សារព័ត៌មាន​បារាំង​ថា ត្រកូល​«ហ៊ុន»​មាន​ទ្រព្យ​មិន​តិច​ជាង ១ពាន់​លាន​ដុល្លារ

សារព័ត៌មានមួយរបស់ប្រទេសបារាំង បានលើកឡើងពីទំហំទ្រព្យសម្បត្តិ របស់ត្រកូល ហ៊ុន នៃនាយករដ្ឋមន្ត្រីកម្ពុជា ថាមានប្រមាណមិនតិចជាង ១ពាន់លានដុល្លារនោះឡើយ។ ហើយនេះ គេនៅមិនទាន់រាប់ក្រុមគ្រួសារផៅសន្ដាន នៃអ្នកមានអំណាចផ្សេងទៀត ដែលត្រកូល ហ៊ុន បានចងសម្ព័ន្ធភាព ផ្សាសាច់ផ្សាឈាមជាមួយនោះផងទេ។
សារព័ត៌មាន​បារាំង​ថា ត្រកូល​«ហ៊ុន»​មាន​ទ្រព្យ​មិន​តិច​ជាង ១ពាន់​លាន​ដុល្លារ
នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់កម្ពុជា លោក ហ៊ុន សែន (រូបបុរសអង្គុយ) និងកូនៗ (បង្កើត និងប្រសារ) របស់លោក។ (រូបថតលើហ្វេសប៊ុក)

បើតាមការគណនា នៅលើទ្រព្យសម្បត្តិដែលត្រកូល ហ៊ុន នៃបុរសខ្លាំងកម្ពុជា បានប្រកាស ឬបានឲ្យដឹងជាផ្លូវការ គេរកឃើញថា ទ្រព្យសម្បត្តិទាំងនេះ មានទំហំប្រមាណជា ២៥០លានដុល្លារ។ ប៉ុន្តែ បើតាមការគណនា​​ផ្សេងទៀត ដែលយកជាការបាន ឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ របស់បុរសខ្លាំងកម្ពុជារូបនេះ អាចមានទំហំយ៉ាងតិច ក៏មួយពាន់លានដុល្លារ ($ 1.000.000.000) ដែរ។ នេះ បើតាមការអះអាងរបស់សារព័ត៌មាន «LIBERATION» របស់ប្រទេសបារាំង ដែលចេញផ្សាយ កាលពីយប់ថ្ងៃទី៦ ខែកញ្ញា (ត្រូវជាព្រឹកថ្ងៃទី៧ ខែតុលា ម៉ោងនៅកម្ពុជា) ឆ្នាំ២០១៧ តាមរយៈអត្ថបទមួយ មានចំណងជើងថា «កម្ពុជា៖ របបដឹកនាំដែលស្លន់ស្លោ កំពុងបង្ក្រាបយ៉ាងសាហាវ»។

ម្ចាស់អត្ថបទ ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មានឯករាជ្យ លោក អារណូ ឌូប៊ូស (Arnaud Dubus) ជំនាញខាងការយកព័ត៌មាន ពីបណ្ដាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសពីប្រទេសកម្ពុជា និងប្រទេសថៃនោះ បានសរសេររៀបរាប់យ៉ាងច្រើន ពីព្រឹត្តិការណ៍នយោបាយកម្ពុជា ដែលបានកើតឡើង នាប៉ុន្មានខែចុងក្រោយនេះ។ ជាពិសេស ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ដែលបង្កឲ្យមានចំណាប់អារម្មណ៍ នៅពាសពេញពិភពលោក ហើយដែលធ្វើឲ្យលោក អារណូ ឌូប៊ូស ចុះទៅយកព័ត៌មានទាំងនេះដោយផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ។

មិនមែនមានតែការចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង ក្រោមបទចោទ«ក្បត់ជាតិ» នេះប៉ុណ្ណោះទេ អត្ថបទរបស់លោក ឌូប៊ូស នៅបានរៀបរាប់ឡើងវិញ ពីព្រឹត្តិការណ៍ដែលបានកើតឡើង តាំងពីច្រើនខែមុន មានតាំងពីការ«លួចស្ដាប់»កិច្ចសន្ទនាតាមទូរស័ព្ទ របស់ក្រុមអ្នកវិភាគឯករាជ្យ ក្រុមមន្ត្រីធ្វើការខាងសិទ្ធិមនុស្ស (...) រហូតមកដល់ការ​បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជាសារព័ត៌មាន «The Cambodia Daily» វិទ្យុអាស៊ីសេរី (RFA) និងបណ្ដាស្ថានីយវិទ្យុក្នុងស្រុក ចំនួនជាង២០ នោះជាដើម។

