«បើ ណីម៉ា និង អ៊ឹមបាប៉េ ចុះ​ហត្ថលេខា​ទាត់​ឲ្យ​ក្រុម​ប៉ារីស ខ្ញុំ​នឹង​ស្រាត​ជិះ​ម៉ូតូ...»

អ្នកគាំទ្រក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស មួយរូប បានគោរពសំដីរបស់ខ្លួន ដែលបាន«ភ្នាល់»​កាលពីប់ុន្មានខែមុន នៅលើបណ្ដាញសង្គម ដោយបានស្រាតនៅពេលនេះ ជិះម៉ូតូកាត់តាមមហាវិថី ឆ្សង់អេលីហ្សេរ (Champs-Elysées) ដ៏ធំ បង្កឲ្យមានការភ្ញាក់ផ្អើល ចង់មួយចំហៀងអ៊ឺរ៉ុប។
«បើ ណីម៉ា និង អ៊ឹមបាប៉េ ចុះ​ហត្ថលេខា​ទាត់​ឲ្យ​ក្រុម​ប៉ារីស ខ្ញុំ​នឹង​ស្រាត​ជិះ​ម៉ូតូ...»
ចនណាតង់ អ្នកគាំទ្របាល់ទាត់ ដែលចាញ់ការភ្នាល់ តាមពាក្យសំដីរបស់ខ្លួន បានស្រាតជិះម៉ូតូ កាលពីមហាវិថីដ៏ល្បី នៃរដ្ឋធានីប៉ារីស។ (រូបថតផ្តិតពីវីដេអូ)

«បើ ណីម៉ា (Neymar) និងអ៊ឹមប៉ាប៉េ (Kylian Mbappé) ចុះហត្ថលេខាទាត់ឲ្យក្រុម ប៉ារីស នោះខ្ញុំនឹងស្រាតចុះជិះម៉ូតូ តាមមហាវិថី ឆ្សង់អេលីហ្សេ (Champs-Elysées)» នេះ ជាពាក្យសំដី«ភ្នាល់»​របស់ ចនណាតង់ (Jonathan) អ្នកគាំទ្រមួយរូប របស់ក្រុមបាល់ទាត់ ប៉ារីសហ្សាំងហ្សែរម៉ាំង (Paris Saint-Germain) ដែលបានសរសេរបង្ហោះ នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ នៅក្នុងពេលវេលា​នៃការផ្លាស់ប្ដូរកីឡាករ និងបន្ទាប់ពីសារពត៌មានជាច្រើន បានចុះផ្សាយពីពាក្យចចាមអារាម ដែលថាក្រុមប៉ារីស មានគម្រោងទិញ​យក​កីឡាករ​ទាំង​ពីរ​ខាង​លើ មកទាត់ឲ្យខ្លួន។

ជាងមួយខែក្រោយមក ពាក្យសំដីខាងលើនេះ ត្រូវបានម្ចាស់ខ្លួន យកមកអនុវត្តន៍ពិតប្រាកដមែន។ កាលពីព្រឹកព្រហមា ថ្ងៃអាទិត្យកន្លងមកនេះ នៅលើដងមហាវិថីដ៏ល្បីនៃរដ្ឋធានី ប៉ារីស បុរសឈ្មោះ ចនណាតង់ បានស្រាតអង្គុយបើកម៉ូតូរបស់ខ្លួន ដោយមានអមមកជាមួយ នូវអ្នកគាំទ្រជាច្រើននាក់ ផ្សេងទៀត។ នៅក្នុងវីដេអូ (ខាងក្រោម) ដែលបង្ហោះដោយក្រុមអ្នកគាំទ្រក្រុមប៉ារីស បានសរសេរបន្ថែមថា៖ «នៅរដ្ឋធានី ប៉ារីស យើងគោរពការភ្នាល់របស់យើង»។

ការគោរពពាក្យសំដីរបស់ខ្លួន របស់អ្នកគាំទ្រក្រុមប៉ារីសរូបនេះ ក៏ជាសារមួយ ប្រាប់ទៅអ្នកគាំទ្រក្រុមបាល់ទាត់ ដៃគូប្រជែងផ្សេងទៀត ដែលបានធ្វើការភ្នាល់​ប្រហាក់ប្រហែលគ្នា នៅពេលនោះ ព្រោះនៅពេលដែលព័ត៌មាន នៃពាក្យចចាមអារាម ស្ដីពីការផ្ទេរកីឡាករទាំងពីរបានផ្ទុះឡើង គ្មាននរណាម្នាក់ជឿថា វានឹងអាចក្លាយជាការពិតបាននោះទេ។

កីឡាករ ណីម៉ា ត្រូវបង់ថ្លៃរំលោះកិច្ចសន្យា ឲ្យក្រុមប៉ាសឺឡូន (Barcelone FC) រហូតដល់ទៅ ២២២លានអ៊ឺរ៉ូ ដែលមិនធ្លាប់មាន ក្នុងប្រវត្តិនៃការផ្ទេរកីឡាករកន្លងមក ខណៈកីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) អតីតកីឡាកររបស់ក្រុម ម៉ូណាកូ (Monaco FC) ក៏មានតម្លៃមិនថោកដែរ (១៨០លានអ៊ឺរ៉ូ) ហើយថែមទាំងត្រូវក្រុម ម៉ូណាកូ អះអាងថាមិនចង់លក់កីឡាកររូបនេះ ឲ្យទៅក្រុមប៉ារីសនោះទៀតផង។ ប៉ុន្តែ នៅថ្ងៃនេះ កីឡាករទាំងពីរបានចុះហត្ថលេខា និងកំពុងទាត់ឲ្យក្រុមប៉ារីស និងនាំជ័យជំនះរហូត ឲ្យក្រុមបាល់ទាត់ថ្មី របស់ពួកគេ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់