CNRP ទាមទារ​ឲ្យ កឹម សុខា មាន​វត្តមាន​ក្នុង​​សវនាការ​​ខាង​មុខ

គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ ទាមទារឲ្យលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ចាំបាច់ត្រូវមានវត្តមាន នៅក្នុងសវនាការ នៃសាលាឧទ្ធរណ៍ ដើម្បីដេញដោលជំទាស់ លើដីកាសម្រេច​ឃុំខ្លួន របស់ចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានី។
CNRP ទាមទារ​ឲ្យ កឹម សុខា មាន​វត្តមាន​ក្នុង​​សវនាការ​​ខាង​មុខ
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)

ការណ៍ដែលមិនអនុញ្ញាតិ ឲ្យលោក កឹម សុខា ចូលរួមក្នុងសវនាការ នឹងធ្វើឲ្យ«លទ្ធផលនៃការជំនុំជម្រះ មិនត្រឹមត្រូវតាមច្បាប់»។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ បានចេញផ្សាយនៅមុននេះ ដើម្បីទាមទារឲ្យលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ចាំបាច់ត្រូវមានវត្តមាន នៅក្នុងសវនាការ នៃសាលាឧទ្ធរណ៍ ដើម្បីដេញដោលជំទាស់ លើដីកាឃុំខ្លួន របស់ចៅក្រមសាលាដំបូង។

សេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំង ធ្វើឡើងក្រោយ​ពី​មាន​លិខិត​ ពី​មន្ត្រី​ពន្ធនាគារ​ត្រពាំងផ្លុង អំពី​បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​ក្នុង​ការ​នាំ​ខ្លួន​លោក កឹម សុខា មកចូលរួម​សវនាការ​ នៅ​រាជធានី​ភ្នំពេញ និងបន្ទាប់ពី​ការ​លើក​ឡើង ​របស់​អ្នកនាំ​ពាក្យ​សាលាឧទ្ធរណ៍ ដែលអះអាង អំពី​សវនាការ​ដែល​មិន​ចាំបាច់ ​មាន​វត្តមាន​លោក កឹម សុខា។

អ្នកនាំពាក្យ​ និង​ជាអគ្គលេខាធិការ​រង សាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ បានថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក កាល​ពី​ថ្ងៃម្សិលម៉ិញថា ​សាលាឧទ្ធរណ៍«​ចង់» ឲ្យ​មាន​វត្តមាន​លោក កឹម សុខា ចូលរួមក្នុង​សវនាការ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ខាង​មុខ។ ប៉ុន្តែ​លោក​អះអាងថា បើទោះជា​គ្មាន​វត្តមាន ​លោក កឹម សុខា នោះក៏​មិន​ប៉ះពាល់​ ដល់នីតិវិធី​ដែរ ដោយហេតុថា សវនាការនេះ ​ជា​សវនាការ​មុន​អង្គ​សេចក្ដី ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ នៅ​ក្រៅ​ឃុំ​តែប៉ុណ្ណោះ។

គណបក្សសង្គ្រោះជាតិ បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា កាចាប់ខ្លួន និងឃុំខ្លួនលោក កឹម សុខា ដែលជាអ្នកតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា ជាទង្វើខុសច្បាប់ ដែល«រំលោភយ៉ាងធ្ងន់ធ្ងរ លើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ»។ គណបក្សប្រឆាំង បានស្នើទៅសាលាឧទ្ធរណ៍ គោរពតាមនីតិវិធីជាធរមាន ដើម្បីធានា និងការពារសិទ្ធិរបស់ប្រធានគណបក្សខ្លួន ក្នុងការទទួលបានយុត្តិធម៌៕

» សេចក្ដីថ្លែងការណ៍ទាំងស្រុង៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់