លោក អារណូ ឌូប៊ូស បានសរសេរថា៖ «បរិយាកាសនយោបាយ ដែលបានគ្រប់ដណ្ដប់លើប្រទេសកម្ពុជា បានបង្កការព្រួយបារម្ភថា ការសេសសល់ចុងក្រោយ នៃប្រព័ន្ធប្រជាធិបតេយ្យ នឹងត្រូវបោសសំអាត ចោលបន្តទៀត។ ប្រព័ន្ធប្រជាធិបតេយ្យនេះ ត្រូវបានកំណត់និងបង្កើតឡើងវិញ នៅខែតុលាឆ្នាំ១៩៩១ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបិទបញ្ចប់ ជម្លោះរាំងជល់ជាង២០ឆ្នាំ រវាងខ្មែរនិងខ្មែរ ជាពិសេសនៅក្នុងរយៈពេល រវាងពីរបបខ្មែរក្រហម និងមកដល់របបដឹកនាំមួយ ដែលត្រូវបានលើកបន្តុប នៅឆ្នាំ១៩៧៩ ដោយវៀតណាម និងដែលដឹកនាំចាប់ពីឆ្នាំ ១៩៨៥មក ដោយលោក ហ៊ុន សែន។»។

អត្ថបទសារព័ត៌មាន​បានពន្យល់ថា គឺ«លទ្ធផលដ៏គួរឲ្យបារម្ភ» នៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនាមុន ដែលជាមូលហេតុចម្បងមួយ បណ្ដាលឲ្យមាន ការផ្លាស់ប្ដូ​រ​បរិយាកាសនយោបាយ នៅថ្ងៃនេះ។ ទោះជាមានការក្ដាប់អំណាចយ៉ាងណែន នៅថ្នាក់មូលដ្ឋាន ដោយរដ្ឋបាលរបស់គណបក្សកាន់អំណាច ការគម្រាមកំហែងម្ចាស់ឆ្នោត និងមានការទិញសន្លឹកឆ្នោតក៏ដោយ តែគណបក្សប្រជាជនកម្ពុជា បានបាត់បង់អំណាច នៅថ្នាក់មូលដ្ឋានយ៉ាងច្រើន។ ដូច្នេះ គេអាចប្រមើលមើលឃើញថា គណបក្សប្រឆាំងនឹងអាចរកបានសម្លេងឆ្នោត បានកាន់តែច្រើនថែមទៀត នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ បើប្រៀបធៀបនឹងការបោះឆ្នោត ឆ្នាំ២០១៣ ដែលនៅពេលនោះ គណបក្សប្រឆាំងបានកាន់កាប់ឃុំសង្កាត់ តែត្រឹមចំនួនដ៏តិចតួចប៉ុណ្ណោះ។

អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ ដែលបានចាកចេញពីប្រទេស ព្រោះបារម្ភពីការចាប់ចងលើអ្នកស្រីនោះ បានថ្លែងតាមរយៈអត្ថបទថា៖ «លោក ហ៊ុន សែន កំពុងភ័យភិត ពីខ្លួនគាត់ និងពីគ្រួសារគាត់។ គាត់មិនត្រឹមតែបារម្ភ ពីការបាត់បង់អំណាចនោះទេ តែគាត់ក៏បារម្ភពីទ្រព្យសម្បត្តិ ដែលគាត់សន្សំរកបាននោះដែរ។ គាត់ដូចជាវង្វេងវង្វាន់ អស់ហើយ។»។

សារព័ត៌មានបារាំង បានសរសេររំលឹកឡើងវិញ ពីឃាតកម្ម​ទាំង​កណ្ដាលថ្ងៃ និងកណ្ដាលរាជធានី សម្លាប់លោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏មានប្រជាប្រិយ កាលពីខែកក្កដា ឆ្នាំទៅម៉ិញ ដោយហៅហេតុការណ៍ដ៏រន្ធត់នេះ ថាជាសញ្ញា នៃការបង្ហាញ​«មហិទ្ធិរិទ្ធិដ៏អស្ចារ្យ» ដើម្បីទាញប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ឲ្យធ្លាក់ដាំក្បាលចុះ។ ឃាតកម្មនេះ បានកើតឡើងពីរថ្ងៃ ក្រោយការថ្លែងរបស់លោក កែម ឡី នៅតាមវិទ្យុ ដែលពន្យល់និងវិភាគ ទាក់ទងនឹង«ទ្រព្យសម្បត្តិ» របស់ក្រុមគ្រួសារត្រកូល ហ៊ុន។

