បុរស​ខ្មែរ​ម្នាក់​ឱប​កូន​តូច​ស្រី​ប្រុស លោត​សម្លាប់​ខ្លួន នៅ​ប៉ារីស

រឿងរ៉ាវមួយ​ដ៏តក់ស្លុត និងដ៏អាណោចអាធម បានកើតឡើងកណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង។ បុរសជាឪពុកម្នាក់ ដែលមានដើមកំណើតខ្មែរ បានអោបកូនតូចៗរបស់ខ្លួន ហើយលោតសម្លាប់ខ្លួន​ ពីជាន់ទី៥ នៃអាគារសណ្ឋាគារមួយ ដែលស្ថិតនៅក្នុងសង្កាត់ទី១១ កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។
បុរស​ខ្មែរ​ម្នាក់​ឱប​កូន​តូច​ស្រី​ប្រុស លោត​សម្លាប់​ខ្លួន នៅ​ប៉ារីស
ទិដ្ឋភាព កុមារអាយុ៣ឆ្នាំ កំពុងជាប់នឹងចំរឹងដែករបស់អាគារ បន្ទាប់ពីត្រូវបានឪពុកចាប់បង្ខំ ឲ្យលោតសម្លាប់ខ្លួន តាមបង្អួចសណ្ឋាគារ។ (រូបថតផ្តិតពីវីដេអូ)

បុរសម្នាក់ និងកូនស្រីអាយុ៦ឆ្នាំ របស់គាត់ បានស្លាប់ នៅក្នុងហេតុការណ៍លោតសម្លាប់ខ្លួន ពីជាន់ទី៥ នៃសណ្ខាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ទី១១ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន។ កូនប្រុសអាយុ៣ឆ្នាំ របស់បុរសរូបនោះ បានរួចរស់ជីវិត ដោយសារអាវរបស់កុមារ បានទាក់ជាប់នឹងចំរឹងអាគារ រហូតមានការជួយសង្គ្រោះ ពីសំណាក់អ្នកជួយសង្គ្រោះ ក្នុងរយៈពេល១៥នាទីក្រោយមក។

ហេតុការណ៍ដ៏រន្ធត់ ដែលបានកើតឡើង នៅវេលាម៉ោងប្រមាណជា ១៤រសៀលនេះ បានបង្កភាពតក់ស្លុត ដល់អ្នកជិតខាង និងអ្នកដែលស្គាល់ក្រុមគ្រួសារ របស់បុរសខាងលើ ដែលជាបុគ្គលិកមានដើមកំណើតខ្មែរ ទទួលបន្ទុកផ្នែកសម្ភារៈ របស់សណ្ឋាគារមួយនេះ។ សាក្សីម្នាក់ បានថ្លែងប្រាប់ទូរទស្សន៍ «BFMTV» របស់បារាំងថា បុរសអាយុ៤៧ឆ្នាំ បានចាប់កូនទាំងទ្វេរបស់ខ្លួន ហើយបានហក់ចេញតាមបង្អួច ទម្លាក់ខ្លួនមកដី។ សាក្សីរូបនោះ បានអះអាងថា៖ «កូនតូចៗទាំងពីរ គ្មានបំណងលោតសម្លាប់ខ្លួន ជាមួយឱពុកពួកគេទេ ព្រោះខ្ញុំឃើញពួកគេតោងស្រវេស្រវា ដើម្បីដោះខ្លួនចេញពីដៃឪពុក»។

បុរសនិងកូនស្រី បានធ្លាក់មកដល់ដី និងមិនបានរួចរស់មានជីវិតទេ ទោះក្រុមអ្នកជិតខាងព្យាយាម ជួយធ្វើចលនាបេះដូងយ៉ាងណាក៏ដោយ។ រីឯកូនប្រុសវិញ ដែលត្រូវបានជួយសង្គ្រោះទាន់ពេល មិនមានរងរបួសអ្វីទាំងអស់ ប៉ុន្តែត្រូវបានក្រុមអ្នកជួយសង្គ្រោះ យកទៅពិនិត្យ នៅក្នុងហាងមួយនៅក្បែរនោះ ដើម្បីបញ្ជៀស កុំឲ្យកុមារមើលឃើញ ទិដ្ឋភាពដ៏ខ្លោចផ្សារ នៃការស្លាប់របស់ឪពុក និងបងស្រីរបស់ខ្លួន។

ម្ដាយរបស់គ្រួសារមួយនេះ ដែលមិនមានវត្តមាន នៅនឹងកន្លែងកើតហេតុ ត្រូវបានជូនដំណឹង ពីរឿងរ៉ាវខាងលើ នៅប៉ុន្មានម៉ោងក្រោយមក ខណៈអ្នកស្រីកំពុងនៅក្នុងផ្ទះរបស់ខ្លួន នៅក្នុងសង្កាត់ទី១៨ (ខាងជើង) នៃរដ្ឋធានីប៉ារីស។

នគរបាលបានសង្ស័យក្នុងជំហានដំបូង ពីឧប្បត្តិហេតុដែលកើតឡើង នៅក្នុងគ្រួសារឪពុកម្ដាយ និងកូនៗ ទាំងបួននាក់។ នៅមុនពេលកើតហេតុ បុរសជាឪពុកបាននាំកូនទាំងពីរ ចូលមកក្នុងសណ្ឋាគារ ដោយនិយាយប្រាប់បុគ្គលិកនៅទីនោះថា ខ្លួនចង់ឲ្យកូនមកលេង និងមកមើលកន្លែងធ្វើការរបស់ខ្លួន។ យ៉ាងណា ក៏ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដោយនគរបាលផ្នែកការពាអនីតិជន ដើម្បីស្វែងយល់ ពីរឿងរ៉ាវដែលបានកើតឡើង និងពីមូលហេតុ ដែលនាំទៅដល់រឿងរ៉ាវ លោតសម្លាប់ខ្លួននេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់