«បិសាច​ផឹក​ឈាម»​៦នាក់ ត្រូវ​មហាជន​សម្លាប់​នៅ ម៉ាឡាវី

ចាប់ពីខែមុន មកទល់នឹងថ្ងៃនេះ ក្រុមសេនាជន ការពារតំបន់ជាច្រើន នៅក្នុងប្រទេសម៉ាឡាវី (ទ្វីបអាហ្វ្រិកប៉ែកអាគ្នេយ៍) បានសម្លាប់មនុស្ស៦នាក់ ក្រោមការចោទប្រកាន់ថា មនុស្សទាំងនោះ បានផឹក ឬព្យាយាមផឹកឈាមមនុស្ស នៅក្នុងពិធីអូមអាម។ នេះ បើតាមនគរបាលរបស់ប្រទេសនេះ ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។  
«បិសាច​ផឹក​ឈាម»​៦នាក់ ត្រូវ​មហាជន​សម្លាប់​នៅ ម៉ាឡាវី
រូបភាពជំនួស៖ តួអង្គសំដែងមួយ នៅក្នុងភាពយន្ដបិសាចជញ្ជក់ឈាម «Blacula»។ (រូបថតផ្តិតពីវីដេអូ)

មនុស្សដែលរងការចោទ ថាជា«បិសាចផឹកឈាម» ចំនួន៦នាក់ ត្រូវបានវាយសម្លាប់ ដោយហ្វូងមហាជន ដែលប្រកាសខ្លួនថា ជាក្រុមសេនាជនការពារតំបន់ «Mulanje» ស្ថិតនៅភាគខាងត្បូង នៃប្រទេសម៉ាឡាវី (ទ្វីបអាហ្វ្រិកប៉ែកអាគ្នេយ៍)។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យនគរបាលម៉ាឡាវី ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។

អ្នកនាំពាក្យបានបញ្ជាក់ថា ហេតុការណ៍ចុងក្រោយបំផុត នៅក្នុងសំនុំរឿងនេះ កើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេលនោះ មនុស្សពីរនាក់ ត្រូវបានហ្វូងសេនាជនទាំងនោះ វាយធ្វើបាបរហូតស្លាប់ ដោយគ្មានការស៊ើបអង្កេតអ្វីទាំងអស់ បន្ទាប់ពីពួកគេបានសង្ស័យមនុស្សទាំងពីរនាក់ ថាជា«បិសាចផឹកឈាមមនុស្ស»។

ខណៈហេតុការណ៍មុនៗ ដែលបានផ្ទុះអំពើហិង្សាស្រដៀងគ្នានេះ នាយនគរបាលតំបន់មួយរូប ក៏ត្រូវបានសម្លាប់ដែរ ក្រោមការចោទប្រកាន់​ថាបាន«ឃុបឃិត» ជាមួយ «បិសាចផឹកឈាមមនុស្ស»។

» ប្រទេសម៉ាឡាវី ក្នុងផែនទីពិភពលោក៖

នគរបាលម៉ាឡាវី បានឲ្យដឹងទៀតថា គ្មានភស្ដុតាងណាមួយ បញ្ជាក់ពីវត្តមាន នៃ«បិសាចផឹកឈាម»ទាំងនោះ ហើយក៏គ្មាននរណាម្នាក់ បានធ្វើការប្ដឹងផ្ដល់ ទៅកាន់អាជ្ញាធរពីករណីនេះដែរ។ អ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ «យើងចាត់ទុកហ្វូងមនុស្ស ក្នុងតំបន់ទាំងនោះ ថាមានបំណងចង់"ជម្រះបញ្ជី" ដោយពួកគេផ្ទាល់»។

អាជ្ញាធរបានបញ្ជូនកម្លាំងនគរបាល ជាច្រើនរយនាក់ ទៅកាន់តំបន់នោះ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងធ្វើឲ្យរឿងរ៉ាវនេះ ត្រឡប់មករកភាពស្ងប់ស្ងៀមវិញ។

ពាក្យចចាមអារាមជាច្រើន បានលើកឡើង ពីវត្តមាន«បិសាចផឹកឈាម» បង្កឲ្យផ្ទុះជាអំពើហិង្សា សឹងជាប់ជាប្រចាំ នៅក្នុងប្រទេសម៉ាឡាវី ដែលមានប្រជាជន ដិតដាមដោយជំនឿប្រពៃណី ដ៏ចាស់បូរាណ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៧០ រដ្ឋាភិបាលរបស់អតីតប្រធានាធិបតីផ្ដាច់ការ «Kamuzu Banda» បានរងការចោទប្រកាន់ថា បានសម្លាប់ប្រជាជន នៃសង្កាត់មួយ ក្នុងក្រុង «Blantyre» ដើម្បីយកឈាមរបស់ជនរងគ្រោះ ទៅលក់ឲ្យប្រទេសអាហ្វ្រិកខាងត្បូង។ នៅពេលនោះ ប្រទេសអាំហ្វ្រិកខាងត្បូង ស្ថិតក្រោមរបបដឹកនាំ ដែលប្រកាន់ពូជសាសន៍ ពណ៌សម្បុរដ៏ខ្លាំងជាងគេ និងចុងក្រោយគេបំផុត នៅលើពិភពលោក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់