ហ៊ុន សែន ហៅ​ពលរដ្ឋ​ឲ្យ​ប្រកាន់​នយោបាយ​ជាតិ​និយម ប្រឆាំង​អាមេរិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងខ្លាំងៗនៅថ្ងៃនេះ ឲ្យពលរដ្ឋកម្ពុជាងើបឡើង ប្រើប្រាស់«ស្មារតីជាតិនិយម» ដើម្បីអ្វីមួយ ដែលបុរសខ្លាំងកម្ពុជា ហៅថា ជាសេរីភាព ឯករាជ្យ អធិបតេយ្យជាតិកម្ពុជា នៅក្នុងការលើកឡើងរបស់លោក ប្រតិកម្មទៅនឹង​ចំណាត់ការមួយចំនួន ពីសំណាក់រដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ។
ហ៊ុន សែន ហៅ​ពលរដ្ឋ​ឲ្យ​ប្រកាន់​នយោបាយ​ជាតិ​និយម ប្រឆាំង​អាមេរិក
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត Reuters)

«ជនរួមជាតិ សូមមេត្តាក្រោកឈរឡើង ប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែក របស់បរទេស» នេះ ជាការថ្លែងឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងប្រតិកម្មជាសាធារណៈមួយ តបទៅនឹងរដ្ឋបាលរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចេញចំណាត់ការ ផ្អាកការផ្ដល់ទិដ្ឋការប្រភេទ «មិនអន្តោប្រវេសន៍» ទៅឲ្យមន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា។

នៅក្នុងវោហាស័ព្ទប្រតិកម្មខ្លាំងៗ នៅថ្ងៃនេះ ចំពោះកម្មករ-កម្មការិនីច្រើនរយនាក់ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកនោះ បានថ្លែងដាក់«កំហិត» ឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ត្រូវចេញមុខមកបកស្រាយ ពីការលើកឡើងកាលពីជិត៤ឆ្នាំមុន របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ លោកថា៖ «ខ្ញុំចង់សួរឯកឧត្ដម ឲ្យឆ្លើយបំភ្លឺ តើសំដី កឹម សុខា ត្រឹមត្រូវឬអត់ ព្រោះយើងមិនបានចោទប្រកាន់ សហរដ្ឋអាមេរិកទេ តែ[គឺ] កឹម សុខា ទេ ដែលបានចោទប្រកាន់អាមេរិក ដែលបានណែនាំ ពីវិធីផ្ដួលរំលំ ផ្លាស់ប្ដូរ តាមរបៀបនៅយូហ្គោស្លាវី និងសែប៊ី ហើយបញ្ជូនសាស្ត្រាចារ្យ មកអនុវត្តនៅកម្ពុជា»។

ប្រធានគណបក្សកាន់អំណាចរូបនេះ បានឆ្លើយដោយខ្លួនលោកថា៖ «ប្រហែលអគ្គរដ្ឋទូតនេះ គ្មានសមត្ថភាពបកស្រាយទេ។ (...) ឯកឧត្តមមិនអាចរួច ពីការទទួលខុសត្រូវ ទៅលើការបកស្រាយ លើបញ្ហានេះទេ។ (...) ជនរួមជាតិ សូមមេត្តាក្រោកឈរឡើង ប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែក របស់បរទេស។ អតីតកាលដ៏ឈឺចាប់ ដោយសារការឈ្លានពាន របស់ពួកចក្រពត្តិអាមេរិក យើងមិនទាន់ភ្លេចទេ (...) រឿងរ៉ាវបានចាប់ផ្ដើមសារជាថ្មី។»។

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចំណងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានស្គាល់ភាពរកាំរកូស បន្ទាប់វិធានការជាច្រើន របស់រដ្ឋាភិបាលកម្ពុជា ប្រឆាំង(ស្ថាប័ន)អាមេរិក បានកើតមាន រាប់ចាប់តាំងពីការបិទអង្គការ «វិទ្យាស្ថានជាតិ ដើម្បីប្រជាធិបតេយ្យ (NDI)» និងការបណ្ដេញបុគ្គលិកបរទេស របស់អង្គការនេះ ចេញពីប្រទេសកម្ពុជានោះមក។

ព្រឹត្តិការណ៍ដែលធ្ងន់ធ្ងរជាងនេះ គឺសហរដ្ឋអាមេរិកត្រូវបានរដ្ឋាភិបាលកម្ពុជា ចោទកាលពីសប្ដាហ៍មុនថា បាននៅពីក្រោយគម្រោងការមួយ ឬជាបាតដៃទី៣ នៃការអនុវត្តគម្រោងការមួយ ដែលមានប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា «ជាអាយ៉ង» និងដែលរដ្ឋាភិបាលកម្ពុជាអះអាង ជាការធ្វើ«បដិវត្តន៍ពណ៌»នៅកម្ពុជា ដើម្បីរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ចេញពីអំណាច។

