ជម្រើស​របស់ អ៊ុងសាន ស៊ូជី រវាង​«នយោបាយ និង​សីលធម៌»

នៅចំពោះការរិះគន់ មកពីជុំវិញពិភពលោក ចំពោះបញ្ហាដែលកើតមានឡើងធ្ងន់ធ្ងរ ទៅលើបណ្ដាជន រ៉ូហ៊ីងយ៉ា (Rohingyas) តើអ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងរបបដឹកនាំថ្មីរបស់អ្នកស្រី ដែលបានជាប់ឆ្នោត ឡើងមកគ្រប់គ្រងប្រទេសភូមា តាមបែបប្រជាធិបតេយ្យ មានជំហរ និងជម្រើសបែបណា? សូមអាន និងស្វែងយល់ ការវិភាគរបស់លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ ផ្សាយជាខេមរភាសា ដូចខាងក្រោម។
ជម្រើស​របស់ អ៊ុងសាន ស៊ូជី រវាង​«នយោបាយ និង​សីលធម៌»
អ្នកស្រី អ៊ុងសាន ស៊ូជី (រូបកណ្ដាល) ដែលអង្គុយនៅកណ្ដាល ចំណោមនាយទាហានជាច្រើននាក់ របស់ប្រទេសភូមា។ (រូបថត AFP)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 09, 2017
  • ប្រធានបទ: វិភាគបញ្ហាភូមា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់នាយកវិទ្យុបារាំងអន្តរជាតិ ផ្សាយជាខេមរភាសា លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ (Jean-François Tain) បានពន្យល់ករណីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) អតីតមេដឹកនាំប្រឆាំង ដែលបានជាប់ឆ្នោត ឡើងដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសភូមា គឺជាឧទាហរណ៍មួយ ដែលបង្ហាញនូវបដិវាទកម្ម រវាង«សីលធម៌ និងនយោបាយ»។ នៅលើបណ្ដាញសង្គម លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបកស្រាយបដិវាទកម្មនេះ  ជាពីរចំណុច៖

១/ កាលនៅជាមេបក្សប្រឆាំង ជ័យលាភីរង្វាន់ Nobel សន្តិភាពរូបនេះ ជានិមិត្តរូប នៃសីលធម៌។ កាលណោះ សំដី ទង្វើ និងឥរិយាបទរបស់អ្នកស្រី សុទ្ធសឹងជា មេរៀនសីលធម៌ប្រដៅនយោបាយ របស់ក្រុមនាយទាហានភូមា។ អីុចឹងហើយបានជា អ្នកស្រី Aung San Suu Kyi បានក្លាយជាគំរូ នៃសេរីភាពនិងនៃការតស៊ូប្រឆាំងនឹងអំណាចផ្តាច់ការ រហូតដល់ជួនកាល ត្រូវបានមហាអំណាច«ប្រជាធិបតេយ្យ» ប្រើជាឧបករណ៍នយោបាយ ដើម្បីចង្អុលមុខ មហាអំណាច«ផ្តាច់ការ» ដែលគាំទ្ររបបសឹកផ្តាច់ការដូចគ្នានៅភូមា។

២/ ឡើងគ្រប់គ្រងប្រទេស មិនទាន់ទាំងបានពីរឆ្នាំល្អផង អ្នកស្រី Aung San Suu Kyi កំពុងក្លាយជា «បិសាច» សម្រាប់ពួក (អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកនយោបាយ ប្រកបដោយសីលធម៌ពេញខ្លួនមួយចំនួន នៅអាមេរិក និងនៅអឺរ៉ុប) អ្នកដែលកាលពីមុន បានលើកតម្កើងអ្នកស្រីដូចព្រះ។ ពួកគេនាំគ្នាជេរប្រមាថអ្នកស្រី នាំគ្នាទាមទារ ឲ្យដកយករង្វាន់ Nobel ពីអ្នកស្រីវិញ ដ្បិតអ្នកស្រីបានបណ្តោយ ឲ្យកងទ័ពភូមាវាយបង្ក្រាបគ្មានត្រាប្រណី ទៅលើពួកជនជាតិភាគតិច Rohingyas។