ទ្រព្យសម្បត្តិដែលមានទំហំច្រើនរយលាន និងចូលដល់ថ្នាក់កោដដុល្លារ ត្រូវបានអត្ថបទលើកមកបញ្ជាក់ ហើយទំហំនេះ ត្រូវបានគណនា សម្រាប់តែក្រុមគ្រួសារត្រកូល ហ៊ុន តែមួយប៉ុណ្ណោះ។ តែនៅមានច្រើនទៀត៖ «ព្រោះតាំងពីជាងបីទសវត្សន៍មកហើយ លោក ហ៊ុន សែន បាន បានសង់មូលដ្ឋានគ្រឹះ នៃអំណាចរបស់លោក ដោយសារការធ្វើសម្បទាន និងការផ្ដល់ប្រយោជន៍ ទៅឲ្យក្រុមឧកញា និងអ្នកមានប្រាក់ ដ៏មានឥទ្ធិពលផ្សេងទៀត  ដែលបានជួយត្រឡប់មកលោកវិញ តាមរយៈថវិកា និងការគាំទ្រផ្នែកនយោបាយ»។

អត្ថបទបានបន្តថា៖ «សែស្រឡាយរវាងលោក ហ៊ុន សែន និងក្រុមអ្នកមានប្រាក់ទាំងនេះ ដែលត្រូវបានពង្រឹកកាន់តែខ្លាំង តាមរយៈចំណងអាពាហ៍ពិពាហ៍ និងការផ្សាសាច់ផ្សាឈាមគ្នានោះ ទទួលបាន​ភាពកាក់កប​យ៉ាងសម្បើម ក្នុងការរកប្រាក់ ដែលជាញឹកញយ កើតចេញពីការធ្វើអាជីវកម្ម លើធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដែលកំពុងឈានទៅរកការបាត់បង់ យ៉ាងឆាប់រហ័ស»។

លោក សេបាស្ទៀង ស្ត្រេនជោ (Sebastian Strangio) អ្នកនិពន្ធសៀវភៅ «កម្ពុជា របស់ ហ៊ុន សែន» បានថ្លែងពន្យល់​ឡើងដូច្នេះ៖ «គោលការណ៍ចម្បង នៃសែស្រឡាយនេះ ឈរនៅលើជំហរ នៃភាពស្មោះស្ម័គ្រ (ពីសំណាក់​ក្រុមអ្នកមានប្រាក់) ដោយប្ដូរបានមកវិញ នូវការការពារ (ពីសំណាក់លោក ហ៊ុន សែន)។ លោក ហ៊ុន សែន មិនបានបង្កើត​គោលការណ៍នេះមកទេ ព្រោះជាទំនៀមទម្លាប់ រវាង"ចៅហ្វាយ និងបាវបម្រើ" ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ នៅក្នុងសង្គមខ្មែរ។ ប៉ុន្តែទំនៀមទម្លាប់នេះ ត្រូវបានលោក ហ៊ុន សែន កែប្រែឲ្យក្លាយជាប្រព័ន្ធនយោបាយមួយ ដែលចាក់ឫស យ៉ាងរឹងមាំ​​ជាទីបំផុត។»។

អ្នកនិពន្ធសៀវភៅខាងលើ បានបន្តថា៖ «បើតាមពាក្យទាំងនេះ បានសេចក្ដីថា (លោក ហ៊ុន សែន) មិនមែនជា"ជនផ្ដាច់ការ»នោះទេ។ លោក ហ៊ុន សែន មានអំណាចបាន គឺវាអាស្រ័យទៅនឹងភាពស្មោះស្ម័គ្រ ដែលទទួលបានពីសែស្រឡាយ នៃសម្ព័ន្ធភាពរបស់លោក។ ក្នុងចំណោមនោះ ក្រុមអ្នកមានប្រាក់មួយភាគធំ ជាពិសេសនៅតាមបណ្ដាខេត្ត អាចធ្វើអ្វី​បានតាមអំពើចិត្ត ចាប់ពីពេលដែលពួកគេ គ្រាន់តែទទួលយល់ព្រមថា លោក ហ៊ុន សែន ជាមេដឹកនាំកំពូល និងបន្ទាប់មក គ្រាន់តែបញ្ជូនប្រាក់ ទៅកាន់អំណាចកណ្ដាល តែប៉ុណ្ណោះនោះ។»។

ប្រព័ន្ធដឹកនាំរបៀបនេះ នឹងធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយទៅជា«រដ្ឋម៉ាហ្វីយ៉ា (Etat mafieux)» ក្នុងថ្ងៃណាមួយ។ នេះ បើតាមអត្ថបទរបស់សារព័ត៌មានដដែល។ សារព័ត៌មានបារាំង បានបញ្ជាក់ទៀតដូច្នេះ៖ «រដ្ឋម៉ាហ្វីយ៉ា ដែលគ្របដណ្ដប់​ដោយអំពើពុករលួយ នឹងការពារតែក្រុមអ្នកមានអំណាច មួយក្ដាប់តូច ហើយបោះបង់ចោល នូវតម្រូវការចំពោះមុខ នៃប្រជាជនកម្ពុជាភាគច្រើន ដែលមានប្រមាណជា ៩លាននាក់ នៅតាមស្រុកស្រែចំការ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់