រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង ប្រៀប​ប្រធានាធិបតី ត្រាំ ទៅ​នឹង​«សត្វ​ឆ្កែ»

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានលើកយកសុភាសិតកូរ៉េមួយ មកបញ្ជាក់ ដើម្បីប្រតិកម្មជាលើកដំបូង ទៅនឹងការគម្រាមរបស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលបានថ្លែងឡើង ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ។
រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង ប្រៀប​ប្រធានាធិបតី ត្រាំ ទៅ​នឹង​«សត្វ​ឆ្កែ»
ពីឆ្វេងទៅស្ដា៖ លោក ដូណាល់ ត្រា ប្រធានាធិបតីអាមេរិក និងលោក គីម ជុង-អ៊ុន មេដឹកនាំកូរ៉េខាងជើង។ (រូបថតឯកសារ)

ប្រមុខការទូត របស់ប្រទេសកូរ៉េកុម្មុយនីស្ដ បានប្រៀបធៀបការគម្រាមខ្លាំងៗ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារកន្លងមកនេះ ក្នុងមហាសន្នីបាតអង្គការសហប្រជាជាតិ ទៅនឹង«សត្វឆ្កែព្រុស»។ លោកបានឲ្យដឹងថា ការគម្រាមរបស់ប្រធានាធិបតីអាមេរិក នឹងមិនធ្វើឲ្យកូរ៉េខាងជើង ភិតភ័យអ្វីឡើយ។

លោក ដូណាល់ ត្រាំ បានយកឱកាស នៃការថ្លែងរបស់លោក ជាលើកដំបូង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីធ្វើការព្រមាន ទៅកាន់ «បច្ចាមិត្រ»ទាំងឡាយ ជាពិសេសប្រទេសកូរ៉េខាងជើង ដោយហៅមេដឹកនាំប្រទេសកុម្មុយនីស្ដមួយនេះ ថាជា«បុរសគ្រាប់ផ្លោង» ដែលកំពុងបោះជំហាន ចូលក្នុង«បេសកកម្មអត្តឃាត»មួយ។

ប្រធានាធិបតីអាមេរិក បានថ្លែងថា៖ «សហរដ្ឋអាមេរិក មានកម្លាំងសព្វគ្រប់បែបយ៉ាង និងមានការអត់ធ្មត់ជាទីបំផុត។ តែបើគេរុញសហរដ្ឋអាមេរិក ឲ្យចាំបាច់ធ្វើការការពារខ្លួន និងសម្ព័ន្ធមិត្តរបស់ខ្លួននោះ យើងនឹងមិនមានជម្រើសអ្វី ក្រៅពីកំទេចប្រទេសកូរ៉េខាងជើង ទាំងមូល។»។

ការគម្រាមរបស់លោក ត្រាំ បានធ្វើឡើង នៅក្នុងបរិយាកាស ដែលចេះតែតានតឹងឡើងៗ ជុំវិញកម្មវិធីផលិត​សព្វាវុធនុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាង បើទោះជាមានការថ្កោលទោស ពីសំណាក់សហគមន៍អន្តរជាតិ និងការដាក់ទណ្ឌកម្ម ពីសំណាក់អង្គការសហប្រជាជាតិក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ របបដឹកនាំកុម្មុយនីស្ដ ទើបនឹងធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើកទី៦របស់ខ្លួន កាលពីដើមខែកញ្ញានេះ បន្តពីការសាកល្បង បាញ់កាំជ្រួចរយៈឆ្ងាយ ដែលមានបំពាក់ក្បាលគ្រាប់បែក ហោះរំលងពីលើប្រទេសជប៉ុន នោះផងទៀត។

«យល់សប្ដិ ដូចសត្វឆ្កែមួយក្បាល»

ប៉ុន្តែការថ្លែងរបស់ប្រធានាធិបតីអាមេរិក បានរងប្រតិកម្ម ពីសំណាក់ប្រទេសកូរ៉េខាងជើងវិញ ដោយប្រៀបធៀប ការគម្រាមនេះ ទៅនឹង«សត្វឆ្កែព្រុស» និងប្រៀបធៀបលោក ត្រាំ ទៅនឹង«សត្វឆ្កែ»មួយក្បាល។

លោក រី យ៉ុង-ហូ (Ri Yong-ho) រដ្ឋមន្ត្រីការបរទេសកូរ៉េកុម្មុយនីស្ដ ដែលត្រូវមកចូលរួម ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិដែរនោះ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងខណៈលោកជាន់ជើង ដល់ក្រុងញ៉ូយកភ្លាម កាលពីថ្ងៃពុធថា៖ «មានសុភាសិតមួយ បានពោលថា "ឆ្កែ​ចេះ​តែ​ព្រុស មនុស្ស​ចេះ​តែ​ដើរ"។ បើសិនជាគាត់ (លោក ដូណាល់ ត្រាំ) ជឿថា អាចធ្វើឲ្យយើងតក់ស្លុត ជាមួយនឹងសម្លេងឆ្កែព្រុសនោះ គឺវាច្បាស់ណាស់ហើយថា គាត់កំពុងយល់សប្ដិ ដូចសត្វឆ្កែមួយក្បាលដូច្នេះ។»។

ប្រទេសកូរ៉េខាងជើង បានអះអាងក្នុងពេលកន្លងមកថា កម្មវិធីផលិតសព្វាវុធរបស់ខ្លួន ធ្វើឡើងដើម្បីជាការចាំបាច់ ក្នុងការការពារខ្លួន ទល់នឹងសហរដ្ឋអាមេរិក។ ប្រទេសកុម្មុយនីស្ដ បានរំពឹងដែរថា ខ្លួនបានបោះជំហានយ៉ាងសំខាន់ ក្នុងកម្មវិធីនេះ ដោយពង្រីកសមត្ថភាពបាញ់កាំជ្រួច ដែលមានបំពាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅដល់ទឹកដីអាមេរិក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់