«ត្រាំ ជា​ស្ដេច​បោក​ប្រាស់» សម្រាប់​ក្រុង​ព្យុងយ៉ាង

នៅចំពោះអង្គមហាសន្និបាត អង្គការសហប្រជាជាតិ ប្រទេសកូរ៉េខាងជើង តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានធ្វើប្រតិកម្មខ្លាំងៗ ទៅនឹងការគម្រាម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលធ្វើឡើងនៅក្នុងអង្គសន្និបាតដូចគ្នា កាលពីដើមសប្ដាហ៍កន្លងមកនេះ។
«ត្រាំ ជា​ស្ដេច​បោក​ប្រាស់» សម្រាប់​ក្រុង​ព្យុងយ៉ាង
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ (រូបថតឯកសារ)

ប្រមុខការទូតកូរ៉េខាងជើង លោក រី យ៉ុង-ហូ (Ri Yong Ho) បានបរិហារខ្លាំងៗ នៅក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិ ទៅនឹងការគម្រាមកាលពីដើមសប្ដាហ៍មុន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយហៅមេដឹកនាំ របស់កំពូលប្រទេសមហាអំណាចរូបនេះ ថាជា«មនុស្សដ៏រំខាន» «ជនល្មោភអំណាច» និងជា«ស្ដេចបោកប្រាស់»។

ក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ លោករដ្ឋមន្ត្រី រី យ៉ុង-ហូ បានបន្តហៅប្រធានាធិបតីអាមេរិក ថាជា«អ្នកលេង» ដែលបាន«ធ្វើឲ្យអាប់ឱនមហាសន្និបាត ជាមួយពាក្យពេជន៍ ដ៏ហិង្សា និងដ៏ខ្ជីខ្ជា» និងដែលតំណាងនាពេលនេះ ឲ្យ«ការគម្រាមកំហែងមួយ ក្នុងចំណោមការគម្រាមកំហែង ដ៏ធំផ្សេងទៀត សម្រាប់សន្តិភាព»។ លោក រី ក៏បានលើកឡើង មកអះអាងដែរ ពីការវាយតម្លៃ​ប្រកប​ដោយ​ភាព​អវិជ្ជមានជាច្រើន ពីសំណាក់ពលរដ្ឋ​អាមេរិក ប្រឆាំងនឹងប្រធានាធិបតីអាមេរិកខ្លួនឯង។

«មនុស្សឆ្កួត»

កាលពីថ្ងៃអង្គារសប្ដាហ៍មុន និងជាការថ្លែងលើកទីមួយ នៅក្នុងកិច្ចប្រជុំដ៏ធំនេះ លោក ដូណាល់ ត្រាំ បានថ្លែងគម្រាម «កំទេចប្រទេសកូរ៉េខាងជើង ឲ្យក្លាយជាផេះ» ប្រសិនជាប្រទេសកុម្មុយនីស្ដមួយនេះ បើកការវាយប្រហារលើសហរដ្ឋអាមេរិក ឬប្រទេសសម្ព័ន្ធមិត្តអាមេរិក។ បន្តមកដល់ថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក បានបន្តសង្គ្រាមសំដីរបស់លោកទៀត ដោយបានហៅលោក គីម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំកូរ៉េខាងជើង ថាជា«មនុស្សឆ្កួត» និងបានអះអាងថា មេដឹកនាំកុម្មុយនីស្ដរូបនេះ នឹងទទួលបានលទ្ធផលដ៏អាណោចអាធម ដែលមិនធ្លាប់មាន ពីមុនមក។

ក្រៅពីប្រតិកម្មតបនឹងប្រធានាធិបតីអាមេរិក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ក៏បានថ្លែងបរិហារដូចគ្នា នូវសេចក្ដីសម្រេចជាច្រើន ដែលអនុម័ត្រឡើង ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសរបស់លោក ក្នុងនោះមានការសម្រេច ហាមឃាត់កូរ៉េខាងជើង មិនឲ្យអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងសព្វាវុធ ព្រមទាំងទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលមានសភាព កាន់តែធ្ងន់ធ្ងរទៅៗ។ លោក រី យ៉ុង-ហូ បានប្រកាសឡើងថា៖ «ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ទទួលស្គាល់ពីសិទ្ធិ ក្នុងការពារខ្លួន សម្រាប់គ្រប់បណ្ដារដ្ឋទាំងអស់»។

យន្ដហោះ ផ្ទុកគ្រាប់បែកច្រើនគ្រឿង

ការថ្លែងឡើង របស់រដ្ឋមន្ត្រីការបរទេសកូរ៉េកុម្មុយនីស្ដ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឯបូរីញ៉ូយក (សហរដ្ឋអាមេរិក) បានធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការហោះហើររបស់យន្ដហោះ សម្រាប់ទម្លាក់​គ្រាប់បែកច្រើនគ្រឿង របស់កងទ័ពអាមេរិក នៅក្បែរតំបន់ឆ្នេរនៃប្រទេសកូរ៉េខាងជើង។ មន្ទីរប៉ង់តាហ្គោន (Pentagone - ក្រសួងការពារជាតិអាមេរិក) បានអះអាងថា ការបង្ហោះយន្ដហោះទាំងនេះ នៅទីនោះ ជា«សារដ៏ច្បាស់លាស់»មួយ សម្រាប់របបក្រុងព្យុងយ៉ាង។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន អ្នកស្រី «Dana White» បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «យន្ដហោះអាមេរិក បានហោះពីលើកន្លែង ដែលស្ថិតនៅភាគខាងជើងបំផុត នៃតំបន់គ្មានយោធា ក្នុងឆកសមុទ្រកូរ៉េខាងជើង (...) ដោយចង់បញ្ជាក់ ពីទំហំនៃការយកចិត្តទុកដាក់​​ដ៏ម៉ឺងម៉ាត់របស់យើង ចំពោះចរិតប្រកបដោយគ្រោះថ្នាក់ របស់ប្រទេសកូរ៉េខាងជើង»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់