សហភាព​អ៊ឺរ៉ុប​៖ ការ​ប៉ុនប៉ង​រំលាយ CNRP នឹង​ធ្វើ​ឲ្យ​«អន្តរាយ» ដល់​ការ​បោះ​ឆ្នោត​ជាតិ ២០១៨

សហភាពអ៊ឺរ៉ុប តាមរយៈគណៈប្រតិភូរបស់ខ្លួន ប្រចាំក្នុងប្រទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ ប្រតិកម្មទៅនឹងព្រឹត្តិការណ៍នយោបាយចុងក្រោយ នៃការដាក់ពាក្យបណ្ដឹង ពីសំណាក់រដ្ឋាភិបាលកម្ពុជា សំដៅប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ និងដែលមាន​«ការគាំទ្រ របស់ពលរដ្ឋកម្ពុជា មិនតិចជាង៤០%» នៅក្នុងប្រទេស។
សហភាព​អ៊ឺរ៉ុប​៖ ការ​ប៉ុនប៉ង​រំលាយ CNRP នឹង​ធ្វើ​ឲ្យ​«អន្តរាយ» ដល់​ការ​បោះ​ឆ្នោត​ជាតិ ២០១៨
សកម្មភាពមួយ ពីសំណាក់កងកម្លាំងអាជ្ញាធរកម្ពុជា ដែលបានចុះទៅដល់ទីស្នាក់ការកណ្ដាល របស់គណបក្សសង្គ្រោះជាតិ កាលពីខែឧសភា ឆ្នាំ២០១៦។ (រូបថតលើហ្វេសប៊ុក)

សហភាពអ៊ឺរ៉ុប បានធ្វើប្រតិកម្មជាផ្លូវការ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧នេះ ទៅនឹងបណ្ដឹងឡើងទៅតុលាការកំពូល ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ប្ដឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។ សេចក្ដីថ្លែងការណ៍ របស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅមុននេះបន្តិច បានសរសេរថា សហភាពអ៊ឺរ៉ុប សូមទទូចទៅរដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាឡើងវិញ ជុំវិញទង្វើនេះរបស់ខ្លួន។

អត្ថបទខ្លី​តែមានន័យច្រើននោះ បានសរសេរថា៖ «សេចក្ដីថ្លែងការណ៍ជាច្រើន ដែលចេញផ្សាយ ក្នុងសប្ដាហ៍ចុងក្រោយ ដោយសហភាពអ៊ឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ យ៉ាងជ្រាលជ្រៅរបស់យើង ចំពោះស្ថានភាពនយោបាយចុងក្រោយ នៅកម្ពុជា។ ស្ថិតក្នុងបរិបទនេះ ទង្វើរបស់អាជ្ញាធរកម្ពុជា ដើម្បីស្វែងរកការំលាយ គណបក្សប្រឆាំងសំខាន់ជាងគេ នៅក្នុងប្រទេសនេះ បានបង្កឲ្យមានការព្រួយបារម្ភ យ៉ាងខ្លាំង។»

កាលពីល្ងាចថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈក្រុមមេធាវី តំណាងដោយអាណត្តិរបស់ខ្លួន បានដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការកំពូល ជាមួយនឹងភស្ដុតាងចំនួន ២១កញ្ចប់ ដើម្បីស្នើសុំ ឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទគណបក្សនេះ ថាបានឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពខុសច្បាប់ ដូចមានចែងក្នុងមាត្រា ៦ថ្មី និងមាត្រា ៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្ម យ៉ាងតក់ក្រហល់ ម្ដងជាពីរដង ក្នុងរយៈពេលរវាងគ្នា មិនដល់៥ខែស្រួលបួលផង។

គណៈប្រតិភូ របស់សហភាពអ៊ឺរ៉ុប ដែលជាលំហរទីផ្សារនាំចេញ ដ៏ធំជាងគេនៅលើពិភពលោក របស់កម្ពុជា បានបញ្ជាក់បន្ត​ ក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនទៀតថា៖ «ការប៉ុនប៉ងរំលាយចោល ចេញពីឆាកនយោបាយ នូវគណបក្សមួយ ដែលតំណាង ឲ្យសម្លេងពលរដ្ឋ ជាង៤០ភាគរយ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីពេលថ្មីៗនេះ គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរ ទៅលើរបបប្រជាធិបតេយ្យ នៅកម្ពុជា និងធ្វើឲ្យអន្តរាយ ដល់ភាពទទួលយកបាន នៃដំណើរការបោះឆ្នោត ក្នុងពេលបច្ចុប្បន្ន (សម្រាប់ការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ)»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់