រដ្ឋាភិបាល​ដឹង​ពី​ការ​ដូរ​ឈ្មោះពី ឋានសួគ៌​បូកគោ ទៅ​ជា សុខា​ឋាន​សួគ៌

ផ្ទុយពីការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាលោក និងរដ្ឋាភិបាលរបស់លោក មិនបានដឹងអ្វីសោះនោះ ឯកសារមួយច្បាប់ ដែលមានទម្រង់ដូចជាការទទួលចុះបញ្ជី នូវការប្ដូរនាមករណ៍ នៃសាខាក្រុមហ៊ុនសុខា របស់លោក សុខ គង់ ចេញដោយក្រសួងពាណិជ្ជកម្ម ត្រូវបានទម្លាយ ផ្សាយចេញជាសាធារណៈ ក្នុងល្ងាចថ្ងៃសៅរ៍នេះ។ ឯកសារនោះ បានចម្លងបញ្ជូន ទៅឲ្យក្រសួងពាក់ព័ន្ធជាច្រើន ដែលសុទ្ធសឹងជាសេនាធិការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន រួមទាំងសាលាខេត្តកំពត និងមន្ទីរពាក់ព័ន្ធថ្នាក់ខេត្តនោះផង។
រដ្ឋាភិបាល​ដឹង​ពី​ការ​ដូរ​ឈ្មោះពី ឋានសួគ៌​បូកគោ ទៅ​ជា សុខា​ឋាន​សួគ៌
វត្តសំពៅ៥ នៅលើកំពូលភ្នំបូកគោ។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 24, 2017
  • ប្រធានបទ: ទេសចរណ៍
  • អាន និងបញ្ចេញយោបល់

ឯកសារដែលមានទម្រង់ ជាការទទួលចុះបញ្ជី នូវការប្ដូរ«នាមករណ៍» នៃសាខាក្រុមហ៊ុន សុខា ពីឈ្មោះ «ឋានសួគ៌បូកគោ» មកជា «សុខាឋានសួគ៌» ត្រូវបានលោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃមួយរូប ទម្លាយជាសាធារណៈ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីល្ងាចថ្ងៃសៅរ៍នេះ។ គេឃើញ នៅលើឯកសារនោះ ដែលចុះហត្ថលេខា នៅថ្ងៃទី១ ខែកញ្ញា ដោយលោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានសរសេរទទួលចុះបញ្ជី ការប្ដូរនាមករណ៍នេះ តាមសំណើររបស់ក្រុមហ៊ុន សុខា អូតែល ដែលមានលោក សុខ គង់ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។

ប៉ុន្តែឯកសារដដែល ក៏បានសរសេរព្រមានទុកជាមុនដែរ ថាការចុះបញ្ជី នឹងមិនទទួលខុសត្រូវចំពោះមុខច្បាប់ ជំនួសក្រុមហ៊ុនទេ ប្រសិនជាមានការតវ៉ាណាមួយ ទាក់ទងនឹងការផ្លាស់ប្ដូរនេះ។ លោក ផែង វណ្ណៈ បានសរសេរអមនឹងឯកសារថា៖ «ក្រសួងអោយដូរនាមករណ៍របស់សាខាក្រុមហ៊ុន​ មិនមែនអោយដូរ​ [ឈ្មោះ]​រមណីយដ្ឋាន​​ប្រវត្តិសាស្ត្រ​ភ្នំ​បូកគោ​ទេ»។

បញ្ហាដែលសំខាន់ នៅត្រង់ថា ក្រៅពីក្រសួងពាណិជ្ជកម្មខ្លួនឯង ឯកសារនេះត្រូវបានចម្លងជូន ទៅក្រសួងមន្ទីរជាច្រើន រួមទាំងសាលាខេត្តកំពត ដែលសុទ្ធសឹងជាសេនាធិការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ ការចុះបញ្ជី និងការចម្លងជូននេះ ហាក់ដូចជាផ្ទុយ​ពីការអះអាង របស់បុរសខ្លាំងកម្ពុជា ដែលបានលើកឡើង កាលពីព្រឹកម្សិលម៉ិញ ថា«រដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនបានដឹង និងមិនបានអនុញ្ញាត» ឲ្យមានការប្ដូរឈ្មោះដូច្នេះទេ។

លោក ហ៊ុន សែន ដែលមានតំណែង ជាប្រធានគណបក្សប្រជាជនកម្ពុជា (កំពុងកាន់អំណាច) នោះផង បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា៖ «សូមអរគុណ បងប្អូនជនរួមជាតិ ដែលបានឲ្យខ្ញុំដឹង ពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោ ទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនបានដឹង និងមិនបានអនុញ្ញាត»។

លោកនាយករដ្ឋមន្ត្រី បានសរសេរបន្តថា៖ «ខ្ញុំបានបញ្ជារឲ្យអភិបាលខេត្តកំពត ទៅដកហូតចេញ នូវផ្លាកសញ្ញាអត់ច្បាប់ចេញ អោយបានមុនម៉ោង ១១ ថ្ងៃនេះ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧)»។

រឿងរ៉ាវបានផ្ទុះឡើង បន្ទាប់ពីពលរដ្ឋជាច្រើននាក់ បានទៅកំសាន្ដនៅក្នុងរមណីដ្ឋាន នៅកំពូលភ្នំបូកគោមួយនេះ ហើយបានសំដែងក្ដីចម្ងល់របស់ពួកគេ ជុំវិញការសរសេរឈ្មោះថ្មី «សុខាឋានសួគ៌» ដែលបាត់ពាក្យ«បូកគោ» នៅលើក្លោងទ្វាចូលរមណីដ្ឋាន។ ចម្ងល់របស់ពលរដ្ឋ ក៏បានបង្កជាប្រតិកម្មខ្លាំងក្លាឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រហូតលុះត្រាលោក ហ៊ុន សែន ចេញបញ្ជាឲ្យដកឈ្មោះនោះចេញ ជាស្ថាពរ កាលពីព្រឹកថ្ងៃសៅរ៍ដដែល៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់