ក្រុង​ព្យុងយ៉ាង​ហៅ ដូណាល់ ត្រាំ ថា​ជា​«កញ្ចាស់​ឆ្កួត»

របបដឹកនាំកូរ៉េខាងជើង បានចោទប្រធានាធិបតីអាមេរិក ថាបានធ្វើអាជីវកម្ម ទៅលើមរណភាព របស់និស្សិតអាមេរិកាំងម្នាក់ ឈ្មោះ «Otto Warmbier» ដែលបានស្លាប់ កាលពីខែមិថុនាកន្លងមក បន្ទាប់ពីនិស្សិតរូបនេះ ត្រូវបានបញ្ជូនឲ្យវិលត្រឡប់ មកសហរដ្ឋអាមេរិកវិញ។ សេតវិមានបានអះអាង នៅមុននេះថា និស្សិតរូបនេះ បានស្លាប់បណ្ដាលមកពីការធ្វើទារុណកម្ម នៅពេលរូបគេជាប់ឃុំ នៅក្នុងប្រទេសកូរ៉េខាងជើង។ 
ក្រុង​ព្យុងយ៉ាង​ហៅ ដូណាល់ ត្រាំ ថា​ជា​«កញ្ចាស់​ឆ្កួត»
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ (រូបថត Reuters)

ប្រទេសកូរ៉េខាងជើង បានហៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថាជា«កញ្ចាស់ឆ្កួត» ព្រោះបានចោទក្រុងព្យុងយ៉ាង ថាបានធ្វើទារុណកម្ម ទៅលើនិស្សិតអាមេរិកាំង ឈ្មោះ «Otto Warmbier» ដែលត្រូវបានបញ្ជូនត្រឡប់មកសហរដ្ឋអាមេរិកវិញ ទាំងមិនដឹងខ្លួនស្ដូកស្ដឹង។ និស្សិតរូបនោះ បានស្លាប់ កាលពីអំឡុងខែមិថុនាកន្លងមក ដែលបើតាមសេតវិមាន ជាមរណភាពបណ្ដាល ពីទារុណកម្មធ្ងន់ធ្ងរ នៅពេលដែលនិស្សិត ស្ថិតក្នុងការឃុំខ្លួន ក្នុងប្រទេសកូរ៉េខាងជើង។

ប្រភពពី​ក្រសួងការបរទេស នៃប្រទេសកូរ៉េកុម្មុយនីស្ដ ត្រូវបានទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​ «KCNA» របស់ប្រទេសនេះ ស្រង់សំដីមកចុះផ្សាយថា៖ «ត្រាំ និងបរិវារ រួមជាមួយ នឹងការឃោសនាដ៏អកុសល ប្រឆាំងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ឈ្មោះផ្លូវការរបស់ប្រទេសកូរ៉េខាងជើង) បានធ្វើអាជីវកម្មជាថ្មីទៀត ទៅលើមរណភាពរបស់ "Otto Warmbier"»។

និស្សិតអាមេរិកាំងរូបនេះ ត្រូវបានរបបកុម្មុយនីស្ដ៍ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ ជាមួយនឹងការបង្ខំ ឲ្យធ្វើការជាទម្ងន់ ពីបទបានលួច បដាឃោសនាមួយសន្លឹក នៅអំឡុងពេលនិស្សិត ធ្វើដំណើរទេសចរណ៍ នៅក្នុងប្រទេសកូរ៉េខាងជើង។

ប្រភពផ្លូវការ​ពីក្រសួងនោះ បានបន្តថា៖ «សហរដ្ឋអាមេរិក ហ៊ានដល់ថ្នាក់ ទៅប្រើប្រាស់មនុស្សស្លាប់ម្នាក់ ដើម្បីធ្វើយុទ្ធនាការឃុបឃិតគ្នាមួយ ក្នុងបំណងបន្ថែមការគាបសង្កត់ ពីសំណាក់សហគមន៍អន្តរជាតិ មកលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ»។

លោក ដូណាល់ ត្រាំ បានសរសេរចោទ ក្រុងព្យុងយ៉ាង នៅលើទំព័រទ្វីសធើររបស់លោក កាលពីថ្ងៃអង្គារនេះ ថាបានធ្វើទារុណកម្ម «ដ៏ហួសនិស្ស័យ» ទៅលើនិស្សិតអាយុ២២ឆ្នាំ នៅពេលយុវជនរូបនោះ ជាប់ឃុំ។ ការលើកឡើងរបស់លោក ត្រាំ បានធ្វើឡើងក្រោយកិច្ចសម្ភាសមួយ ដែលឪពុកម្ដាយនិស្សិត បានផ្ដល់ទៅបណ្ដាញទូរទស្សន៍ «Fox News» ដែលបានអះអាង ចោទរបបកុម្មុយនីស្ដ ថាបានធ្វើទារុណកម្ម និងមានចេតនាធ្វើឲ្យរបួស កូនប្រុសរបស់ពួកគេ។

យុវជន «Otto Warmbier» បានស្លាប់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅប៉ុន្មានថ្ងៃក្រោយការធ្វើមាតុភូមិនិវត្តន៍ នៃរូបរាងកាយសន្លប់ ដេកស្ដូកស្ដឹង របស់យុវជន បន្ទាប់ពីរូបគេបានជាប់ពន្ធនាគារ ក្នុងប្រទេសកូរ៉េខាងជើង អស់រយៈពេល១៨ខែ។

យ៉ាងណាក៏ដោយ ក៏មូលហេតុនៃការសន្លប់ មិនដឹងខ្លួន រហូតដល់ថ្ងៃមរណភាព របស់យុវជន នៅតែស្ថិតជាអាថ៌កំបាំង រហូតមកដល់ថ្ងៃនេះ។ ការធ្វើកោសល្យពិច័យ ទៅលើសាកសពនិស្សិត មិនបានបង្ហាញឲ្យឃើញ ពីទារុណកម្មថ្មីៗ ទៅលើរូបរាងកាយខាងក្រៅ ទៅលើឆ្អឹង ឬធ្មេញរបស់យុ​វជននោះទេ។ បើតាមក្រុមគ្រូពេទ្យអាមេរិក បានពន្យល់ថា យុវជន «Otto Warmbier» បានរងអាការៈរោគធ្ងន់ធ្ងរ ទាក់ទងនឹងប្រព័ន្ធប្រសាទ ដែលបណ្ដាលជាធម្មតា មកពីការគាំងបេះដូង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់