លោក ហ្សង់ ហ្វ្រង់ស្វ័រ បានលើកឡើងថា៖ «មែនទែនទៅ គេមិនអាចធ្វើនយោបាយ ដោយយកសីលធម៌ជាធំបាន ដូចមាត់ថានោះឡើយ។ សីលធម៌ តម្រូវឲ្យអ្នកស្រី Aung San Suu Kyi ចេញមុខការពារជនជាតិភាគតិច Rohingyas។ ប៉ុន្តែនយោបាយ តម្រូវឲ្យអ្នកស្រីយកចិត្តទុកដាក់ ទៅលើប្រយោជន៍នយោបាយ របស់អ្នកស្រីផ្ទាល់ ទៅលើប្រយោជន៍នយោបាយ របស់គណបក្សអ្នកស្រី និងទៅលើប្រយោជន៍នយោបាយ របស់ប្រទេសជាតិភូមា។»។

នាយកវិទ្យុបារាំង-ខ្មែរ ដែលល្បីខាងធ្វើបទវិភាគ និងធ្វើអត្ថាធិប្បាយ ពីភូមិសាស្ត្រនយោបាយពិភពលោករូបនេះ បានពន្យល់ពីផលប្រយោជន៍នយោបាយ សម្រាប់អ្នកស្រី អ៊ុងសាន ស៊ូជី ដូច្នេះថា៖

ក/ ប្រយោជន៍របស់អ្នកស្រី - បន្តធ្វើជាអ្នកដឹកនាំប្រទេស កំុប្រឆាំងនឹងក្រុមនាយទាហាន ដែលនៅតែមានអំណាចពេញក្នុងដៃ ក្នុងនាមជាអ្នកក្តាប់ក្រសួងធំៗ ពាក់ព័ន្ធនឹងសន្តិសុខព្រំដែន និងសន្តិសុខផ្ទៃក្នុង។
ខ/ ប្រយោជន៍របស់បក្ស - បន្តឈ្នះឆ្នោត ដូច្នេះត្រូវរេទៅរកអារម្មណ៍ របស់ប្រជាពលរដ្ឋដែលជាទូទៅ ស្អប់ខ្ពើមពួក Rohingyas ខ្លាំងណាស់។
គ/ ប្រយោជន៍របស់ប្រទេស - រក្សាឯកភាពជាតិ។ សេរីភាពបន្តិចបន្តួច បានមកពីលទ្ធិប្រជាធិបតេយ្យថ្មីថ្មោង និងមានតែសំបកក្រៅនៅភូមា កំពុងតែជំរុញឲ្យពួកជនជាតិភាគតិច (ជាង១០០សហគមន៍) ដែលតែងតែប្រឆាំង នឹងអំណាចកណ្តាលច្រើនទសវត្សរ៍កន្លងមក រើបម្រះខ្លួន និងទាមទារផ្តាច់ទឹកដី ជាថ្មីឡើងវិញ។

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានសរុបសេចក្ដីថា៖ «ជារួម Aung San Suu Kyi ជាអ្នកនយោបាយ កំុថាគាត់ល្អ កំុថាគាត់អាក្រក់។ នយោបាយមិនត្រឹម តែមិនមែនជាសីលធម៌ប៉ុណ្ណោះទេ តែវាផ្ទុយនឹងសីលធម៌ទៅទៀត។ ធ្វើនយោបាយតាមគន្លងសីលធម៌ ពិតជាល្អ តែត្រដរអីុចឹងមិនបានយូរទេ ដ្បិតនយោបាយជាការប្រជែងកម្លាំងគ្នា ជាទីលាននៃការប្រឈមមុខដាក់គ្នា រវាងប្រយោជន៍បុគ្គល ប្រយោជន៍បក្ស និងប្រយោជន៍ជាតិ។»៕

------------------------

សំនួរសួរឡើងថា តើប៉ុន្មានឃ្លាចុងក្រោយ របស់លោកនាយកវិទ្យុបារាំងអន្តរជាតិ អាចជាកញ្ចក់ឆ្លុះ ឬជាទិដ្ឋភាព សម្រាប់បញ្ហានយោបាយសព្វថ្ងៃ នៅកម្ពុជាឬទេ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...