បាញ់​ប្រហារ​នៅ ឡាស វេហ្គាស៖ ជីវិត​ចុង​ក្រោយ​នៃ​ស្ត្រី​ម្នាក់​ដែល កូឌី ទើប​នឹង​ស្គាល់

បុរស កូឌី រ៉ូប៊ីនសិន (Kody Robertson) ទើបនឹងស្គាល់កញ្ញា មីឆែល វូ (Michelle Vo) នៅពេលចាប់ផ្ដើម នៃការប្រគុំតន្ត្រីប៉ុណ្ណោះ ប៉ុន្តែហេតុការណ៍នៃការបាញ់ប្រហារ បានធ្វើឲ្យបុរស កូឌី ក្លាយជាមនុស្សតែម្នាក់គត់ ដែលបាននៅជិតកញ្ញា មីឆែល បន្ទាប់ពីនាងបានត្រូវគ្រាប់ រហូតដល់ដំណឹងចុងក្រោយ ដែលក្រុមគ្រូពេទ្យបានបញ្ជាក់ថា នាងបានលាចាកលោកទៅហើយ។
បាញ់​ប្រហារ​នៅ ឡាស វេហ្គាស៖ ជីវិត​ចុង​ក្រោយ​នៃ​ស្ត្រី​ម្នាក់​ដែល កូឌី ទើប​នឹង​ស្គាល់
ពីឆ្វេងទៅស្ដាំ៖ លោក កូឌី រ៉ូប៊ីនសិន និងកញ្ញា មីឆែល វូ។ (រូបថតលើហ្វេសប៊ុក)

ជាប្រវត្តិដ៏រំជួលចិត្ត បញ្ជាក់ពីភក្ដីភាព និងការយកអាសារគ្នា នៃបុរសស្ត្រីមួយគូ ដែលទើបនឹងស្គាល់គ្នាភ្លាមៗ នៅពេលដែលការប្រគុំតន្ត្រី បានចាប់ផ្ដើមនៅយប់ថ្ងៃទី២ ខែតុលានេះ ក្នុងក្រុង ឡាស វេហ្គាស (ភាគខាងលិចសហរដ្ឋអាមេរិក)។ បុរស កូឌី រ៉ូប៊ីនសិន (Kody Robertson) អាយុ៣២ឆ្នាំ បានស្គាល់កញ្ញា មីឆែល វូ (Michelle Vo) អាយុតំណាលគ្នា នៅក្នុងហាងទទួលទានភេសជ្ជៈមួយកន្លែង នៅក្បែរកន្លែងប្រគុំតន្ត្រី ហើយបានសម្រេចចិត្ត ចូលទៅទស្សនាការប្រគុំតន្ត្រីនោះ ដោយផ្ទាល់ទាំងអស់គ្នា។

ដោយសារលោក កូឌី មានជំនក់ចិត្តខាងតន្ត្រី «Country» ដ៏ខ្លាំងផងនោះ បុរសដែលជាអ្នកលក់រថយន្ដ នៅក្នុងក្រុង «Columbus» (រដ្ឋអូហៃយ៉ូ) រូបនេះ បាននាំកញ្ញា មីឆែល ដ៏ស្រស់ប្រិមប្រិយ ទៅឈរជាប់ផ្នែកខាងស្ដាំ នៃវេទិកាសំដែង។ ប៉ុន្តែព្រឹត្តិការណ៍ដ៏គួរឲ្យរីករាយ បានប្រែក្លាយទៅជារឿងរ៉ាវ ដ៏អាណោចអាធម បន្ទាប់ពីការបាញ់ប្រហារ បានផ្ទុះឡើង។

សារព័ត៌មាន «Washington Post» បានជួបជាមួយលោក កូឌី រ៉ូប៊ីនសិន ដោយផ្ទាល់ ហើយបានរាយការណ៍បន្ត ពីហេតុការណ៍នៅពេលនោះ ឲ្យដឹងថា ការផ្ទុះកាំភ្លើងមុនដំបូង គ្មាននរណាម្នាក់ចាប់អារម្មណ៍ថា ជាការបាញ់ប្រហារនោះទេ។ ទាំងកញ្ញា មីឆែល និងរូបលោក កូឌី ផ្ទាល់ បានគិតថាជាស្នូរបាញ់កាំជ្រួចជ្វាលា ដើម្បីអបអរការប្រគុំតន្ត្រី ឲ្យមានភាពកាន់តែអធិកអធមឡើង។ ប៉ុន្តែការផ្ទុះអាវុធ បានបន្ត... រំពេចនោះ កញ្ញា មីឆែល បានដួលចុះទៅលើដី។

