អាមេរិក​និង​​​អឺរ៉ុប​ អះអាងបន្ត​​បើក​​ទីផ្សារ​​ និង​​បង្កើន​​ការ​​បញ្ជា​​ទិញ

សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​​ តាមរយៈឯកអគ្គរដ្ឋទូត របស់ផងខ្លួន ប្រចាំនៅកម្ពុជា បាន​អះអាង​ថា នឹង​បន្ត​បើក​ទីផ្សារ​របស់​ខ្លួន ​ដល់ប្រទេស​កម្ពុជា និង​បង្កើន​ការ​បញ្ជា​ទិញ​ទំនិញ​ ពី​កម្ពុជា​។ ការអះអាងនេះ ធ្វើឡើងក្នុងជំនួប ជាមួយ​រដ្ឋ​មន្ដ្រី​ក្រសួង​ការងារ​កម្ពុជា ​កាលពីល្ងាច​ថ្ងៃ​ទី​៦ ខែ​តុលា​ម្សិលមិញ នា​ទីស្ដីការក្រសួង​។
អាមេរិក​និង​​​អឺរ៉ុប​ អះអាងបន្ត​​បើក​​ទីផ្សារ​​ និង​​បង្កើន​​ការ​​បញ្ជា​​ទិញ
កម្មការិនីខ្មែរ ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​ សម្លៀក​បំពាក់​ និង​ស្បែក​ជើង។ (រូបថត MONOROOM.info)

ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ម្សិលម៉ិញ លោក វីល្លៀម ហេត (William Heidt) ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​លោក ហ្សក អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ប្រចាំ​កម្ពុជា បានអះអាងថា សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប នឹង​បន្ត​បើក​ទីផ្សារ​របស់​ខ្លួន​ ដល់​កម្ពុជា និង​បង្កើន​ការ​បញ្ជា​ទិញ​ទំនិញ ​ពី​កម្ពុជា​ ហើយនឹងមិន​ភ្ជាប់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ក្នុង​ការ​គោរព​លក្ខខណ្ឌ​ការងារ ទៅ​នឹង​ភាព​តានតឹង ​ផ្នែក​ផ្សេង​ទៀត​ឡើយ​។

ជំនួបខាងលើ ដែលប្រព្រឹត្តិទៅក្នុងអាគារក្រសួងការងារ បានធ្វើ​ឡើង​​មួយ​ថ្ងៃ​ ក្រោយ​ពី​គណៈកម្មការ​​ប្រឹក្សា​ការងារ​ បានប្រកាសកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ របស់កម្មករ​និយោជិត​ ផ្នែក​វាយនភណ្ឌ រហូត​ដល់​១៧០​ដុល្លារ​ (១៦៥+៥ដុល្លារ) ចាប់ពី​ឆ្នាំ​២០១៨តទៅ​​។  

ឯកអគ្គរដ្ឋទូត​ទាំង​ពីរ ​បាន​សំដែងការអបអប​ដល់​កម្ពុជា ដែល​ស្វែង​រក​បាន​លទ្ធផល​ដោយ​រលូន ចំពោះ​ការ​តម្លើង​ប្រាក់​ឈ្នួល​ ខាងលើនេះ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​។ តំណាងប្រមុខការទូត​ទាំង​ពីររូប ​ក៏បានលើក​ទឹក​ចិត្ត ​ឲ្យ​កម្ពុជា​បន្ត​ប្រកាន់​ខ្ជាប់ ​នូវ​យន្តការ​ត្រី​ភាគី ការ​សន្ទនា​សង្គម ការ​គោរព​លក្ខខណ្ឌ​ការងារ ការ​គោរព​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ និង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​ ឲ្យ​បាន​លឿន​​និង​មាន​តម្លា​ភាព​។

សហភាពអឺរ៉ុប​ ដែលជាបណ្ដុំប្រទេសចំនួន២៨ នៅក្នុងទ្វីបអ៊ឺរ៉ុប ជាលំហ​ទីផ្សារ​នាំ​ចេញ​ ធំ​ជាង​គេ​របស់​កម្ពុជា ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​ សម្លៀក​បំពាក់​ និង​ស្បែក​ជើង​។ សហរដ្ឋអាមេរិក ជាលំហទីផ្សារនាំចេញទីពីរ បន្ទាប់ពីសហភាពអ៊ឺរ៉ុប។

សូមបញ្ជាក់ដែរថា កម្ពុជា​បាន​នាំ​ចេញ​ នូវផលិតផល​វាយនភណ្ឌ សម្លៀក​បំពាក់​​និង​ស្បែក​ជើង ទៅ​កាន់​ទីផ្សារ​សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក មាន​តម្លៃ​ជិត​៧​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិសរុប មានតម្លៃប្រមាណ ​៧ពាន់​៣​រយលាន​ដុល្លារ​អាមេរិក។ នេះ បើតាមតួលេខ របស់របាយការណ៍ ក្នុង​​ឆ្នាំ​២០១៦​កន្លង​ទៅ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់