បាយ៉ឺន បណ្ដេញ​គ្រូ​បង្វឹក​ចោល បន្ទាប់​ពី​ប្រកួត​ចាញ់ ប៉ារីស

លោក កាឡូ អង់សេឡូទី (Carlo Ancelotti) គ្រូបង្វឹកជាតិអ៊ីតាលី លែងជាគ្រូបង្វឹក របស់ក្រុមបាយ៉ឺន មូនិឆ (Bayern Munich) ទៀតហើយ។ លោកត្រូវបានក្រុមជើងឯក អាល្លឺម៉ង់ មួយនេះ បណ្ដេញចេញពីតំណែង កាលពីល្ងាចថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ មួយថ្ងៃក្រោយ ការបរាជ័យយ៉ាងជូរចត់ ក្នុងជំនួបជាមួយក្រុម ប៉ារីស ហ្សាំងហ្សែរម៉ាំង (Paris Saint-Germain) ដែលជាការប្រកួតជុំក្នុងពូល នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League»។
បាយ៉ឺន បណ្ដេញ​គ្រូ​បង្វឹក​ចោល បន្ទាប់​ពី​ប្រកួត​ចាញ់ ប៉ារីស
លោក កាឡូ អង់សេឡូទី (Carlo Ancelotti) គ្រូបង្វឹកជាតិអ៊ីតាលី។ (រូបថតឯកសារ)

«ការចេញប្រកួត របស់ក្រុមរបស់យើង រាប់តាំងពីចាប់ផ្ដើមរដូវកាលថ្មី មិនបានឆ្លើយតប នឹងការទន្ទឹងរង់ចាំរបស់យើង។ ហើយការប្រកួតទល់នឹងក្រុមប៉ារីស (Paris Saint-Germain) បានបង្ហាញកាន់តែច្បាស់ទៀត ថាយើងចាំបាច់ ត្រូវធ្វើការសម្រេេចចិត្ត។» នេះ ជាការប្រកាសរបស់លោក «Karl-Heinz Rummenigge» នាយកក្រុមបាល់ទាត់ បាយ៉ឺន មូនិឆ (Bayern Munich) នៃទីក្រុងមូនិឆ ប្រទេស​អាល្លឺម៉ង់ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមបាល់ទាត់ ដែលចេញផ្សាយ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។ 

លោក កាឡូ អង់សេឡូទី (Carlo Ancelotti) គ្រូបង្វឹកជាតិអ៊ីតាលី អាយុ៥៨ឆ្នាំ បានឡើងធ្វើជាគ្រូបង្វឹកក្រុម បាយ៉ឺន ជំនួសលោក ប៉េប ហ្គ័រឌីយ៉ូឡា (Pep Guardiola) កាលពីដើមរដូវកាលកន្លងទៅ។ ក្នុងរយៈពេល មួយឆ្នាំជាងមកនេះ លោកបានធ្វើឲ្យក្រុម បាយ៉ឺន ទទួលបានជាជើងឯក នៅក្នុងការប្រកួតអាជីព (ដោយបូកពិន្ទុ) របស់ប្រទេសអាល្លឺម៉ង់ តែក្រុមបាយ៉ឺន បានដួលបះជើងនៅត្រឹមវគ្គ ១ភាគ៤​ផ្ដាច់ព្រ័ត្រ នៃការប្រកួត «Champions League» សម្រាប់ឆ្នាំកន្លងទៅ ទល់នឹងក្រុម រៀលម៉ាឌ្រីត (Real Madrid) ដឹកនាំដោយគ្រូបង្វឹក ហ្សីណាឌីន ហ្សីដាន់ (Zinédine Zidane)។

នៅពេលចាប់ផ្ដើមរដូវកាលថ្មីនេះ ក្រុមបាយ៉ឺន ក្រោមការដឹកនាំរបស់លោក រកពិន្ទុបានត្រឹមតែ១៣ពិន្ទុ ក្នុងការប្រកួត៦លើក និងស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ សម្រាប់ការប្រកួតអាជីព (បូកពិន្ទុ) របស់អាល្លឺម៉ង់។ រីឯការប្រកួតនៅក្នុងក្របខណ្ឌ «Champions League» វិញ ក្រុមបាយ៉ឺន បានប្រកួតឈ្នះ​ក្រុម «Anderlecht» នៃប្រទេសប៊ែលហ្សិក ដោយពិន្ទុ៣-០ ខណៈក្រុម «Anderlecht» ត្រូវបានបន្ថយចំនួនកីឡាករ មកត្រឹមតែ១០នាក់ (កីឡាករម្នាក់ ត្រូវអាជ្ញាកណ្ដាលដកកាតក្រហម បណ្ដេញចេញ)។

