រតិកម្ម ពីសារព័ត៌មានដើមត្នោត ទៅនឹងការចេញលិខិតព្រមាន របស់ក្រសួងមហាផ្ទៃនេះ នៅឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់