អង្គការ​លើក​លែង​ទោស ហៅ​ការ​ប៉ុនប៉ង​រំលាយ CNRP មុន​ការ​បោះ​ឆ្នោត ជា​ការ​ដណ្ដើម​អំណាច​«ឆៅ»

អង្គការលើកលែងទោសអន្តរជាតិ បានក្លាយជាអង្គការធំមួយទៀត ដែលរិះគន់ចំណាត់ការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការដាក់ពាក្យបណ្ដឹង ស្វែងរកការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា។ អង្គការនេះ បានហៅការប៉ុនប៉ងរបៀបនេះ នៅមុនការបោះឆ្នោតមកដល់ គឺជាការដណ្ដើមអំណាច«ឆៅ»។
អង្គការ​លើក​លែង​ទោស ហៅ​ការ​ប៉ុនប៉ង​រំលាយ CNRP មុន​ការ​បោះ​ឆ្នោត ជា​ការ​ដណ្ដើម​អំណាច​«ឆៅ»
រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើអត្ថបទប្រកាសព័ត៌មាន របស់គេហទំព័រអង្គការលើកលែងទោសអន្តរជាតិ។ (រូបថតផ្តិតពីគេហទំព័រ)

«លោកនាយករដ្ឋមន្ត្រី ហ៊ិុន សែន និងរដ្ឋាភិបាលរបស់លោក ទំនងជាមានបំណងចង់ធ្វើឲ្យប្រទេសកម្ពុជា ក្លាយជារដ្ឋមួយ ដែលគ្មានការរិះគន់ទាល់តែសោះ ដោយប្រើគ្រប់មធ្យោបាយ ដែលចាំបាច់» នេះ ជាការថ្លែងឡើង របស់លោក ជេម ហ្គោម៉េស (James Gomez) នាយកអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មហាសាគរ​ប៉ាស៊ីភិក នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការនេះ ដែលចេញផ្សាយ កាលពីចុងសប្ដាហ៍កន្លងមក។

សេចក្ដីប្រកាសព័ត៌មានរិះគន់នេះ បានធ្វើឡើងភ្លាមៗ ក្រោយក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការកំពូល​ ស្នើសុំឲ្យស្ថាប័នយុត្តិធម៌មួយនេះ រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ និងមានអាសនៈ៥៥ នៅក្នុងរដ្ឋសភាសព្វថ្ងៃ។ មេធាវី៥រូប ដែលតំណាងដោយអាណត្តិ របស់ក្រសួងមហាផ្ទៃ បានអះអាងថា ក្រសួងមានភស្ដុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីអាចឲ្យតុលាការសម្រេច រំលាយគណបក្សប្រឆាំង ទៅតាមច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្ម យ៉ាងតក់ក្រហល់ ម្ដងហើយម្ដងទៀត កាលពីដើមឆ្នាំ២០១៧ កន្លងទៅនេះ។

ចំណាត់ការខាងលើ ត្រូវបានអង្គការអន្តរជាតិធំៗជាច្រើន នៅលើពិភពលោក បានចេញមុខប្រតិកម្ម ដោយចេញសេចក្ដីថ្លែងការណ៍ ជាបន្តបន្ទាប់។ សម្រាប់អង្គការលើកលែងទោសអន្តរជាតិ បានហៅហេតុការណ៍ខាងលើ ដែលជាជំហានទៅបិទគណបក្សប្រឆាំង នៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨នោះ ថាជាការប្រែប្រួលចុងក្រោយបង្អស់ នៃការប៉ុនប៉ងមិនស្រាកស្រាន្ដ ដើម្បីគាបសង្កត់ទៅលើក្រុមអ្នករិះគន់។

លោក ជេម ហ្គោម៉េស បានបញ្ជាក់ទៀតថា៖ «ការប៉ុនប៉ងរំលាយគណបក្សប្រឆាំង នៅមុនការបោះឆ្នោតដ៏សំខាន់ ដែលនឹងប្រព្រឹត្តិទៅ ក្នុងឆ្នាំខាងមុខ គឺជាការដណ្ដើមអំណាច"ឆៅ"មួយ និងជាការក្រឡាប់ចាក់ថ្មីទៀត បង្ហាញពីការបង្ក្រាប ពីសំណាក់អាជ្ញាធរកម្ពុជា ប្រឆាំងនឹងក្រុមអ្នករិះគន់ នៅគ្រប់ទម្រង់​ទាំងអស់»។

នាយកផ្នែក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មហាសាគរប៉ាស៊ីភិករូបនេះ បានអំពាវនាវទៅកាន់ សហគមន៍អន្តរជាតិទាំងអស់ ថាមិនអាចនៅឈរមើលពីចំងាយ ការរំលោភបំពានដដែលៗ ម្ដងហើយម្ដងទៀត ទៅលើសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាដូច្នេះឡើយ។ លោក ហ្គោម៉េស បានបន្តថា៖ «ប្រទេសធំៗ និងសំខាន់ៗ ចាំបាច់ត្រូវធ្វើ​ប្រតិកម្មជាបន្ទាន់ ជំរុញរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ ការរឹតត្បិតជាប្រព័ន្ធ ចំពោះសិទ្ធិរបស់ក្រុមអ្នកនយោបាយប្រឆាំង និងក្រុមមន្ត្រីសកម្មជន ដើម្បីសិទ្ធិមនុស្ស និងដើម្បីសេរីភាព ក្នុងការបញ្ចេញមតិ»។

បង្កើតឡើងតាំងពីឆ្នាំ ១៩៦១ អង្គការលើកលែងទោសអន្តរជាតិ មានមូលដ្ឋានកណ្ដាល នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស និងមានបណ្ដាញសាខារបស់ខ្លួន សឹងតែនៅគ្រប់ជ្រុងទាំងអស់ ក្នុងពិភពលោក។ មិនខុស ពីអង្គការអន្តរជាតិដទៃទៀតប៉ុន្មានទេ អង្គការអន្តរជាតិដ៏ធំមួយនេះ បានចេញរបាយការណ៍ធំៗរបស់ខ្លួន ជារៀងរាល់ឆ្នាំ (និងរបាយការណ៍តូចៗ ជារៀងរាល់ពេល) ដើម្បីឃ្លាំមើលគ្រប់សកម្មភាពទាំងឡាយ ដែលបង្ហាញពីការរំលោភសិទ្ធិមនុស្ស សឹងនៅគ្រប់ប្រទេស។ ជាការកត់សម្គាល់ដែរ គឺរបាយការណ៍នានា របស់អង្គការលើកលែងទោសអន្តរជាតិ ត្រូវបានស្ថាប័នពិភពលោកធំៗ យកចិត្តទុកដាក់ ក្នុងនោះមានអង្គការសហប្រជាជាតិ និងសហភាពអ៊ឺរ៉ុបជាដើម៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់