ហេតុការណ៍ ដែលធ្វើឲ្យក្រុមបាយ៉ឺន ញញឹមកាន់តែមិនសូវសម គឺបរាជ័យក្នុងការប្រកួត ទល់នឹងក្រុមប៉ារីស កាលពីយប់ថ្ងៃទី២៧ ខែកញ្ញាម្សិលម៉ិញ ដោយពិន្ទុ ៣-០ ដែលជាការប្រកួតជុំទី២ នៅក្នុងក្របខណ្ឌ «Champions League» តែមួយ។ ជាការបរាជ័យ ដែលក្រុមបាយ៉ឺនខ្លួនឯងមានខ្លួន ព្រោះនៅមុនការប្រកួត មេដឹកនាំក្រុម បាយ៉ឺន ចេះតែតាំងខ្លួនឯង ថាជាក្រុម«ខ្លាចាស់» ហើយងាកមករិះគន់ក្រុមប៉ារីស ដែលជាក្រុម«អ្នកមានថ្មី» មិនឈប់មិនឈរ និងយ៉ាងចាស់ដៃ។

សម្រាប់ប្រវត្តិរបស់លោក កាឡូ អង់សេឡូទី វិញ លោកធ្លាប់ឈ្នះពាន «Champions League» ពីរដង កាលពីលោកនៅជាកីឡាករ។ បន្ទាប់ពីលោកបានក្លាយជាគ្រូបង្វឹក លោកធ្លាប់នាំក្រុមបាល់ទាត់ ដែលលោកដឹកនាំ ទទួលបានពាន «Champions League» ចំនួន៣ដង៖ ក្រុមបាល់ទាត់ មីឡង់ (AC Milan) ក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៧ - ក្រុមបាល់ទាត់ រៀលម៉ាឌ្រីត ក្នុងឆ្នាំ២០១៤។

ប៉ុន្តែលទ្ធផលដែលក្រុម បាយ៉ឺនមូនិឆ ទទួលបាននៅក្នុងដើមរដូវកាល ឆ្នាំ២០១៧ - ២០១៨នេះ មិនអាចជាកំហុស របស់លោកទាំងស្រុងនោះទេ។ នេះ បើគេត្រឡប់ទៅមើល ការចាកចេញដើម្បី​ចូលនិវត្តន៍ របស់កីឡាករប្រធានក្រុម  ហ្វីលីព ឡាម (Philipp Lahm) និងកីឡាករ ហ្សាវី អាឡុងសូ (Xabi Alonso) ដែលសុទ្ធសឹងជាកីឡាករជន្ទល់ នៅក្នុងក្រុម តាំងពីច្រើនឆ្នាំមកហើយ។ កីឡាករចាំទីដ៏ល្បី ម៉ានុយអែល ណឺយើ (Manuel Neuer) ទៀតសោធ ក៏បានរងរបួស ចូលប្រកួតមិនបាន​ថែមទៀត។

កាឡូ ឆ្លើយតបវិញ...

លោក «Karl-Heinz Rummenigge» នាយកក្រុមបាល់ទាត់ បាយ៉ឺន បានបន្តទៀតថា៖ «កាឡូ ជាមិត្តរបស់ខ្ញុំ ហើយនឹងនៅតែជាមិត្តដដែល ប៉ុន្តែយើងចាំបាច់ ត្រូវធ្វើការសម្រេចចិត្ត តាមវិជ្ជាេជីវៈ ដើម្បីភាពរុងរឿងរបស់ក្រុម បាយ៉ឺន»។

ចំពោះលោក កាឡូ វិញ ក៏បានឆ្លើយតប នៅលើបណ្ដាញសង្គមដែរ ពីករណីនេះ ប៉ុន្តែជាការឆ្លើយតបមួយ ប្រកបដោយកិត្តិយស។ លោកបានសរសេរថា៖ «ជាកិត្តិយសធំធេងណាស់ ដែលខ្ញុំបានរួមចំណែក នៅក្នុងប្រវត្តិរបស់ក្រុម បាយ៉ឺន។ ខ្ញុំសូមថ្លែងអំណរគុណក្រុមបាល់ទាត់ កីឡាករទាំងអស់ និងអ្នកគាំទ្រដ៏អស្ចារ្យទាំងឡាយ។»

បន្ទាប់ពីបណ្ដេញលោក កាឡូ អង់សេឡូទី ចេញ ក្រុមបាយ៉ឺន បានជ្រើសតាំងលោក វីល្លី សាញ៉ុល (Willy Sagnol) ជាតិបារាំង អាយុ៤០ឆ្នាំ ដែលជាគ្រូបង្វឹករង ឲ្យឡើងធ្វើគ្រូបង្វឹកជាបណ្ដោះអាសន្ន។ លោក សាញ៉ុល ធ្លាប់ជាកីឡាករទាត់ឲ្យក្រុមនេះ ក្នុងរយៈពេល៨រដូវកាល (ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨) មុននឹងលោកបានក្លាយខ្លួន ជាគ្រូបង្វឹកឲ្យក្រុមប័រដូ (Girondins de Bordeaux - ក្នុងប្រទេសបារាំង) រវាងពីខែឧសភា ឆ្នាំ២០១៤ មកទល់នឹងខែមីនា ឆ្នាំ២០១៦ ដោយមិនទទួលបាន លទ្ធផលអ្វីធំដុំទេ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់