ការចោទនោះ ធ្វើឡើងបន្ទាប់ពីវីដេអូនៃការថ្លែងមួយ របស់លោក កឹម សុខា កាលពីជិត៤ឆ្នាំមុន ត្រូវបានយកមកបង្ហោះសារជាថ្មី នៅលើបណ្ដាញផ្សព្វផ្សាយឡើងវិញ កាលពីពីរសប្ដាហ៍មុន។ រដ្ឋាភិបាលកម្ពុជា បានហៅការថ្លែងឡើងនេះ ថាជាកាបំផ្លិចបំផ្លាញកម្ពុជា និងបានចាប់ខ្លួនលោក កឹម សុខា ពីបទ«ក្បត់ជាតិ»។

កាលពីម្សិលម្ងៃ ឯកអគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ហេត (William A. Heidt) បានថ្លែងនៅចំពោះក្រុមអ្នកសារព័ត៌មាន លើកឡើងពីក្ដីទោមនស្ស ប្រកបដោយការឈឺចាប់របស់លោក នៅចំពោះការចោទប្រកាន់ខាងលើ ដោយបានចោទទុក វោហាស័ព្ទប្រឆាំងអាមេរិកនេះ ជា«ការចោទប្រកាន់ គ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា»។

ចំណងទាក់ទង រវាងប្រទេសទាំងពីរ បានស្គាល់ភាពល្អក់កករ កាន់តែខ្លាំងថែមទៀត នៅក្នុងចំណាត់ការថ្មីមួយ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ដោយស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ប្រកាសផ្អាក​លែងផ្ដល់ទិដ្ឋការប្រភេទ «មិនមែនអន្តោប្រវេសន៍» ទៅឲ្យមន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា រាប់ចាប់តាំងពីថ្នាក់អគ្គនាយកឡើងទៅ រួមទាំងក្រុមគ្រួសារ របស់មន្ត្រីទាំងនោះផង។

ស្ថានទូតអាមេរិក នៅបានផ្សាយ​សេចក្ដី​ជូនដំណឹងមួយទៀត ក្នុងយប់ថ្ងៃទី១៣ ខែកញ្ញាដដែល ព្រមានពលរដ្ឋរបស់ខ្លួន ដែលកំពុងស្នាក់នៅក្នុង និងធ្វើដំណើរទៅកាន់ ប្រទេសកម្ពុជា ឲ្យប្រុងប្រយ័ត្នពីបញ្ហាសន្តិសុខ និងសុវត្ថិភាព ដែលស្ថានទូតគិតថា នឹងអាចកើតមានឡើង ជាមួយនឹងព្រឹត្តិការណ៍ថ្មីៗ ចុងក្រោយបង្អស់នេះ។

សេចក្ដីជូនដំណឹងនោះ បានសរសេរថា៖ «ទោះបីស្ថានទូត មិនមានព័ត៌មានជាក់លាក់ ទាក់ទងនឹងការធ្វើបាតុកម្ម ឬបញ្ហាសន្តិសុខ ដែលអាចមាន ក្នុងពេលនេះក៏ដោយ តែយើងសូមអំពាវនាវ ដល់ពលរដ្ឋអាមេរិកទាំងអស់ ឱ្យប្រុងប្រយ័ត្ន។ សូម្បីតែការធ្វើបាតុកម្ម ឬព្រឹត្តិការណ៍ ដែលត្រូវបាន​បង្កើតឡើង ក្នុងលក្ខណៈអហិង្សាក៏ដោយ ក៏ហេតុការណ៍អាចប្រែក្លាយ ជាការប្រឈមមុខ និងអាចឈានទៅដល់អំពើហិង្សា ដោយមិនអាចដឹងជាមុន។»។

តបនឹងការព្រមានរបស់ស្ថានទូតអាមេរិក សម្រាប់ពលរដ្ឋរបស់គេខាងលើនេះ លោក ហ៊ុន សែន បានប្រតិកម្មនៅថ្ងៃនេះ សួររកភស្ដុតាង ថាតើកម្ពុជា កំពុងស្ថិតក្នុងហេតុការណ៍ នៃការវាយប្រហារ ដោយអំពើភេវរកម្មឬ? លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «ខ្ញុំចង់សួរឯកឧត្ដម តើឯកឧត្ដមមាន ភស្ដុតាងឬព័ត៌មាន ដែលបង្ហាញពីការវ៉ៃភេរវកម្ម ក្នុងកម្ពុជាឬ? បើសិនជាមាន ម៉េចឯកឧត្ដមមិនចែករំលែក ឲ្យកម្ពុជា? (...) ឬឯកឧត្ដមត្រៀមបំរុង ដើម្បីបាញ់មីស៊ីលចូលកម្ពុជា? (...) តើឯកឧត្ដមត្រៀមវ៉ៃប្រហារ ចូលកម្ពុជា ទើបឲ្យជនជាតិអាមេរិក ត្រូវប្រុងប្រយ័ត្ន?»។

នាយករដ្ឋមន្ត្រី​បីទសវត្សន៍ជាង របស់កម្ពុជា បានពន្យល់ថា៖ «នេះ ជាសំនួរដែលខ្ញុំចង់សួរ អគ្គរដ្ឋទូតអាមេរិក ដែលជាអគ្គរដ្ឋទូតមួយ ក្នុងចំណោមអគ្គរដ្ឋទូតពីរ ដែលធ្វើសកម្មភាព​ទាំង​ងងើល រំលោភលើឯករាជ្យ អធិបតេយ្យភាពកម្ពុជា»៕ 


Loading...

អត្ថបទទាក់ទង


មតិ-យោបល់