លោក កូឌី បានដឹងភ្លាមថា នាងបានត្រូវគ្រាប់កាំភ្លើង នៅត្រង់ទ្រូង ហើយលោកបានព្យាយាម ក្រាបពីលើនាង ដើម្បីការពារនាង ពីគ្រាប់កាំភ្លើងផ្សេងទៀត ដែលនៅតែបន្តផ្ទុះ។ ជាមួយជំនួយរបស់មនុស្សម្នាក់ទៀត លោកបានជម្លៀសកញ្ញាដើមកំណើតអាស៊ីរូបនេះ យ៉ាងលំបាកលំបិន​ចេញពីទីនោះ និងបានប្រើសម្លេងខ្លាំងៗ របស់លោក ដើម្បីដាស់កញ្ញា មីឆែល កុំឲ្យអស់សង្ឃឹម «មីឆែល! ៗ! ដឹងខ្លួនឡើង! ៗ!» រហូតបានដាក់រូបនាង ទៅក្នុងរថយន្ដមួយ ដែលដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។

បុរសអាយុ៣០ឆ្នាំជាង បានវិលត្រឡប់ ទៅកាន់កន្លែងកើតហេតុវិញ ដើម្បីជួយជនរងគ្រោះផ្សេងទៀត ហើយនៅទីនោះ លោកបានរកឃើញកាបូបយួរដៃ របស់កញ្ញា មីឆែល ដែលបានជ្រុះនៅផ្ទាល់ដី បន្ទាប់ពីម្ចាស់របស់វា ត្រូវគ្រាប់កាំភ្លើងរួច។ នៅក្នុងកាបូប គ្មានទូរស័ព្ទដៃរបស់កញ្ញា មីឆែល ទេ។ លោក កូឌី គិតថា យុវតីទំនងជាដាក់ទូរស័ព្ទ នៅជាប់នឹងខ្លួន។ ដោយចង់ដឹង ពីដំណឹងរបស់នាង លោកបានទូរស័ព្ទ ទៅកាន់លេខទូរស័ព្ទរបស់នាង ដែលនាងទើបនឹងឲ្យលោក នៅពេលជួបនាងដំបូង។

តែអ្នកដែលកាន់ទូរស័ព្ទរបស់ មីឆែល ជាមនុស្សម្នាក់ផ្សេង ដែលបានរើសទូរស័ព្ទនោះបាន ហើយបានរត់គេចភ្លាមៗ ចេញពីកន្លែងកើតហេតុ។ លោក កូឌី បានសុំការណាត់ជួប ជាមួយមនុស្សម្នាក់នោះ ដើម្បីយកទូរស័ព្ទនោះមកវិញ ហើយបានដឹងថា ទូរស័ព្ទមានការហៅចូល និងទទួលបានសារជាអក្សរ (SMS) យ៉ាងច្រើនរាប់មិនអស់ ពីសំណាក់ក្រុមគ្រួសារ និងមិត្តភ័ក្ររបស់នាង។

នៅយប់ដដែល (ថ្ងៃទី២ ចូលថ្ងៃទី៣ ខែតុលា) វេលាម៉ោងជាង៣ទៀបភ្លឺ លោក កូឌី បានធ្វើដំណើរ ទៅដល់មន្ទីរពេទ្យ ដែលពេញប្រៀប ដោយជនរងគ្រោះ ប៉ុន្តែនៅទីនោះ ការទទួលបានដំណឹងភ្លាមៗ ទាក់ទងនជនរងគ្រោះ មានកម្រិតតិចតួច ជាទីបំផុត។ រំពេចនោះ ទូរស័ព្ទរបស់ មីឆែល បានរោទិ៍ឡើង៖ គឺលោក ជេរ៉េមី (Jeremiah) បងថ្លៃរបស់ មីឆែល ជាអ្នកហៅមក ដើម្បីចង់ដឹងដំណឹង របស់ប្អូនស្រីថ្លៃខ្លួន។

