ពលរដ្ឋ​ខ្មែរ-អាមេរិក ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ អ.ស.ប ក្នុង​ថ្ងៃ​សុក្រ​នេះ

បន្ទាប់ពីបាតុកម្ម នៅខាងមុខក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្ដាហ៍កន្លងទៅរួច ពលរដ្ឋខ្មែរ-អាមេរិកាំងនឹងប្រមូលគ្នា នៅថ្ងៃសុក្រទី២២ ខែកញ្ញានេះ ដើម្បីធ្វើការ​សំដែង​មតិ​បន្ត​ទៀត នៅខាងមុខអាគារ អង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូយក ចំពេលដែលមហាសន្និបាត របស់អង្គការកំពូលមួយនេះ កំពុងប្រព្រឹត្តិធ្វើ។
ពលរដ្ឋ​ខ្មែរ-អាមេរិក ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ អ.ស.ប ក្នុង​ថ្ងៃ​សុក្រ​នេះ
ប្រកាសស្ដីពី«មហាបាតុកម្ម» នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ការសំដែងមតិ របស់សហគមន៍ខ្មែរនៅក្រៅស្រុក ដើម្បីទាមទារ ឲ្យដោះលែង​ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួនយកទៅឃុំ កាលពីពីរសប្ដាហ៍មុន កំពុងបន្តមានសន្ទុះទៅមុខ និងមានគម្រោងធ្វើ ក្នុងថ្ងៃសុក្រទី២២ ខែកញ្ញានេះ វេលាម៉ោង១១ព្រឹក (ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២យប់ ថ្ងៃដដែល ម៉ោងក្នុងប្រទេសកម្ពុជា) នៅខាងមុខទីស្នាក់ការអង្គការសហប្រជាជាតិ កណ្ដាលទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។

ការជួបជុំគ្នា ធ្វើបាតុកម្ម របស់ពលរដ្ឋខ្មែរ-អាមេរិកាំងទាំងនេះ បានគ្រោងធ្វើនៅចំពេល ដែលអង្គការពិភពលោកមួយនេះ កំពុងធ្វើមហាសន្និបាត លើកទី៧២ របស់ខ្លួន ដោយមានវត្តមានចូលរួម ពីសំណាក់ប្រទេស និងរដ្ឋជាសមាជិក រាប់ទាំងប្រទេសកម្ពុជាផង។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នឹងតំណាងឲ្យប្រទេសកម្ពុជា ដើម្បីឡើងថ្លែង នៅចំពោះអង្គមហាសន្និបាតប្រចាំថ្នាំនេះ។

» ប្រកាសស្ដីពីបាតុកម្ម នៅខាងមុខទីស្នាក់ការ អ.ស.ប ក្នុងទីក្រុងញ៉ូយក សហរដ្ឋអាមេរិក៖

តំណាងអ្នករៀបចំបាតុកម្មម្នាក់ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃម្សិលម៉ិញថា បាតុកម្មរបស់ពលរដ្ឋខ្មែរ-អាមេរិកាំងនេះ មិនសំខាន់ថា មានវត្តមានលោក ប្រាក់ សុខុន ឬអត់នោះទេ ប៉ុន្តែជាបាតុកម្ម ដើម្បីបរិហារលើចំណាត់ការថ្មីៗ និងចុងក្រោយបង្អស់ របស់រដ្ឋាភិបាលកម្ពុជា   ប្រាប់ទៅពិភពលោក ជាពិសេសប្រាប់ទៅ បណ្ដាប្រទេសមហាអំណាច និងប្រទេសម្ចាស់ហត្ថលេខី នៃសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១។

តំណាងបាតុកររូបនោះ បានថ្លែងឡើង ពីគោលបំណងចំនួន ២ នៃការធ្វើបាតុកម្មថា (១) ស្នើសុំឲ្យពិភពលោក ធ្វើអន្តរាគមន៍ ដើម្បីដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (២) ស្នើសុំឲ្យពិភពលោក ជួយធានាធ្វើយ៉ាងណា ឲ្យមានការបោះឆ្នោត ដោយត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់គ្រប់ភាគីទាំងអស់ ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨។

បាតុកម្មនៅខាងមុខ ទីស្នាក់ការ អ.ស.ប ជាបាតុកម្មមួយទៀត នៅក្នុងចំណោមបាតុកម្មច្រើនទៀត ដែលសហគមន៍ខ្មែរនៅក្រៅស្រុក គ្រោងធ្វើក្នុងសប្ដាហ៍​នេះ និងសប្ដាហ៍ខាងមុខ។  នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ពលរដ្ឋខ្មែរ នៅអ៊ឺរ៉ុប បានគ្រោងធ្វើបាតុកម្ម ក្នុងគោលបំណងប្រហាក់ប្រហែល​គ្នា នៅខាង​មុខ​ឧត្តមស្នងការ​សិទ្ធិមនុស្ស ​របស់​អង្គការ​សហប្រជាជាតិ ដែលស្ថិតនៅ​ទីក្រុង ​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ខណៈបាតុកម្ម របស់​សហគមន៍​ខ្មែរ ក្នុងប្រទេស​កូរ៉េ​ខាង​ត្បូង នឹងត្រូវរៀបចំធ្វើ នៅ​ថ្ងៃអាទិត្យ ទី​០១ ខែតុលា​ ឆ្នាំ២០១៧ ដើមខែក្រោយ​៕

» ប្រកាសស្ដីពីបាតុកម្ម នៅមុខឧត្ដមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងទីក្រុង ហ្សឺណែវ ប្រទេសស្វីស៖

» ប្រកាសស្ដីពីបាតុកម្ម នៅក្នុងរដ្ឋធានី សេអ៊ូល សហរដ្ឋអាមេរិក៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់