គណបក្ស អង់ជឺឡា មែរគែល ឈ្នះ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រជា​ថ្មី

គណបក្សអភិរក្សនិយម របស់អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) បានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងថ្ងៃអាទិត្យទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយទទួលបានសម្លេងគាំទ្រ ចំនួន ៣២,៥%។ លទ្ធផលជាបណ្ដោះអាសន្ន ដែលអះអាងដោយវិទ្យាស្ថានស្ទង់មតិជាច្រើននោះ បានបង្ហាញទៀត ថាគណបក្សស្ដាំនិយមជ្រុល ក៏ទទួលបានអសនៈមួយចំនួន នៅក្នុងរដ្ឋសភាអាល្លឺម៉ង់ដែរ។
គណបក្ស អង់ជឺឡា មែរគែល ឈ្នះ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រជា​ថ្មី
អ្នកស្រី អង់ជឺឡា មែរគែល សំដែងក្ដីអំណរនៅចំពោះជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃអាទិត្យទី២៤ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតគណបក្ស)

អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) នឹងក្លាយជាអធិកាបតី នៃប្រទេសអាល្លឺម៉ង់ សម្រាប់អាណត្តិទី៤នេះ ជាបន្តទៀត បន្ទាប់ពីក្រុមអភិរក្សនិយមអាល្លឺម៉ង់ (និយមស្ដាំ) របស់អ្នកស្រី បានឈ្នះក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃអាទិត្យទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយនឹងសម្លេងឆ្នោត ប្រមាណជា៣២,៥ ទៅ៣៣,៥ភាគរយ។

សម្លេងឆ្នោតដែលទទួលបាននេះ ជាតួលេខដ៏អាក្រក់បំផុត សម្រាប់ក្រុមអភិរក្សនិយម បើគេត្រឡប់ងាកមើល​ការបោះឆ្នោតជាតិ ក្នុងអាណត្តិកន្លងមក។  ជ័យជំនះរបស់អ្នកស្រី មែរគែល កាន់តែអាប់រស្មីថែមទៀត ដោយសារតែក្នុងការបោះ​ឆ្នោត​អាណត្តិនេះ ក្រុមជាតិនិយម និងក្រុមប្រជានិយម (មាននិន្នាការ ស្ដាំនិយមជ្រុល) ក៏ទទួលបានអសនៈ នៅក្នុងរដ្ឋសភាអាល្លឺម៉ង់ដែរ ដែលក្នុងពេលកន្លងមក ក្រុមទាំងនេះ មិនមានការគាំទ្រ ពីពលរដ្ឋអាល្លឺម៉ង់នោះទេ។

គណបក្សដែលទទួលបានលេខរៀងទីពីរ គឺគណបក្សអ្នកសង្គមប្រជាធិបតេយ្យ (មាននិន្នាការឆ្វេងនិយម) របស់លោក ម៉ារតាំង ឆ្សុល (Martin Schulz) ដែលទទួលបានសម្លេងឆ្នោត ប្រមាណជា ២០ ទៅ ២១ភាគរយ។ សម្លេងឆ្នោត ដែលគណបក្សឆ្វេងនិយមមួយនេះទទួលបាន ក៏មានសភាពអាក្រក់បំផុតដែរ រាប់ចាប់តាំងពីឆ្នាំ១៩៤៥នោះមក។

យ៉ាងណា លទ្ធផលឆ្នោតនេះ​មិនអាចឲ្យអ្នកស្រី អង់ជឺឡា មែរគែល រៀបចំរដ្ឋាភិបាលតែម្នាក់ឯងបានឡើយ និងចាំបាច់ត្រូវបើកទ្វា ដើម្បីទទួលដៃគូនយោបាយផ្សេងទៀត ជាពិសេសគណបក្សអ្នកសង្គមប្រជាធិបតេយ្យ ដែលជាដៃគូ ក្នុងរដ្ឋាភិបាលអ្នកស្រីសព្វថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលអាណត្តិថ្មី ក្នុងពេលខាងមុខ។

ប៉ុន្តែនៅចំពោះសំណើរខាងលើ គណបក្សរបស់លោក ម៉ារតាំង ឆ្សុល បានប្រកាសបដិសេធភ្លាម ថាខ្លួននឹង​មិនចូលរួម បង្កើតរដ្ឋាភិបាល ជាមួយអ្នកស្រី អង់ជឺឡា មែរគែល ទៀតទេ។ លោក ម៉ារតាំង ឆ្សុល បានប្រកាសនៅចំពោះក្រុមអ្នកគាំទ្រ ក្នុងយប់ថ្ងៃអាទិត្យ (បន្ទាប់ពីលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត) ថាគណបក្សអ្នកសង្គមប្រជាធិបតេយ្យ ចាំបាច់ត្រូវនៅជាគណបក្សប្រឆាំង ដ៏ខ្លាំងមួយ បន្ទាប់ពីបានចូលរួម ក្នុងរដ្ឋាភិបាល និងបានរស់នៅ ក្រោម«ស្រមោល» របស់អ្នកស្រី មែរគែល អស់រយៈពេល៤ឆ្នាំ​រួចមក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់