លោក ជេរ៉េមី ដែលកំពុងរស់នៅឯរដ្ឋវ៉ាស៊ីនតោន បានទទូចឡើងថា៖ «សូមមេត្តាប្រាប់ខ្ញុំមក ថា មីឆែល មិនមានរឿងអាក្រក់ អ្វីកើតឡើងឡើយ»។ នៅចំពោះការទទូចនេះ លោក កូឌី មិនអាចឆ្លើយអ្វីបានទេ តែលោកបានសន្យាថា នឹងតាមរកដំណឹង ពីកញ្ញា មីឆែល ហើយនឹងទូរស័ព្ទ ប្រាប់ពីដំណឹងនោះ ត្រឡប់ទៅវិញ។

 មន្ទីរពេទ្យ ដែលទទួលសង្គ្រោះជនរងគ្រោះ ពីហេតុការណ៍បាញ់ប្រហារ មិនមែនមានតែមួយទេ។ លោក កូឌី បានដើរស្វែងរកកញ្ញា មីឆែល នៅគ្រប់មន្ទីរពេទ្យដែលមិនខុសគ្នាប៉ុន្មាន ពីលោក ជេរ៉េមី ដែលព្យាយាមទូរស័ព្ទ ពីរដ្ឋវ៉ាស៊ីនតោន តាមរកប្អូនស្រីថ្លៃរបស់ខ្លួនដែរនោះ។ លោក ជេរ៉េមី បានថ្លែងប្រាប់សារព័ត៌មានដដែលថា៖ «ខ្ញុំបានទូរស័ព្ទ ទៅគ្រប់មន្ទីរពេទ្យ និងទៅកាន់ កូឌី។ រាល់ការហៅរបស់ខ្ញុំ គឺ កូឌី បានលើកទទួលនិយាយរហូត។ នៅពេលដែលយើងត្រូវការ សុំឲ្យគាត់ធ្វើអ្វីមួយ គាត់យកអាសារ ជួយធ្វើទាំងអស់។»។

រហូតមកដល់ម៉ោង ១១ ព្រឹកថ្ងៃទី៣ ខែតុលា ទើបលោក កូឌី ទទួលបានដំណឹង ពីកញ្ញា មីឆែល នៅក្នុងមន្ទីរពេទ្យមួយ ឈ្មោះ «Sunrise Hospital» ដែលស្ថិតនៅភាគខាងត្បូង នៃក្រុង ឡាស វេហ្គាស។ នៅទីនោះ គ្រូពេទ្យពីរនាក់ និងអ្នកជំនាញខាងចិត្តសាស្ត្រម្នាក់ បានទទួលលោក កូឌី នៅក្នុងបន្ទប់មួយ មុននឹងបន្លឺឃ្លាដ៏តក់ស្លុត ដូច្នេះថា៖ «មីឆែល មិនអាចទ្រាំទ្ររួច នឹងរបួសដ៏ធ្ងន់ធ្ងរ​របស់នាងបានទេ។ នាងបានលាចាកលោកទៅហើយ។»។ 

ទោះបីលោក ទើបនឹងបានស្គាល់ មីឆែល ក៏ដោយ តែដំណឹងនេះ បានបង្កភាពស្រយ៉ុតស្រយ៉ង់ខ្លាំងណាស់ សម្រាប់រូបលោក។ លោកបានពង្រឹងជំហរ ហើយបានលើកទូរស័ព្ទ ចុចហៅទៅលោក ជេរ៉េមី និងបើកសម្លេង «Speaker» របស់ទូរស័ព្ទ ដើម្បីឲ្យបងថ្លៃរបស់កញ្ញា មីឆែល រូបនេះ បានទទួលដំណឹងដោយផ្ទាល់ ពីក្រុមគ្រូពេទ្យ។

នៅក្នុងហេតុការណ៍ដ៏ក្ដុកក្ដួល អ្នកស្រី ឌីយ៉ាន វូ (Diane Vo - ភរិយាលោក ជេរ៉េមី) បងស្រីបង្កើតរបស់ មីឆែល បានសំដែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះលោក កូឌី ជាពិសេសចំពោះការតាំងចិត្ត ប្រកបដោយភក្ដីភាព និងវីរភាព របស់បុរសវ័យ៣២ឆ្នាំរូបនេះ។ អ្នកស្រីបានថ្លែងឲ្យដឹងថា៖ «កូឌី ជាអ្នកតាមថែរក្សាមួយរូប របស់ពួកយើង។ ទោះបី កូឌី ទើបនឹងស្គាល់ មីឆែល ក៏ដោយ តែគាត់មិនបានទុកឲ្យ មីឆែល នៅរងារតែម្នាក់ឯង សម្រាប់ជីវិតចុងក្រោយរបស់នាងទេ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់